website_news:2021230208

ពលករខ្មែរនៅប្រទេសថៃត្អូញត្អែរពីផលលំបាក ក្រោយអាជ្ញាធរថៃរឹតបន្តឹង

https://www.rfa.org/khmer/ ដោយ សុជីវី 2021-02-22

ពលករខ្មែរធ្វើការនៅប្រទេសថៃ ត្អូញត្អែរពីផលលំបាករបស់ខ្លួន ក្រោយរដ្ឋាភិបាលកម្ពុជាហាមប្រាមមិនឱ្យពលកររបស់ខ្លួនឆ្លងដែនចូលទឹកដីកម្ពុជា ស្របពេលប្រទេសថៃធ្វើការរឹតបន្តឹងចំពោះពលករបរទេសខុសច្បាប់។ មន្ត្រីធ្វើការផ្នែកសិទ្ធិពលករយល់ថា រដ្ឋាភិបាលកម្ពុជាហាក់ខ្វះចន្លោះក្នុងការបំពេញការងារតាមតួនាទី និងមិនសូវយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់ពលករក្រៅប្រទេសនោះទេ។ ពលករធ្វើការខុសច្បាប់នៅប្រទេសថៃមួយចំនួន កំពុងរស់នៅក្នុងជីវភាពលំបាក គ្មានការងារធ្វើ គ្មានប្រាក់ចំណូល និងបារម្ភអំពីការចាប់ខ្លួន ក្រោយរដ្ឋាភិបាលថៃចាប់ផ្ដើមចុះឆែកឆេរ ត្រួតពិនិត្យច្រើនជាងមុនលើពលករបរទេស។ ពួកគេទទូចឱ្យរដ្ឋាភិបាលកម្ពុជាជួយអន្តរាគមន៍ចំពោះពលករខ្មែរដែលកំពុងធ្វើការខុសច្បាប់នៅប្រទេសថៃនិងបន្ធូរបន្ថយការរឹតបន្តឹងតាមច្រកព្រំដែន។

ពលករខ្មែរធ្វើការនៅប្រទេសថៃលោក នួន បុណ្យ រៀបរាប់ថា លោកបានចុះបញ្ជីការងារនៅប្រទេសថៃរួចហើយ ប៉ុន្តែលោកពុំទាន់មានថៅកែដែលធានាចំពោះការងាររបស់លោក ឱ្យស្របតាមគោលការណ៍របស់រដ្ឋាភិបាលថៃនៅឡើយ។ លោកបន្តថា ការរឹតបន្តឹងរបស់រដ្ឋាភិបាលទាំង២ ធ្វើឱ្យលោកពិបាកក្នុងការរកថៅកែ ដើម្បីធានាចំពោះរឿងនេះ។ លោកថា អាជ្ញាធរថៃចាប់ផ្ដើមចុះត្រួតពិនិត្យជាច្រើន កន្លែងធ្វើឱ្យលោក និងពលករផ្សេងទៀត ពុំហានចេញដើរផ្ដេសផ្ដាសនោះទេ។ លោកត្អូញត្អែរថា លោកកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ ដោយសារលោកពុំមានការងារច្បាស់លាស់មួយកន្លែងនោះទេ ពោលគឺលោកត្រូវចល័តគ្រប់កន្លែង និងមិនទៀងទាត់ដើម្បីស្វែងរកការងារធ្វើ។ លោកស្នើឱ្យរដ្ឋាភិបាលកម្ពុជា ជួយគិតគូរដល់ពលករដែលកំពុងរស់នៅប្រទេសថៃ ដែលពុំមានឯកសារការងារស្របច្បាប់ និងលាក់បំពួនដោយសារភ័យខ្លាចអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់ទៅវិញ៖ «សព្វថ្ងៃនេះ ខ្ញុំនិយាយទៅចេញពីកន្លែងមួយ ចូលកន្លែងមួយ និយាយពីការងារវាមិនបានថិតថេរ។ ទៅកន្លែងនោះក៏គ្មានការងារធ្វើ ទៅកន្លែងនេះ ក៏គ្មានការងារទេអ៊ីចឹង ហីថវិកាយើងក៏តិចតួចអ៊ីចឹង។ ខ្ញុំសុំស្នើដល់រដ្ឋាភិបាលខ្មែរហ្នឹង ដោះស្រាយពីរឿងពលករក្នុងប្រទេសថៃហ្នឹង គ្នាដាច់ការងារគ្រប់តែគ្នា។ និយាយទៅមាន ដល់គាត់អត់លុយ ហើយចាក់បានតែហូបមួយគាៗហ្នឹង»។

តំណាងពលករធ្វើការនៅប្រទេសថៃលោកស្រី ឈៀត ណៃ ថ្លែងថា ពលករជាច្រើនកំពុងធ្លាក់ខ្លួនលំបាក និងរស់នៅលាក់ពួនដោយសារខ្លាចអាជ្ញាធរថៃចាប់ខ្លួន។ លោកស្រីបន្តថា ពលករមួយចំនួន មិនមានឯកសារការងារ ដោយសាររដ្ឋាភិបាលថៃបានបិទបញ្ចប់ការចុះបញ្ជីធ្វើប័ណ្ណការងារ ខ្លះទៀតត្រូវថៅកែកិបកេងមិនបើកប្រាក់ជូនពួកគេ និងដកហូតឯកសាររបស់ពួកគេទុកជាដើម។ លោកស្រីថា អំឡុងពេលរឹតបន្តឹងនេះ ពលករជាច្រើន ត្រូវអាជ្ញាធរថៃចាប់ខ្លួន និងត្រូវបង់ប្រាក់ផាកពិន័យជាច្រើនសែនបាតឱ្យទៅប៉ូលិស ដើម្បីដោះដូរនឹងសេរីភាព ប៉ុន្តែពួកគេក្លាយជាកូនបំណុលរបស់គេទៅវិញ។ លោកស្រីទទូចឱ្យរដ្ឋាភិបាលកម្ពុជា គួរជំរុញទៅរដ្ឋាភិបាលថៃ ដើម្បីពិនិត្យ និងរៀបចំឯកសារឱ្យពលករទាំងនោះឱ្យស្របច្បាប់ឡើងវិញ ក្នុងពេលដែលមានការរឹតបន្តឹងបែបនេះ៖ «អូយ! អ្នកដែលគ្នាអត់ស្របច្បាប់ គឺជួបការលំបាកច្រើនណាស់សម័យកូវីដនេះ។ គ្នាមកគ្នាដើម្បីថា រកដោះលុយរដ្ឋ ដល់ពេលមកចេះទៅប៉ះចាប់ៗចេះទៅ ហើយ ស៊ុង (បញ្ជូន) គ្នាទៅផ្ទះវិញ គ្នាបានលុយអី? ហើយខ្ញុំ គេ បរិស័ទគេយកលុយពីខ្ញុំ ក៏ខ្ញុំក៏បង់ឱ្យគេហ៊្វ្រីទៅ ជាបញ្ហា អូយ!យ៉ាប់ណាស់»។ អាស៊ីសេរីបានព្យាយាមទាក់ទងទៅ អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំការឆ្លើយតបចំពោះករណីនេះ នៅថ្ងៃទី២១ កុម្ភៈ ដោយទូរស័ព្ទចូល ប៉ុន្តែពុំមានអ្នកទទួល។ ក្រសួងការងារថៃ បានបើកឱ្យពលករបរទេសចុះឈ្មោះធ្វើប័ណ្ណស្នាក់នៅ និងធ្វើការស្របច្បាប់ក្នុងប្រទេសថៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៣ ខែកុម្ភៈ។ ដំណើរការនៃការចុះឈ្មោះនេះ អាជ្ញាធរថៃ តម្រូវឱ្យពលករបង់ប្រាក់ប្រមាណ ៩ពាន់បាត (៩.០០០) ស្មើនឹងប្រមាណ ៣រយដុល្លារអាមេរិក (៣០០)។ កាលបរិច្ឆេទនេះ បានផុតកំណត់ និងពលករជាច្រើនទៀតនៅតែបន្តរស់នៅខុសច្បាប់ដដែល។ រីឯរដ្ឋាភិបាលកម្ពុជាវិញ មិនបានអើពើ ឬចាត់វិធានការណាមួយ ដើម្បីជួយដល់ពលករទាំងនោះទេ ថែមទាំងចេញបទបញ្ជាថ្មីឱ្យអាជ្ញាធរនៅតាមព្រំដែន រឹតបន្តឹង និងហាមមិនឱ្យពលករខ្មែរឆ្លងដែនចូលប្រទេសខ្លួនទៅវិញ។

មន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកសិទ្ធិការងារលោក ឌីថេ ហូយ៉ា ឱ្យដឹងថា អាជ្ញាធរគួរយកចិត្តទុកដាក់ចំពោះពលករដែលកំពុងរស់នៅខុសច្បាប់ក្នុងប្រទេសថៃ។ លោកបន្តថា ការហាមប្រាមមិនឱ្យពលករខ្មែរឆ្លងដែនចូលទឹកដីរបស់ខ្លួននេះ គឺជារឿងមិនសមហេតុផលនោះទេ ក្នុងពេលដែលពលករទាំងនោះកំពុងជួបបញ្ហាជាមួយអាជ្ញាធរថៃ។ លោកទទូចឱ្យរដ្ឋាភិបាលថៃគួរមានការយោគយល់បន្ថែមចំពោះពលករទាំងនោះ ដោយពន្យារពេលក្នុងការចុះបញ្ជី និងធ្វើឯកសារជូនពួកគេ ហើយពលករគួរមានភាពក្លាហានក្នុងការតស៊ូមតិ ទាមទារសិទ្ធិ និងការគាំពារពីរដ្ឋាភិបាលកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជាគួរពង្រឹងការងារ និងការយកចិត្តទុកដាក់លើពលករបន្ថែមទៀត ដើម្បីកុំឱ្យមានការរិះគន់កាន់តែខ្លាំង៖ «ការត្រឡប់មកវិញឬមិនត្រឡប់មកវិញនេះ គឺជាជម្រើសរបស់គាត់ ឧទាហរណ៍ថា បើគាត់អត់មានការងារធ្វើ អត់មានប្រាក់ចំណូល បើមិនឱ្យគាត់ត្រឡប់មកវិញ ហើយតើគោលនយោបាយរបស់រដ្ឋហ្នឹងឆ្លើយតបការអត់មានការងារធ្វើរបស់គាត់ឬក៏អត់។ នៅថៃនេះ ខ្ញុំយល់ថា ក្នុងកាលៈទេសៈនេះថៃនៅមិនទាន់បើកប្រទេសនៅឡើយក៏ប៉ុន្តែបើសិនជាគាត់អត់មានការងារធ្វើ ហើយយើងហាមមិនឱ្យគាត់មក តើគាត់រស់នៅរបៀបម៉េច?»

អាជ្ញាធរកម្ពុជានិងថៃបានបិទច្រកទ្វារព្រំដែនប្រទេសទាំងពីរនៅខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ហើយរហូតមកទល់ពេលនេះ មិនទាន់បើកដំណើរការឡើងវិញនៅឡើយទេ។ ការបិទច្រកព្រំដែននេះ បានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ដោយសារពួកគាត់អត់ការងារធ្វើ។ ជាមួយគ្នានេះអាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសថៃ រួមមានខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យ ជាដើម បានបន្ថែមកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ ចុះត្រួតពិនិត្យតឹងតែងនៅតំបន់ព្រំដែន ដើម្បីទប់ស្កាត់ពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា ដោយពុំបានធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ។ ពលករខ្មែរឱ្យដឹងថា ពួកគាត់នៅពេលនេះ កំពុងស្ថិតក្នុងស្ថានភាពលំបាកខ្លាំងដោយរស់នៅនិងធ្វើការប្រទេសថៃមិនបាន ហើយចង់វិលទៅកម្ពុជាវិញក៏មិនកើត ប្រៀបដូចជាចុះទឹកជួបក្រពើ ឡើងលើជួបខ្លាដូច្នោះដែរ៕

website_news/2021230208.txt · Last modified: 2021/02/23 13:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki