website_news:2021230310

ប្រទេសថៃបានបរិច្ចាគថវិការចំនួន ១០ ម៉ឺនដុល្លារដល់ពលករចំណាកស្រុកកម្ពុជា

https://www.khmertimeskh.com/ Rhea Mae Soco / Khmer Times

រដ្ឋាភិបាលថៃបានផ្តល់ជំនួយថវិការចំនួន ១០ ម៉ឺនដុល្លារដល់ប្រទេសកម្ពុជាដើម្បីជួយលើកកម្ពស់សុខុមាលភាពរបស់ពលករចំណាកស្រុកកម្ពុជានៅតាមមណ្ឌលចត្តាឡីស័កនៅតាមព្រំដែន។ ជំនួយហិរញ្ញវត្ថុនេះត្រូវបានប្រគល់ដោយលោក Panyarak Poolthup ឯកអគ្គរដ្ឋទូតថៃប្រចាំនៅកម្ពុជាទៅលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកាលពីថ្ងៃសុក្រ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតថៃបានឲ្យដឹងថា ពលករចំណាកស្រុកកម្ពុជាស្ថិតក្នុងចំណោមកម្លាំងជំរុញសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ប្រទេសថៃ។ សេចក្តីប្រកាសព័ត៌មានលើកឡើងថា៖ «ដូច្នេះ រាជរដ្ឋាភិបាលថៃបានបង្កើតគោលនយោបាយដើម្បីថែរក្សាសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេ ជាពិសេសអំឡុងពេលមានជំងឺរាតត្បាតនៅពេលដែលពួកគេភាគច្រើនកំពុងស្ថិតនៅក្នុងប្រទេសថៃ»។ សេចក្តីប្រកាសព័ត៌មានបានកត់សំគាល់ថា មានពលករចំណាកស្រុកជាង ១០ ម៉ឺននាក់បានសម្រេចចិត្តវិលត្រឡប់មកប្រទេសកម្ពុជាវិញបន្ទាប់ពីមានការបិទអាជីវកម្មនៅប្រទេសថៃ ដោយសារជំងឺរាតត្បាតកូវីដ-១៩។

លោកឯកអគ្គរដ្ឋទូត Poolthup បាននិយាយថា សុខុមាលភាព និងសុវត្ថិភាពរបស់ពលករចំណាកស្រុក កម្ពុជាគឺស្ថិតក្នុងចំណោមអាទិភាពរបស់យើង មិនថាពួកគេនៅទីណានោះទេ។ លោកបន្តថា៖ «ក្នុងនាមរាជរដ្ឋាភិបាលថៃ ខ្ញុំមានកិត្តិយស និងមានសេចក្តីរីករាយណាស់ ដែលបានប្រគល់វិភាគទានហិរញ្ញវត្ថុចំនួន ១០ ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងផ្តល់ជំនួយ។ យើងទន្ទឹងរងចាំស្វាគមន៍ការត្រលប់មកវិញរបស់ពួកគេនៅពេលដែលការរឹតត្បិតត្រូវបានបន្ធូរបន្ថយ ហើយស្ថានភាពរាតត្បាតទាំងមូលមានភាពប្រសើរឡើងវិញ»។ នៅពេលពលករចំណាកស្រុកវិលត្រឡប់មកមាតុភូមិវិញ ខេត្តជាប់ព្រំដែនប្រទេសកម្ពុជាមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យសុខភាព និងការធ្វើចត្តាឡីស័កដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងទ្រង់ទ្រាយធំ។ រដ្ឋាភិបាលថៃបានតាមដានស្ថានការណ៍នៃពលករចំណាកស្រុកដែលវិលត្រឡប់មកវិញ ហើយមានបំណងគាំទ្ររដ្ឋាភិបាលកម្ពុជា ក៏ដូចជាថែរក្សាសុខភាពរបស់ពលករចំណាកស្រុក។ លោក Poolthup និយាយថាកន្លងមករដ្ឋាភិបាលថៃបានផ្តល់វិភាគទានចំនួន ៦១ ៤៦២.៨១ ដុល្លារដល់ប្រទេសកម្ពុជានៅក្នុងខែឧសភាឆ្នាំ ២០២០ ក្នុងការជួយការពារ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩។ លោកបានបន្ថែមទៀត៖ «ចាប់តាំងពីចុងឆ្នាំមុន យើងសង្កេតឃើញថាមានការកើនឡើងនៃចំនួនពលករចំណាកស្រុកកម្ពុជាដែលបានវិលត្រឡប់ទៅស្រុកកំណើតវិញ ជាពិសេសតាមរយៈព្រំដែនកម្ពុជា-ថៃ។ ទោះបីរាជរដ្ឋាភិបាលកម្ពុជាបានដោះស្រាយស្ថានការណ៍យ៉ាងមានប្រសិទ្ធិភាពក៏ដោយ ក៏ការគាំទ្របន្ថែមអាចជាជំនួយមួយផ្នែកដល់ការដោះស្រាយនេះផងដែរ»។

យោងតាមលោកឯកអគ្គរដ្ឋទូត ការបរិច្ចាគហិរញ្ញវត្ថុក៏ជានិមិត្តរូបនៃមិត្តភាពពិតប្រាកដ និងយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ ជាមួយនឹងការតភ្ជាប់ប្រជាជនទៅនឹងប្រជាជនដែលជាមូលដ្ឋានគ្រឹះនៃការកសាងមិត្តភាពផងដែរ។ ក្រសួងការបរទេសបានសម្តែងការកោតសរសើរចំពោះជំនួយ ដែលបានបន្តផ្តល់ដោយរដ្ឋាភិបាលថៃក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាការជួយសម្រួលដល់ពលករចំណាកស្រុកដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសថៃ។ ក្រសួងបាននិយាយថា៖ «អំណោយដ៏សប្បុរសនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ដ៏សប្បុរសប៉ុណ្ណោះទេ តែថែមទាំងបង្កើនស្មារតីមិត្តភាពប្រពៃណី សាមគ្គីភាព និងភាពជាអ្នកជិតខាងល្អរវាងប្រទេសផងដែរ»៕ ប្រែសម្រួលដោយ សៀវ គួយអ៊ី

website_news/2021230310.txt · Last modified: 2021/03/23 14:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki