website_news:2021230607

ចាប់មិនចេះអស់! នៅតែមានការលួចឆ្លងដែនពីថៃមកកម្ពុជា និងពីកម្ពុជាទៅថៃ ទោះបីព្រំដែនត្រូវបានយាមកាមតឹងរ៉ឹងក៏ដោយ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១

(បន្ទាយមានជ័យ)៖ ក្នុងដំណាក់កាលកូវីដ១៩នេះ បើទោះបីព្រំដែនកម្ពុជា-ថៃ មានការយាមកាមតឹងរឹងយ៉ាងណាក៏ដោយ ក៏នៅមានជនជាតិថៃមានបំណងមកធ្វើការនៅកម្ពុជា ខាងពលរដ្ឋកម្ពុជា មានបំណងចង់ធ្វើការនៅថៃ។ ជាក់ស្ដែង ទាហានស្រុកតាប្រាយ៉ា បានចាប់ឃុំខ្លួនក្រុមជនជាតិថៃ ដែលមានបំណងលួចឆ្លងដែនចូលមកធ្វើការនៅកាស៊ីណូប៉ោយប៉ែតចំនួន ៩នាក់ និងចាប់ពលករខ្មែរលួចឆ្លងដែនចូលប្រទេសថៃ ៦នាក់ ផងដែរ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ ខែមិថុនានេះ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចតាមបន្ទាត់ព្រំដែន កាលពីរវេលាម៉ោង១១ និង១២នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បានចាប់ឃុំខ្លួនជនជាតិថៃ ៩នាក់ ក្នុងនោះប្រុស៣នាក់ និងស្រី៦នាក់ កំពុងលួចឆ្លងដែនទៅខាងប្រទេសកម្ពុជា។ បន្ទាប់ពីសមត្ថកិច្ចសួរនាំពួកគេឲ្យដឹងថា ជនជាតិថៃទាំងនេះ បានទទួលការណែនាំពីមិត្តភ័ក្តដែលធ្វើការនៅក្រុមហ៊ុនកាស៊ីណូនៅប៉ោយប៉ែតឲ្យមកធ្វើការនៅទីនោះ ដោយទទួលបាន ប្រាក់ខែក្នុង១ខែ ចំនួន២១.០០០បាត និងធ្វើការមានកំណត់៦ខែ ហើយការធ្វើដំណើរក្រុមហ៊ុនជាអ្នកចំណាយលុយអ្នកទាំងអស់ ពួកគេបានធ្វើការទំនាក់ទំនងគ្នាតាមផេក ហើយថានឹងមានរថយន្តមកទទួលនៅអារញ្ញ និងដឹកទៅស្នាក់នៅបរិវេណព្រៃម្ខាងវត្ត ណងយ៉ាកែវ នៅម៉ោង០៧ នឹង២៤នាទីយប់ រហូតដល់ម៉ោង២២នឹង៣០នាទីយប់ ទើបផ្ដើមចេញដំណើរពីបរិវេណវត្តខាងលើ រហូតដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង។

បន្ទាប់ពីចាប់ខ្លួនជនជាតិថៃរួចមក នូវវេលាម៉ោង១រំលងអាធ្រាត ឈានចូលព្រឹកថ្ងៃទី២១ ខែមិថុនា សមត្ថកិច្ចស្រុកតាប្រាយ៉ា ខេត្តស្រះកែវ បានចាប់ឃាត់ខ្លួនពលករខ្មែរចំនួន៦នាក់ ដែលលួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ ក្នុងនោះប្រុស៥នាក់ និងស្រីម្នាក់ នៅបរិវេណចំការដំឡូង ក្រោយភូមិទព័សៀម ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ដោយមានមេខ្យល់ជនជាតិខ្មែរមិនស្គាល់ឈ្មោះជាអ្នកនាំផ្លូវ ដើរមកពីប្រទេសកម្ពុជា ដោយចំណាយលុយក្នុងម្នាក់៦.០០០បាត និងចង់ទៅធ្វើការនៅខេត្តនន់ថះបុរី ខាងផ្នែកសំណង់។

សមត្ថកិច្ចខាងលើបញ្ជាក់ថា ចំពោះជនជាតិថៃទាំង៩នាក់ ដែលត្រូវចាប់ខ្លួនបានបញ្ជូនទៅសមត្ថកិច្ចជំនាញស្រុកគោកឃ្យូង ដើម្បីចាត់ការតាមច្បាប់។ ដោយឡែកពលរដ្ឋខ្មែរ ៦នាក់ទៀត ក្រោយធ្វើកំណត់ហេតុឃាត់ខ្លួនហើយ សមត្ថកិច្ចនឹងធ្វើការបញ្ជូនមកកម្ពុជាវិញ៕

website_news/2021230607.txt · Last modified: 2021/06/23 11:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki