website_news:2021230302

សមត្ថកិច្ចកំពុងសហការជួយនារីចាញ់បោកមេខ្យល់នាំទៅចិន

https://www.postkhmer.com/ គឹម សារុំ | Publication date 19 March 2021 | 11:59 ICT

ព្រះវិហារ៖ នគរបាលប្រឆាំងការជួញដូរមនុស្សខេត្តព្រះវិហារ កំពុងសហការជាមួយសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិជួយដល់នារីខ្មែរម្នាក់ពីប្រទេសចិន បន្ទាប់ពីនារីរងគ្រោះរូបនេះ លើកដៃសំពះបង្ហោះតាមហ្វេសប៊ុកពីប្រទេសចិន សុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរំដោះនាងមកប្រទេសកម្ពុជា វិញ។

លោកស្រីឧត្តមសេនីយ៍ត្រី ប្រាំង ធីតា ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តព្រះវិហារបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីថ្ងៃ ១៧ មីនាថា នារីរងគ្រោះនោះ ឈ្មោះ អ៊ន សុខជី អាយុ ១៧ ឆ្នាំ រស់នៅភូមិអូរខ្លែងពណ៌ឃុំប៉ាលហាល ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ករណីនេះសមត្ថកិច្ចរបស់លោកស្រីកំពុងសហការជាមួយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងការបរទេសកម្ពុជា និងស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីជួយអន្តរាគមន៍រំដោះនារីរងគ្រោះយកមកកម្ពុជាវិញ។ លោកស្រីបន្តថា នារីរងគ្រោះបានបង្ហោះសារក្នុងវីដេអូពីថ្ងៃទី ៤ មីនា ឆ្នាំ ២០២១ ប៉ុន្តែនាងមិនបានបញ្ជាក់ពីទីតាំង ឬតំបន់ដែលនាងកំពុងរស់នៅប្រទេសចិន ឲ្យបានច្បាស់ទេ ដោយគ្រាន់តែរៀបរាប់ពីទុក្ខលំបាកដែលត្រូវគេលក់នាងបន្តពីម្នាក់ទៅម្នាក់ប៉ុណ្ណោះ។ លោកស្រី ធីតា បញ្ជាក់ថា៖ «ការងារនេះយើងកំពុងតែធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៅភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ។ តែយើងពិបាកស្រាវជ្រាវព្រោះមិនដឹងថា នាងនៅតំបន់ណាក្នុងប្រទេសចិន តែយើងបន្តស្រាវជ្រាវទៀត»។

ពាក់ព័ន្ធករណីនេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមិនអាចសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ ដោយទូរស័ព្ទលោកគ្មានអ្នកទទួល។ រីឯលោក ជីវផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឆ្លើយតាមទូរស័ព្ទថា លោកកំពុងរវល់មិនអាចឆ្លើយជូនបាន។ យ៉ាងណាក្ដីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ពីថ្ងៃ ១៧ មីនាថា ករណីនេះ សមត្ថកិច្ចជំនាញកំពុងសហការជាមួយប្រទេសចិន រួចហើយ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ លោកមិនទាន់ដឹងពីលទ្ធផលទេ។

ក៏ប៉ុន្តែបើតាមលោកស្រី ប្រាំង ធីតា ករណីនេះ សមត្ថកិច្ចលោកស្រីធ្លាប់បានឃាត់់ខ្លួនស្ត្រីឈ្មោះ ខេង ហ៊ុន អាយុ ៥៥ ឆ្នាំ និងស្ត្រីឈ្មោះ វឿន ភ័ណ្ឌ អាយុ ៤៤ ឆ្នាំ ដាក់ពន្ធនាគារតាមបណ្តឹងរបស់ម្តាយនារីរងគ្រោះកាលពីឆ្នាំ ២០២០ ពាក់ព័ន្ធនឹងការជួយសម្រួលឲ្យកូនស្រីគាត់ឈ្មោះ អ៊ន សុខជី ទៅចិន។

តាមរយៈរូបភាពនារីរងគ្រោះបង្ហោះបានរៀបរាប់ថា នាងសូមលើកម្រាមដៃ ១០ ឲ្យបងប្អូនខ្មែរជួយយកនាងពីប្រទេសចិន មកកម្ពុជាវិញផង។ ម្យ៉ាងនាងបង្ហោះសារនេះក៏ចង់ឲ្យអ្នកនៅកម្ពុជាបានឃើញ និងជួយចែករំលែកជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឃើញដើម្បីជួយនាងវិលមកកម្ពុជាវិញ។ នារីរងគ្រោះបានបញ្ជាក់ថា៖ «ខ្ញុំចាញ់បោកមេខ្យល់តាំងពីឆ្នាំ ២០១៩ ពេលនោះខ្ញុំទើបមានអាយុ ១៥ ឆ្នាំ។ គេយកខ្ញុំមកលក់នៅប្រទេសចិន តាំងពីអាយុ ១៥ ឆ្នាំ។ គេឃុំឃាំងខ្ញុំមិនឲ្យខ្ញុំទាក់ទងទៅអ្នកផ្ទះខ្ញុំទេគេវាយដំខ្ញុំ ទាត់ធាក់ខ្ញុំ គេឃុំឃាំងខ្ញុំក្នុងបន្ទប់។ ខ្ញុំអត់ចង់នៅប្រទេសចិន ទៀតទេ ខ្ញុំខ្លាចគេវាយធ្វើបាបខ្ញុំទៀត គេលក់ខ្ញុំពីម្នាក់ទៅម្នាក់»។

ដោយឡែក អ្នកស្រី ឌុច អ៊ីម ជាម្តាយនារីរងគ្រោះបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពីថ្ងៃ ១៧ មីនាថា នៅអំឡុងឆ្នាំ ២០១៩ ស្ត្រីឈ្មោះ ខេង ហ៊ុន និងឈ្មោះ វឿន ភ័ណ្ឌ ដែលរស់នៅភូមិជិតគ្នាបានមកបញ្ចុះបញ្ចូលឲ្យកូនស្រីអ្នកស្រី ឈ្មោះ អ៊ន សុខជី ឱ្យយកប្តីចិន ដោយប្រាប់ថា នៅចិនគេរកលុយបានច្រើន។ ប៉ុន្តែគាត់បានប្រកែកមិនព្រមឲ្យកូនទៅព្រោះខ្លាចប្តីចិនធ្វើបាប តែឈ្មោះ ខេង ហ៊ុន អះអាងថា គ្មានអ្នកណាធ្វើបាបទេ ហើយថា បើកូនគាត់គ្មានអត្តសញ្ញាណប័ណ្ណ គឺគេធ្វើបានភ្លាមមិនពិបាកទេ។ បើតាមអ្នកស្រី ឌុច អ៊ីម ក្រោយមកស្ត្រីមេខ្យល់បានបង្ហោះរូបបុរសចិនចំនួន ៤ នាក់ (បុរសចំណាស់ ២ នាក់ បុរសវ័យក្មេង ២ នាក់) ឲ្យកូនអ្នកស្រីមើល។ ក្រោយឃើញរូបថតបុរសចិននោះ កូនស្រីបានប្រាប់អ្នកស្រីថា នាងដាច់ចិត្តយកប្តីនៅចិនហើយ ព្រោះនៅស្រុកយើងពិបាក។ បន្ទាប់ពីមានការយល់ព្រមស្ត្រីមេខ្យល់ទាំង ២ នាក់ បាននាំអ្នកស្រី និងកូនស្រីមកភ្នំពេញរត់ការឯកសារធ្វើលិខិតឆ្លងដែន។ បន្ទាប់មកក៏នាំទៅឡើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជិះទៅប្រទេសចិន តែម្តង។

លោកស្រី ម៉ៅ ម៉ាប់ មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកទទួលបន្ទុកស្ត្រី និងកុមារបានថ្លែងថា ករណីនារីរងគ្រោះឈ្មោះ អ៊ន សុខជី ម្នាក់នេះ លោកស្រីមិនទាន់បានទទួលព័ត៌មានពីមន្ត្រីរបស់លោកស្រីទេ តែលោកស្រីថានឹងតាមដានរឿងនេះ។ លោកស្រីបន្តថា បើនិយាយពីការជួញដូរមនុស្ស គឺមេខ្យល់តែងប្រើគ្រប់មធ្យោបាយដោយខ្លះប្រាប់ជនរងគ្រោះថា ទៅរកការងារធ្វើបានប្រាក់ខែពី ៥០០ ទៅ ១ ០០០ ដុល្លារ ដោយសារគេដឹងថា ស្ថានភាពជីវភាពពលរដ្ឋខ្វះខាតខ្លាំងដែលខ្លះជំពាក់បំណុលធនាគារក៏មាន។ លោកស្រីបញ្ជាក់ថា៖ «វិធីបោកប្រាស់របស់មេខ្យល់មានលក្ខណៈជាប្រព័ន្ធ ដូចជាមានអ្នកជួយរត់ឯកសារឲ្យមានអ្នកជូនជនរងគ្រោះទៅដល់ព្រំដែនហើយមានអ្នកនាំបន្តទៅដល់គោលដៅប្រទេសចិន តែម្តង។ បន្ទាប់ពីទៅដល់ហើយមានអ្នកទទួលជនរងគ្រោះ ទៅរកកន្លែងស្នាក់នៅអ៊ីចឹងទៅ»។ លោកស្រីបន្តថា អំពើជួញដូរមនុស្សនេះ មានទាំងជួញដូរពលកម្មជួញដូរផ្លូវភេទ និងមិនមែនទៅតែប្រទេសចិន ទេ មានទៅម៉ាឡេស៊ី និងថៃផង ហើយខេត្តជាគោលដៅដែលមេខ្យល់តែងតែអូសទាញជនរងគ្រោះភាគច្រើន គឺមានខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងខេត្តព្រះវិហារ៕

website_news/2021230302.txt · Last modified: 2021/03/23 14:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki