website_news:2021230606

ពលករខ្មែរ២២នាក់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន ខណៈពួកគេចាញ់បោកមេខ្យល់ យកទៅបោះបង់ចោល

https://www.kampucheathmey.com/ ថ្ងៃអង្គារ ២២ មិថុនា ២០២១ដោយ KC Virak

ពលករខ្មែរប្រុសស្រីចំនួន២២នាក់ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយពីពួកគេបានចូលទៅរកការងារធ្វើតាមមេខ្យល់ ដោយម្នាក់ៗចំណាយលុយឱ្យមេខ្យល់អស់រាប់ពាន់បាត ហើយមេខ្យល់នាំយកទៅបោះបង់ចោលក្នុងប្រទេសថៃ ទើបសមត្ថកិច្ចថៃឃាត់ខ្លួនតែម្តង។

បើយោងតាមសេចក្ដីរាយការណ៍ពីប្រភពនៅប្រទេសថៃបានឱ្យដឹងថា សមត្ថកិច្ចនៃខេត្តស្រះកែវបានឃាត់ខ្លួនពលករខ្មែរទាំង២២នាក់នោះនៅវេលាម៉ោង០៤:៣០នាទីទៀបភ្លឺ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ដោយសមត្ថកិច្ចថៃព្រំដែនតាប្រាយ៉ា ខេត្តស្រះកែវ។ សមត្ថកិច្ចថៃប្រាប់ដល់ប្រភពបន្តថា ពលករខ្មែរទាំង២២នាក់នោះ មានស្រី១១នាក់ និងប្រុសចំនួន១១នាក់ ដែលពលករទាំងនេះត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់តាមច្រករបៀង ដើម្បីចូលមកប្រទេសថៃ តែត្រូវសមត្ថកិច្ចថៃចាប់បាននៅចំណុចភូមិលូកឆាង ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។

បើយោងតាមការសារាភាពរបស់ពលករខ្មែរទាំង២២នាក់ បានប្រាប់សមត្ថកិច្ចថៃថា ពួកគេធ្វើដំណើរទៅធ្វើការនៅកន្លែងមួយចំនួនផ្សេងៗគ្នារនៅទីក្រុងបាងកក ប្រទេសថៃ ដោយត្រូវចំណាយលុយឱ្យមេខ្យល់នាំផ្លូវក្នុងម្នាក់ចំនួន៦,០០០ ទៅ៨,០០០បាត ដោយមេខ្យល់សន្យាថានឹងជូនពួកគាត់ដល់កន្លែងធ្វើការរៀងៗខ្លួនតែម្តង។ក្រោយសមត្ថកិច្ចថៃសួរនាំរួចពលរដ្នខ្មែរជាពលករទាំង២២នាក់នោះត្រូវបានសមត្ថកិច្ចថៃបញ្ជូនឱ្យមកកម្ពុជាវិញ តាមច្រករបៀងក្នុងស្រុកគោសខ្ជូង អូរបីជាន់ដើម្បីឱ្យសមត្ថកិច្ចកម្ពុជាទទួលយកចាត់ការបន្តតាមផ្លូវច្បាប់៕ សៅ សារិទ្ធ

website_news/2021230606.txt · Last modified: 2021/06/23 11:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki