website_news:2021230308

តំបន់ព្រំដែនកម្ពុជាបន្តរឹតត្បិតការចេញចូលក្នុងន័យបង្ការការឆ្លងជំងឺកូវីដ១៩

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 21/03/2021 - 07:56 ដោយ៖ជួប នរក្សា

ខេត្តនៅតាមតំបន់ព្រំដែនទាំងកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម នៅតែបន្តការរឹតបន្តឹងការចេញចូល ក្នុងន័យបង្ការការរាលដាលជំងឺកូវីដ១៩។ ការរឹតបន្តឹងនេះ ធ្វើឡើងជាង៤ខែមកហើយ ក្រោយមានការដាក់បញ្ជាពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យអាជ្ញាធរតាមខេត្តជាប់ព្រំដែនត្រៀមជើងការ កាលពីថ្ងៃទី២០ធ្នូឆ្នាំ២០២០កន្លងទៅ។ ទាំងអាជ្ញាធរនៅព្រំដែនកម្ពុជា-ថៃ និងព្រំដែនកម្ពុជា-វៀតណាម បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យនេះ ថាសភាពនៅច្រកព្រំដែននៅបន្តរឹតត្បិត និងមានភាពប្រក្រតី។ រយៈពេលជាង៤ខែ ក្រោយការបង្គាប់បញ្ជាអាជ្ញាធរតាមច្រកព្រំដែនឲ្យមានការយកចិត្តទុកដាក់យកសំណាកលើពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ និងការរាលដាលកូវីដ១៩ជាសហគមន៍នៅវៀតណាមថ្ងៃទី៣មករា ពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន មក អាជ្ញាធរតាមខ្សែបន្ទាត់ព្រំដែន នៅតែបន្តរឹតត្បិតការចេញចូលនៅច្រកព្រំដែនអន្តរជាតិកម្ពុជាដដែរ។

ថ្លែងប្រាប់វិទ្យុបារាំងនៅថ្ងៃនេះ លោក ងួត រតនៈ អភិបាលខេត្តបាត់ដំបង ថា អាជ្ញាធរនៅតែបន្តដាក់ពង្រាយកងកម្លាំងនៅចម្ងាយ៧៥គីឡូម៉ែត្រ តាមបន្ទាត់ព្រំដែនជាមួយថៃ ដើម្បីបង្ការការលួចឆ្លងចូលរបស់ពលករខ្មែរដោយមិនបានយកទៅធ្វើចត្តាឡីស័ក។ បើតាមការអះអាងរបស់អភិបាលខេត្ត គិតសរុបមកមានពលករខ្មែរប្រមាណ១ម៉ឺន៥ពាន់នាក់ ចូលមកកម្ពុជាតាមច្រកទ្វារព្រំដែននៃខេត្ត ហើយអាជ្ញាធរខេត្តបានយកទីតាំងចំនួន១៧កន្លែង ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ពលករ ក៏ប៉ុន្តែនៅមួយរយៈកាលក្រោយនេះ ចំនួនពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័ក នៅសល់តែប្រមាណជាង២០០០នាក់ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក ងួត រតនៈ។ លោកបានបញ្ជាក់បន្ថែមដែរថា ទោះបីមានយន្តការហាមមិនឲ្យមានការចេញចូលរបស់ពលរដ្ឋនៅតាមច្រកព្រំដែនក៏ពិតមែន តែយ៉ាងណាការដឹកជញ្ជូនទំនិញនៅតែបន្តធ្វើជាប្រក្រតី។ ការដឹកជញ្ជូនទំនិញ ដោយមានតែអ្នកបើក និងអ្នកជញ្ជូនទំនិញតែម្នាក់ប៉ុណ្ណោះ។

ចំណែកឯអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ក៏បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិស្រដៀងគ្នានេះដែរ។ ដោយក្នុងនោះ លោកបញ្ជាក់ ចរន្តចេញចូលតាមច្រកព្រំប្រទល់កម្ពុជា-វៀតណាម ក្នុងខេត្តកណ្តាល នៅតែរឹតបន្តឹងជាបន្ត ព្រមទាំងការចេញចូលរបស់ពលរដ្ឋ និងភ្ញៀវបរទេសមួយចំនួន ក៏ត្រូវបានកាត់ផ្តាច់ដដែរ។ អ្វីដែលនៅបន្តធ្វើនោះ គឺការដឹកជញ្ជូនចេញចូលទំនិញកម្ពុជា-វៀតណាម តែក្នុងបរិមាណតិចតួចជាងមុនសភាពការផ្ទុះកូវីដ១៩។ ដាច់ឡែកចំពោះភូមិសាស្រ្តដែលកំពុងមានការរាលដាលឆ្លងខ្លាំងនៅក្នុងស្រុកកោះធំ លោក គង់ សោភ័ណ្ឌ ក៏បានបញ្ជាក់បន្ថែមដែរថា តំបន់នោះកំពុងមានការរឹតបន្តឹងខ្ពស់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដោយពលរដ្ឋក្នុងតំបន់មិនអាចចេញចូលដោយសេរីទេ រីឯអ្នកធ្វើដំណើរពីរាជធានីភ្នំពេញក៏មិនត្រូវអនុញ្ញាតឲ្យចេញចូលនៅតំបន់ភូមិជ្រៃធំ និងភូមិមួយចំនួនក្នុងស្រុកកោះធំដែលកំពុងមានការរាលដាលខ្លាំងនោះ។ ការរឹតបន្តឹងរបស់អាជ្ញាធរក្នុងពេលនេះ ក៏ដើម្បីបង្ការហានិភ័យចម្លងជំងឺកូវីដ១៩ជាបន្តដែរ។ នេះបើតាមលោកអភិបាលខេត្តកណ្តាល។

គិតជាតួលេខចុងក្រោយ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ជាពលករខ្មែរចំនួន៩១នាក់ និងព្យាបាលជាចំនួន៩០នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃអាទិត្យនេះ៕

website_news/2021230308.txt · Last modified: 2021/03/23 14:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki