website_news:2021230401

USAID ប្រកាសផ្តល់ថវិកាដើម្បីគាំទ្រគម្រោងថ្មីមួយ ប្រឆាំងនឹងការជួញដូរមនុស្សសម្រាប់រយៈពេល ៥ ឆ្នាំ

https://www.postkhmer.com/ នៅ ស៊ីវុត្ថា | Publication date 22 April 2021 | 18:49 ICT

ភ្នំពេញ៖ ទីភ្នាក់ងារជំនួយអាមេរិក USAID នៅកម្ពុជាបានប្រកាសផ្ដល់ថវិកាដោយមិនបានប្រាប់ពីចំនួនថវិកា ដើម្បីគាំទ្រគម្រោងថ្មីមួយប្រឆាំងនឹងការជួញដូរមនុស្ស សម្រាប់រយៈពេល ៥ ឆ្នាំ ដើម្បីដោះស្រាយបញ្ហាឫសគល់នៃការជួញដូរមនុស្សនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២១ នេះ។ សេចក្តីប្រកាសព័ត៌មាននេះបន្តថា គម្រោងដែលដំណើរការសកម្មភាពការងារដោយអង្គការ Winrock International និងដៃគូរបស់អង្គការនេះ នឹងធ្វើការងារគាំទ្រដល់ការការពារក្រុមជនរងគ្រោះ និងក្រុមមនុស្សងាយរងគ្រោះបន្ថែមទៀត ពីការជួញដូរ និងការរំលោភធ្វើបាប ការពារក្រុមមនុស្សប្រឈមនឹងគ្រោះថ្នាក់មិនឲ្យធ្វើចំណាកស្រុកដែលមានគ្រោះថ្នាក់ ហើយជួយជនរងគ្រោះដោយការជួញដូរមនុស្ស។ ទោះជាយ៉ាងណានៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារ USAID នៅកម្ពុជា មិនបានបញ្ជាក់ពីទំហំថវិកាដែលត្រូវផ្តល់នោះទេ។

លោកស្រី Veena Reddy នាយិកាទីភ្នាក់ងារ USAID នៅកម្ពុជាថ្លែងថា ការជួញដូរមនុស្ស គឺជាឧស្សាហកម្មធំបំផុតមួយ ក្នុងចំណោមឧស្សាហកម្មធំបំផុតទាំងឡាយក្នុងពិភពលោក ហើយវាប៉ះពាល់ដល់មនុស្សដែលងាយរងគ្រោះបំផុត នៅក្នុងសង្គម។ លោកស្រីបន្តថា ចំនួន ៧០% នៃជនរងគ្រោះដែលត្រូវបានរកឃើញ គឺជាស្ត្រី និងកុមារី ហើយអំពើដ៏គួរឲ្យខ្លាចនេះ បំផ្លាញនីតិរដ្ឋធ្វើឲ្យខូចដល់ពាណិជ្ជកម្មអន្តរជាតិ បន្តធ្វើឲ្យមានវិសមភាពយេនឌ័រ ហើយគំរាមកំហែងដល់សន្តិសុខពិភពលោក។ លោកស្រីថ្លែងថា៖ «គម្រោងរយៈពេល ៥ ឆ្នាំនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការការពារប្រជាជនកម្ពុជាពីបញ្ហានោះ»។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងជាប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សថ្លែងថា ការផ្តល់ជំនួយរបស់ USAID មកកម្ពុជានេះ គឺជាការទទួលខុសត្រូវរួមរបស់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការជួញដូរមនុស្ស ដោយប្រទេសណាមួយក៏មានសិទ្ធិក្នុងការទទួលជំនួយនេះដែរ។ លោកស្រីថា ជំនួយនេះមិនមែនផ្តល់ឱ្យដោយត្រង់មករដ្ឋាភិបាលនោះទេ គឺត្រូវបានផ្តល់ទៅអង្គការក្រៅរដ្ឋាភិបាលយកទៅប្រើប្រាស់ក្នុងវិស័យណាមួយ។ ប៉ុន្តែទោះបីប្រើប្រាស់ក្នុងរូបភាពណាមួយ ក៏មិនអាចប្រើប្រាស់ខុសពីគោលនយោបាយ និងច្បាប់ដែលកំណត់រួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលនោះដែរ។ លោកស្រី ជូ ប៊ុនអេង ថ្លែងថា៖ «យើងបានជួបជាមួយ Winrock International ដែលជាអ្នកទទួលជំនួយនេះ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការទៅលើភាពខ្វះចន្លោះ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមកបាន ហើយបើប្រាស់មិនចំគោលដៅពិតប្រាកដក៏មិនទទួលបានផលអ្វីដែរ»។

បើតាមសេចក្តីប្រកាសព័ត៌មានទីភ្នាក់ងារ USAID និងអង្គការ Winrock International នឹងធ្វើការជាមួយសង្គមស៊ីវិល និងដៃគូខាងរដ្ឋាភិបាលកម្ពុជា ពិសេសគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងខេត្តក្រុងចំនួន ៨ គឺក្រុងភ្នំពេញ ខេត្តកោះកុង ខេត្តព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម និងខេត្តព្រៃវែង។ ការផ្តល់ថវិកាឲ្យនៅថ្ងៃនេះ គឺជាការពង្រឹងបន្ថែមលើការជួយគាំទ្ររបស់ទីភ្នាក់ងារ USAID នៅក្នុងរយៈពេលជិត ២០ ឆ្នាំមកនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅកម្ពុជា ៕

website_news/2021230401.txt · Last modified: 2021/04/23 11:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki