website_news:2021230407

ករណីផ្កាយ ២ និង បក្ខពួកជាមន្ត្រីយោធា ៥ នាក់នឹងត្រូវបញ្ជូនទៅកាន់តុលាកាខេត្តស្វាយរៀងនៅរសៀលថ្ងៃនេះ

https://www.postkhmer.com/ ឃុត សុភចរិយា | Publication date 23 April 2021 | 11:09 ICT

ភ្នំពេញ៖ មន្ត្រីនគរបាលជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង គ្រោងនឹងបញ្ជូនមន្ដ្រីយោធាផ្កាយ ២ នៃអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោកម្នាក់ និងបក្ខពួក ៥ នាក់ផ្សេងទៀត ដែលសុទ្ធសឹងជាមន្ត្រីយោធាទៅតុលាការខេត្តស្វាយរៀងនៅរសៀលថ្ងៃទី ២៣ ខែមេសានេះ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។

លោក នេត សារឿន ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស ខេត្តស្វាយរៀងបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅមុននេះបន្តិចថា លោក ស៊ុំ ពៅ អនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធានៃអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក រួមទាំងមន្ត្រីយោធា ៥ នាក់ទៀត ដែលជាបក្ខពួករបស់គាត់ ត្រូវបានចាប់ខ្លួនកាលយប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ ពាក់ព័ន្ធករណីរត់ពន្ធមនុស្ស ២៨ នាក់ពីភ្នំពេញទៅខេត្តស្វាយរៀង។ លោកថ្លែងថា៖ «នៅពេលនេះ ក្រុមជនសង្ស័យទាំង ៦ នាក់កំពុងស្ថិតក្រោមការស៊ើបសួរចម្លើយនៅឡើយ។ ទោះយ៉ាងណាក៏ដោយ ក្រុមជនសង្ស័យទាំង ៦ នាក់នឹងត្រូវបញ្ជូនទៅកាន់តុលាការខេត្តស្វាយរៀង ក្រោយបញ្ចប់ការស៊ើបសួរចម្លើយនៅរសៀល ឬ ល្ងាចថ្ងៃទី ២៣ ខែមេសានេះ»។ លោក បានប្រាប់ឲ្យដឹងទៀតថា ចំណែក ជនជាតិចិនទាំង ២៨ នាក់ដែលបានរត់គេចពីរាជធានីភ្នំពេញ ដែលជាតំបន់ត្រូវបានបិទខ្ទប់ ដោយសារករណីឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នោះកំពុងត្រូវបានធ្វើកំណត់ហេតុ និងកសាងសំណុំរឿង ដើម្បីបញ្ជូនឲ្យកម្លាំងនគរបាលការិយាល័យ អន្តោប្រវេស រៀបចំសំណុំឯកសារបណ្ដេញចេញពីកម្ពុជាផងដែរ។

ជុំវិញករណីចាប់ខ្លួន លោក ស៊ុំ ពៅ និង និងបក្ខពួកជាមន្ត្រីយោធា ៥ ទៀតខាងលើនេះលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកថ្ងៃទី ២៣ ខែមេសានេះថា ករណីនេះមិនជាប់ពាក់ព័ន្ធស្ថាប័ន និងអង្គភាពយោធានោះទេ។ លោកថ្លែងថា៖ «ករណីលោក ស៊ុំ ពៅ និង បក្ខពួក ៥ នាក់ផ្សេងទៀតនោះ គឺជារឿងបុគ្គល ដែលប្រព្រឹត្តល្មើសច្បាប់ និង បំពានលើបទបញ្ជារបស់កងកម្លាំងពិសេសគឺល្មើសទៅនឹងសេចក្ដីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្ដីពីការបិទខ្ទប់រាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការរីកឆ្លងរាលដាលនៃជំងឺកូវីដ១៩»។ លោកថ្លែងបន្តថា៖ «ករណីនេះ មិនជាប់ពាក់ព័ន្ធនឹងតុលាការយោធាទេ ព្រោះវាពាក់ព័ន្ធករណីរត់ពន្ធមនុស្ស ដែលជាបទល្មើសព្រហ្មទណ្ឌនៃតុលាការស៊ីវិល»។

ជាមួយគ្នានេះលោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានជំរុញឲ្យសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ចាត់វិធានការទៅលើបុគ្គលឈ្មោះ ស៊ុំ ពៅ និង បក្ខពួកជាមន្ត្រីយោធា ៥ នាក់ទៀតនោះទៅតាមនីតិវិធីច្បាប់។ លោកថ្លែងថា៖ «ចំពោះបុគ្គល ស៊ុំ ពៅ នេះ ធ្វើទៅតាមផ្លូវច្បាប់ទៅ។ ខ្ញុំមិនយោគយល់មិនអីទៀតទេ ព្រោះនេះមិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់បាត់ទៅហើយ។ អាហ្នឹងធ្វើទៅតាមហ្នឹងទៅ ធ្វើតាមផ្លូវច្បាប់ទៅ គ្មាននរណាមួយទៅពាំងអ្នកបំពានបទបញ្ជារបស់សម្តេច ខ្ញុំអត់ទទួលទេ»។

បើតាមលោក នេត សារឿន នៅពេលឃាត់ខ្លួនលោក ស៊ុំ ពៅ បានបង្ហាញលិខិតបេសកកម្មមួយសន្លឹក ដែលចេញដោយឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អនុញ្ញាតឲ្យគាត់ធ្វើដំណើរតាមរាជធានី-ខេត្ត ចាប់ពីថ្ងៃទី ០១ ខែមេសា រហូតដល់ថ្ងៃទីផុតកំណត់ទី ៣០ ខែឧសភា ឆ្នាំ ២០២១។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ កម្លាំងនគរបាលខេត្តកែប និងខេត្តកំពតក៏បានបង្ក្រាបការរត់ពន្ធនាំជនជាតិវៀតណាមចំនួន ៧ នាក់ ពីខេត្តព្រះសីហនុទៅវៀតណាមផងដែរ ក្នុងនោះជនជាតិខ្មែរចំនួន ៣ នាក់ក៏ត្រូវបានចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមច្បាប់៕

website_news/2021230407.txt · Last modified: 2021/04/23 12:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki