website_news:2021230601

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២១ របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

https://gdlf-kh.com/ Sam Sophearum កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ថៃ្ងចន្ទ ១២កើត ខែ បឋមាសាឍ ឆ្នូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆមាសទី១ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២១ ក្រោមអធិបតីភាពលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ ខេត្តកំពង់ឆ្នាំង នៅសាលប្រជុំ “ខ ៣” សាលាខេត្តកំពង់ឆ្នាំង។ ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត សមាជិក សមាជិការលេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរ អង្គភាពពាក់ព័ន្ធ លោកស្រី អភិបាលរងក្រុង ស្រុក។ បន្ទាប់ពីស្ដាប់របាយការណ៍របស់អង្គប្រជុំរួចមក លោកជំទាវ ប៊ន សុភី ប្រធានអង្គប្រជុំមានប្រសាសន៍ថា ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន សមាជិក សមាជិកា ទាំងអស់ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេស សហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំ ងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗ ក្នុងនោះត្រូវរាយការណ៍ និងរៀបចំរបាយការណ៍ឱ្យបានរៀងរាល់ខែដើម្បីក្រុមការងារលេខាធិការដ្ឋានបូកសរុបជូនគណៈកម្មាធិការ។ លោកជំទាវ បានមានប្រសាសន៍បញ្ជាក់បន្ថែមដល់ក្រុមការងារធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីផលប៉ះពាល់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន បណ្តុះការស្រលាញ់ការងារដាំដំណាំ កសិកម្មនៅមូលដ្ឋាន វិញ។ ចូលរួមទប់ស្កាត់ មិនចូលរួមក្នុងចលនាបាស់បោរខុសច្បាប់ និងរាយការណ៍ជាបន្ទាន់ចំពោះ មេខ្យល់អូសទាញ តាមគ្រប់រូបភាព ព្រមទាំងចូលរួមថែរក្សាការពារសន្តិភាព ថែរក្សាកូនចៅ ជៀសវាងការរំលោភបំពានផ្លូវភេទ លើស្ត្រីកុមារ និងការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា និងតាមគោលកាណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ៕

website_news/2021230601.txt · Last modified: 2021/06/23 11:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki