website_news:2021230307

ឧត្តមសេនីយ៍ឯក លៀង ភារម្យ ដាក់បទបញ្ជាម៉ឺងម៉ាត់ដល់នគរបាលការពារព្រំដែន នៅតាមច្រកព្រំដែនមិនឲ្យពលរដ្ឋខ្មែរចេញ-ចូលដោយខុសច្បាប់

http://cambodiapolice.com/policekh/ 1:14 pm 22 មីនា 2021

ភ្នំពេញ ៖ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចំពោះមន្ត្រីនគរបាលការពារព្រំដែនគោកទាំងអស់ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដោយមិនអនុញ្ញាតឲ្យពលរដ្ឋ ឬពលករខ្មែរចេញ-ចូលដោយខុសច្បាប់បន្តទៀតនោះឡើយ ខណៈពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ចាប់ពីខែមករាដល់ខែមីនានេះ ជាងប្រាំម៉ឺននាក់ក៏ត្រូវបានធ្វើចត្តាឡីស័ក ស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដែរនោះ។

ថ្លែងប្រាប់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈសាអេឡិចត្រូនិច(តេលេក្រាម) នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ពាក់ កណ្តាលខែ មីនា ឆ្នាំ២០២១នេះ មានពលករ និងពលរដ្ឋខ្មែរបានវិលត្រឡប់មកពីប្រទេសថៃវិញ តាមច្រកទ្វារអន្តរជាតិ មានចំនួន៥២.២៣៥នាក់ ដោយក្នុងនោះតាមច្រកទ្វារព្រំដែននៅយោធភូមិភាគទី៥ ចំនួន៣៦.៣៤៧នាក់ តាមយោធភូមិភាគទី៤ ចំនួន១៥.៨៨៨នាក់ ហើយពួកគាត់ត្រូវបានចាត់វិធានការស្របទៅតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលទាំងអស់ផងដែរ។ ឯកឧត្តមឧត្តមសេនីយ៍ឯក បានបញ្ជាក់បន្ថែមទៀតថា«នគរបាលការពារព្រំដែនគោកទាំងអស់បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនចំពោះការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់បទបញ្ជាដោយហាមដាច់ខាត មិនឲ្យមានការលួចឆ្លងដែនខុសច្បាប់ចាប់តាំងពីខែមករាមក ហើយប្រសិន ជាមានគឺដាច់ខាតមិនឲ្យចេញ ហើយមួយទៀតបើចូលគឺត្រូវតែឃាត់ពួកគាត់ដោយឲ្យធ្វើចត្តាឡីស័កគ្រប់ៗគ្នាទាំងអស់ ខណៈបទបញ្ជាថ្មីរបស់រាជរដ្ឋាភិបាលនៅក្នុងខែមីនានេះបងប្អូនចូលពីថៃមកគឺត្រូវតែពិនិត្យសុខភាព វាស់កម្តៅ ហើយបើគ្មានបញ្ហាអ្វីទេគឺតម្រូវឲ្យទៅធ្វើចត្តាឡីស័កក្នុងសហគមន៍»។ ឯកឧត្តមប្រធាននាយកដ្ឋាន បានលើកឡើងផងដែរថា នគរបាលការពារព្រំដែនគោកទាំងអស់ បានអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជាប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ដែលបានដាក់ចេញ ហើយជាមួយគ្នានោះមន្ត្រីនគរបាលទាំងអស់ក៏បានរក្សាវិធានការ«៣ការពារ ៣កុំ»បើទោះបីជាពួកគាត់បានប្រឈមជាមួយបងប្អូនពលករផ្ទាល់ក៏ដោយនោះ៕

website_news/2021230307.txt · Last modified: 2021/03/23 14:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki