website_news:2021230311

ធ្ងន់ធ្ងរណាស់! ពលករចំណាកស្រុកជិត៣០០នាក់ ក្នុងមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍នៅថៃ ឆ្លងកូវីដ មានទាំងខ្មែរផងដែរ

https://www.kampucheathmey.com/ on March 23, 2021By Sok Sovann

មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពជំងឺកូវីដ១៩ (CCSA) កាលពីថ្ងៃចន្ទ បានរាយការណ៍ថា ពលករចំណាកស្រុកបរទេសជិត ៣០០នាក់ នៅឯមណ្ឌលឃុំឃាំងរបស់ការិយាល័យអន្តោប្រវេសន៍ក្នុងសង្កាត់ Suan Phlu និង Bang Khen បានឆ្លងជំងឺកូវីដ១៩។ អ្នកនាំពាក្យជំនួយការ CCSA លោកស្រី Apisamai Srirangson បាននិយាយថា ជនចំណាកស្រុកបរទេស ចំនួន៩៨នាក់ ក្នុងចំណោម ១,៨៨៨នាក់ នៅឯមណ្ឌលឃុំឃាំង ត្រូវបានធ្វើតេស្តវិជ្ជមានចាប់ពីថ្ងៃទី១១ ខែមីនា ដល់ថ្ងៃសៅរ៍សប្តាហ៍មុន។ នៅថ្ងៃសៅរ៍ មានករណីដែលត្រូវបានបញ្ជាក់ចំនួន២៩៧ ករណីបន្ថែមទៀត ដែលភាគច្រើនបានចូលក្នុងប្រទេសដោយខុសច្បាប់។ លោកស្រីនិយាយថា ជនជាតិមីយ៉ាន់ម៉ា វៀតណាម និងកម្ពុជាស្ថិតក្នុងចំណោមអ្នកឆ្លងជំងឺ។ លោកស្រីបន្តថា មណ្ឌលទាំងអស់ ឈប់ទទួលយកអ្នកមកថ្មីហើយ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីបញ្ជាក់ថា មិនមានរបាយការណ៍ នៃការឆ្លងក្នុងចំណោមមន្រ្តីអន្តោប្រវេសន៍ទេ។ អ្នកជាប់ឃុំដែលឆ្លងរោគ ត្រូវបានបំបែកចេញពីអ្នកដទៃទៀត។ ក្រសួងសុខាភិបាល កំពុងពន្លឿនការចាក់វ៉ាក់សាំងសម្រាប់មន្រ្តីអន្តោប្រវេសន៍ ដែលមានទំនាក់ទំនងជាមួយពលករចំណាកស្រុកដែលជាប់ឃុំ។ មានជនអន្តោប្រវេសន៍ចំនួន ១,៦១៥នាក់ នៅឯមណ្ឌលឃុំឃាំងនានា ដែលពួកគេភាគច្រើនមកពីប្រទេសមីយ៉ាន់ម៉ា។

អគ្គស្នងការនគរបាលជាតិបាននិយាយថា អ្នកជាប់ឃុំដែលឆ្លងរោគ នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យមូលដ្ឋាន ដើម្បីព្យាបាល។ ស្នងការប៉ូលិសអន្តោប្រវេសន៍លោកឧត្តមសេនីយ៍ Sompong Chingduang បានទទួលស្គាល់ថា ស្ថានភាពចង្អៀតណែនតាន់តាប់របស់មណ្ឌល បានរួមចំណែកដល់ការឆ្លងក្នុងចំណោមអ្នកជាប់ឃុំ៕ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ Bangkok Post

website_news/2021230311.txt · Last modified: 2021/03/23 14:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki