website_news:2021230304

ពលករខ្មែរខ្លះបន្តរស់នៅលំបាកក្នុងប្រទេសថៃដោយមិនត្រឡប់ទៅចូលឆ្នាំនៅកម្ពុជា

https://www.rfa.org/khmer/ ដោយ ហេង រស្មី 2021-03-22

ពលករខ្មែរជាច្រើននាក់បន្តអត់ទ្រាំរស់នៅលំបាកក្នុងប្រទេសថៃ ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ។ ក្នុងនោះមានពលករខ្លះអត់ការងារធ្វើ និងខ្លះទៀតធ្វើការមិនទៀងទាត់ និងត្រូវបានថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្មពួកគាត់។ មន្ត្រីសង្គមស៊ីវិលយល់ថា រឿងនេះកើតឡើងដោយសារតែរដ្ឋាភិបាលប្រទេសទាំងពីរមិនបានយកចិត្តទុកដាក់ជួយដល់ពលករ។ ពលករខ្មែរធ្វើការសំណង់នៅខេត្តជាប់ទីក្រុងបាងកក លោក ហួន ថៃឡូ ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី២២ មីនាថា ចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ លោកមិនបានទៅលេងស្រុកកំណើតនោះទេ ដោយសារគ្មានប្រាក់ ព្រោះថៅកែជនជាតិថៃ មិនបានបើកប្រាក់ខែឱ្យលោកចំនួន ៣ខែមកហើយ។ ពលករខ្មែរវ័យ ៥០ឆ្នាំរូបនេះព្រួយបារម្ភខ្លាចដាច់ស្បៀងនៅពេលខាងមុខផង និងព្រួយខ្លាចធនាគាររឹបអូសដីធ្លីនៅស្រុកកំណើតផង ដោយសារគ្មានប្រាក់សងម្ចាស់បំណុលដែលបានខ្ចីគេ ដាំដំឡូងមីកាលពីពេលកន្លងទៅ៖ «យើងរកលុយអត់សូវបានរវល់តែជួបគេបោក គេបើកឱ្យយើងបានម៉ាចាយៗ អ៊ីចឹងទៅ ហើយគេថាថ្ងៃនេះថ្ងៃនោះរហូត។ខ្ញុំអំពាវនាវដល់ដូនតាហើយអត់បានអត់បានទៅជួបគាត់ទេ វាមានបញ្ហាច្រើនទី១ជាប់រឿងលុយធនាគារផង ទី២ បញ្ហារាលដាលជំងឺកូវីដផង អីចឹងទៅយ៉ាងណាក៏ខ្ញុំមិនបានទៅដែរ។ខ្ញុំខាំស្មៅទាល់តែរកប្រាក់សងគេរួចបានខ្ញុំត្រឡប់ទៅស្រុកវិញ»។ នៅថ្ងៃទី២២ មីនា តំណាងក្រុមពលករ ៣នាក់ បាននាំគ្នាទៅប្ដឹងអង្គការសង្គមស៊ីវិលការពារសិទ្ធិពលករនៅប្រទេសថៃ ឱ្យជួយអន្តរាគមន៍ទៅថៅកែថៃ ដើម្បីឱ្យបើកប្រាក់ខែដល់ពួកគាត់។

ស្រដៀងគ្នានេះដែរ ពលករខ្មែរធ្វើការសំណង់នៅខេត្តសមុទ្រ សាខន (Samuth Sakorn) លោក ឆន សុខឿន ថ្លែងថា នៅកន្លែងលោកធ្វើការមានពលករខ្មែរប្រមាណ ៥០នាក់ ក្នុងចំណោមពលករជាង ២០០នាក់អត់ការងារធ្វើ និងពលករខ្លះទៀតធ្វើការមិនទៀងទាត់ ជាច្រើនខែមកហើយ បណ្ដាលមកពីការរាតត្បាតជំងឺកូវីដ១៩។ ពលករវ័យ ៤១ឆ្នាំរូបនេះ ប្រាប់ថា បច្ចុប្បន្នមានពលករជាច្រើននាក់បាននាំគ្នាដើរបេះផ្ទី និងដាក់មងតាមអូរយកត្រីចម្អិនធ្វើម្ហូបប្រចាំថ្ងៃ ដោយសារគ្មានប្រាក់ទិញស្បៀងអាហារហូបចុក។ លោកបញ្ជាក់ថា បើទោះបីជារស់នៅប្រទេសថៃលំបាកយ៉ាងនេះក្ដី ក៏ពួកលោកមិនបានត្រឡប់ទៅកម្ពុជា អំឡុងពេលនេះឡើយ ពីព្រោះគ្មានប្រាក់ ហើយម្យ៉ាងទៀតខ្លាចអាជ្ញាធរថៃចាប់ដាក់គុកក្នុងពេលធ្វើដំណើរតាមផ្លូវ៖ «តាមដែលខ្ញុំមើលទៅបម្រាមខ្លាំងតែជនជាតិខ្មែរយើងតែម្ដង សូម្បីតែយើងចង់ចេញទៅណាបើយើងជិះម៉ូតូឌុប ខលហៅម៉ូតូមកយកយើងក៏គេអត់ឱ្យម៉ូតូមកយកដែរ។ប៉ុន្តែបើជនជាតិថៃវិញគេឱ្យតាក់ស៊ីជូនដល់កន្លែង បើចំពោះយើងគេហាមតាក់ស៊ីមិនឱ្យចូលតែម្ដង។វាប៉ះពាល់ខ្លាំងខាងទឹកចិត្ត យើងអត់ថា យើងជាពលករមួយរួបនៅតំបន់ហ្នឹងហេតុអីបានគេរើសអើងយើងសំបើមម៉្លេះ បើមុនហ្នឹងចេញទៅណាគេត្រួតយើងគេពិនិត្យច្បាប់លាស់»។

អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ និងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ដើម្បីសុំអត្ថាធិប្បាយជុំវិញពីក្ដីកង្វល់របស់ក្រុមពលករនេះបានទេ នៅថ្ងៃទី២២ មីនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។

កន្លងមកលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ពលករខ្មែរ ឱ្យបន្តស្នាក់នៅប្រទេសថៃមួយ រយៈ ដើម្បីបង្ការកុំឱ្យឆ្លងជំងឺកូវីដ។ ប៉ុន្តែរដ្ឋាភិបាលមិនបានដោះស្រាយពីទុក្ខលំបាករបស់ពលករក្នុងពេលពួកគាត់ស្នាក់នៅប្រទេសនោះឡើយ។

មន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយ៉ា យល់ថា ពលករខ្មែររាប់ពាន់នាក់បន្តរស់នៅលំបាកក្នុងប្រទេសថៃ ដោយសារពួកគាត់អត់ការងារធ្វើ។ បន្ថែមពីនេះមានពលករមួយចំនួនត្រូវបានថៅកែថៃបោកប្រាស់កម្លាំងពលកម្ម ដោយធ្វើការមិនបានប្រាក់ឈ្នួលជាដើម។ មន្ត្រីសង្គមស៊ីវិលរូបនេះ និយាយថា ពលករធ្វើការខុសច្បាប់ប្រឈមនឹងថៅកែថៃកេងប្រវ័ញ្ចកម្លាំងពលកម្មច្រើនជាងគេ ជាពិសេស អ្នកធ្វើការងារសំណង់។ លោកបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលថៃគួរតែបញ្ជូនមន្ត្រីពាក់ព័ន្ធចុះជួយពលករជាបន្ទាន់ និងចាត់វិធានការផ្លូវច្បាប់លើថៅកែ ដែលកេងចំណេញកម្លាំងពលករ៖ «តួនាទីរបស់រដ្ឋហ្នឹងហាក់ដូចជាផ្ដោតទៅលើកូវីដ ផ្ដោតតែរឿងសេដ្ឋកិច្ចជារួម អ៊ីចឹងវាជាឱកាសដល់និយោជកហ្នឹងប្រើអំណាចកិបកេងកម្លាំងពលករ។ និយាយជារួមមកគឺ ពួកគាត់នៅហ្នឹងក៏ប្រឈមមកវិញក៏ប្រឈម ប៉ុន្តែភាពប្រឈមហ្នឹងវាមានលក្ខណៈខុសគ្នា។ ប្រសិនជាគាត់នៅហ្នឹងអ្នកដែលអត់មានការងារធ្វើគាត់ប្រឈមខ្លាំងណាស់គាត់អត់មានលុយចាយវាយសម្រាប់ការរស់នៅប្រចាំថ្ងៃ ហើយប្រសិនបើគាត់អស់សុពលភាពឯកសារទៀតអាហ្នឹងកាន់តែប្រឈមខ្លាំងហើយ»។ លោក ឌី ថេហូយ៉ា បន្តថា មានពលករមួយចំនួនបានធ្វើដំណើរប្រថុយប្រថានត្រឡប់ទៅកម្ពុជាវិញ វិញខ្លះដែរ ដោយសារពួកគេគ្មានលទ្ធភាពរស់នៅប្រទេសថៃ។ មន្ត្រីសង្គមស៊ីវិលរូបនេះឱ្យដឹងទៀតថា ចាប់តាំងពីចុងឆ្នាំ២០២០ មកដល់ខែមីនានេះ យ៉ាងហោចណាស់មានពលករខ្មែរប្រហែល ៥ម៉ឺននាក់ (៥០.០០០) ហើយ បានត្រឡប់ទៅកម្ពុជា តាមច្រកទ្វារព្រំដែនក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តឧត្ដរមានជ័យជាដើម។ របាយការណ៍អង្គការសង់ត្រាល់ (CENTRAL) ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការស្របច្បាប់មិនស្របច្បាប់ប្រមាណ ១លាន ៨សែននាក់ (១.៨០០.០០០) ធ្វើការនៅប្រទេសថៃ៕

website_news/2021230304.txt · Last modified: 2021/03/23 14:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki