website_news:2021230608

ពលករខ្មែរជាច្រើននាក់ឆ្លងជំងឺកូវីដ១៩ នៅប្រទេសថៃ ដង្ហោយហៅរដ្ឋាភិបាល ជួយពួកគាត់ជាបន្ទាន់

https://www.rfa.org/khmer/news/ ដោយ មួង ណារ៉េត2021-06-21

ពលករខ្មែរធ្វើការនៅប្រទេសថៃទាំងនោះព្រួយបារម្ភខ្លាចគ្រោះថ្នាក់ដល់អាយុជីវិតក្នុងគ្រាអាសន្ននេះ ព្រោះពួកគាត់មានសុខភាពទ្រុឌទ្រោមបណ្ដើរហើយ ដោយពុំមានថ្នាំព្យាបាលនិងគ្មានអាហារហូបចុកគ្រប់គ្រាន់នោះទេ។

ពលករមានស្រុកកំណើតនៅខេត្តឧត្ដរមានជ័យម្នាក់លោក រាប សារិន ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី២១ ខែមិថុនាថា លោកឆ្លងជំងឺកូវីដ១៩រយៈពេលមួយសប្ដាហ៍មកហើយ ប៉ុន្តែពុំមានអាជ្ញាធរណាមកសួរសុខទុក្ខ ឬ បញ្ជូនគាត់ទៅព្យាបាលជំងឺនៅឡើយទេ។ ពលករធ្វើការសំណង់នៅទីក្រុងបាងកករូបនេះកំពុងធ្លាក់ខ្លួនឈឺ ដោយមិនអាចធ្វើការងារអ្វីបានឡើយ។ ពលករវ័យ ៣៧ ឆ្នាំរូបនេះបន្តថា បច្ចុប្បន្នលោកស្នាក់នៅក្នុងតង់កៅស៊ូនៅកន្លែងធ្វើការងារយ៉ាងវេទនា និងគ្មានអាហារហូបចុកគ្រប់គ្រាន់នោះទេ៖ «ភ័យណាស់បងខ្ញុំបែកប្រពន្ធបែកកូនហើយ វាឈឺក ហើយធ្វើឱ្យដេកវាមិនលក់ ហើយវាឈឺក្បាលដូចគេថា ពីមុនកូវីដ ដល់ពេលកើតខ្លួនឯងបានដឹង។ អស់កម្លាំងពីខ្លួនរលីងវាអត់ឱ្យឃ្លានបណ្ដោយ គេឱ្យថ្នាំប៉ារ៉ាលេប។ ខ្ញុំសូមអោយរដ្ឋាភិបាលជួយអន្តរាគមន៍ឱ្យគេយកខ្ញុំទៅពេទ្យផង កុំឱ្យទុកចោលអីចឹង។ ខ្ញុំអត់មានលុយកាក់ទេ»។

ដូចគ្នានេះដែរ ពលការិនីខ្មែរធ្វើការសំណង់នៅក្រុងបាងកកម្នាក់ទៀតលោកស្រី រាប ស្រីពៅ ថ្លែងថា លោកស្រីនិងកូនរបស់គាត់អាយុ ៥ ខែ បានឆ្លងជំងឺកូវីដ១៩ រយៈពេល ៤ ថ្ងៃមកហើយ ដោយពុំមានថ្នាំលេបព្យាបាលជំងឺនៅឡើយទេ។ ស្ត្រីកូនខ្ចីរូបនេះប្រាប់ថា ដោយសារគ្មានអាហារហូបគ្រប់គ្រាន់ធ្វើឱ្យលោកស្រីគ្មានទឹកដោះបំបៅកូននោះទេ។ លោកស្រីបន្តថា ចាប់តាំងពីឆ្លងជំងឺកាចសាហាវនេះមក ថៅកែជនជាតិថៃបានបង្ខាំងលោកស្រី និងពលករដែលឆ្លងជំងឺកូវីដ១៩ជាច្រើននាក់ទៀតឱ្យនៅមួយកន្លែង ប៉ុន្តែមិនបានផ្ដល់ស្បៀងអាហារជូនដល់ពួកគាត់ហូបចុកគ្រប់គ្រាន់ឡើយ។ ស្ត្រីវ័យ ២២ ឆ្នាំរូបនេះព្រួយបារម្ភខ្លាចសុខភាពទ្រុឌទ្រោម បណ្ដាលឱ្យគ្រោះថ្នាក់ធំទាំងម្ដាយនិងកូន៖ «គេអោយតែថ្នាំប៉ារ៉ាសេតាមលពេទ្យក៏មិនមកមើល ពេទ្យមកមើលបានត្រឹមតែថតរូបហើយទៅវិញអត់មានសួរនាំអីគ្នាបន្តិច អត់មានយករបស់អីមកត្រួតគ្នាថា គ្នាយ៉ាងម៉េចហើយ បានត្រឹមតែមកថតរូបហើយទៅវិញ។ គេអត់យកចិត្តទុកដាក់នឹងប្រជាជនខ្មែរយើងទេ ប្រជាពលរដ្ឋគេ គេយកទៅម្ដងមួយៗ តែប្រជាពលរដ្ឋយើងអត់សោះ គឺសំខាន់ឱ្យគេយកកូនខ្មែរទៅមុខ ខ្ញុំប្រាប់គេហើយថា កូនខ្ញុំដកដង្ហើមលំបាក តែគេអត់យកទៅ។ យើងហូបតែត្រីខ ពងទាររាល់ថ្ងៃយើងអត់មានកម្លាំងទេ ព្រោះវាធ្វើទុក្ខខាងប្រព័ន្ធដកដង្ហើម។ ណាមួយយើងនៅអីចឹងថវិកាក៏អត់គ្រប់គ្រាន់ដែរព្រោះយើងត្រូវចាយវាយរាល់ថ្ងៃទិញរបស់របររាល់ថ្ងៃ»។

នៅកន្លែងធ្វើការរបស់ពលករខ្មែរមួយក្រុមនេះ មានពលករខ្មែរប្រហែល ៥០ នាក់បានឆ្លងជំងឺកូវីដ១៩។ ក្នុងនោះមានកុមារអាយុ ៩ ឆ្នាំម្នាក់ និងទារកអាយុក្រោម ៩ខែ ២នាក់បានឆ្លងជំងឺកាចសាហាវនេះ ហើយមានពលករខ្លះបានឈឺធ្ងន់ធ្ងរ។ កាលពីថ្ងៃទី២០ ខែមិថុនា ក្រុមពលករទាំងនេះបានប្រមូលផ្ដុំគ្នាថតវីដេអូបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន អំពាវនាវដល់រដ្ឋាភិបាលខ្មែរនិងថៃឱ្យជួយសង្គ្រោះអាយុជីវិតរបស់ពួកគាត់ជាបន្ទាន់។ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានអាជ្ញាធរណាចុះទៅជួយដល់ពួកគាត់នៅឡើយទេ៖ «សុំឱ្យរដ្ឋាភិបាលជួយកូនចៅផងនៅប្រទេសថៃ កើតជំងឺកូវីដគេមិនយកទៅពេទ្យទេ នៅផ្លូវវិផាវឌីច្រកទី២០ គេឃុំមិនឱ្យចេញទៅណាទេ គេយកតែកូនថៃទៅ គេឱ្យហូបតែត្រីខ ពងមាន់ និងមីកញ្ចប់។ គេយកមកទុកចោលជាង១អាទិត្យហើយ សូមឱ្យសម្ដេច ហ៊ុន សែន ជួយកូនចៅផង នៅប្រទេសថៃ គេយកតែកូនថៃទៅព្យាបាលទេ ខ្មែរយើងគេមិនយកទៅពេទ្យទេគេថា ចាំណេះថ្ងៃណោះជាង១អាទិត្យហើយ»។

អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ និងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ដើម្បីសុំអត្ថាធិប្បាយជុំវិញពីក្ដីកង្វល់របស់ពលករខ្មែរនេះបានទេនៅថ្ងៃទី២១ ខែមិថុនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។ ប៉ុន្តែមន្ត្រីស្ថានទូតខ្មែរនៅទីក្រុងបាងកកបានទូរស័ព្ទប្រាប់ក្រុមពលករទាំងនោះថា ស្ថានទូតខ្មែរបានស្នើទៅអាជ្ញាធរថៃ ដើម្បីឱ្យជួយដោះស្រាយបញ្ហានេះហើយ។បន្ថែមពីនេះអាជ្ញាធរថៃបានតម្រូវឱ្យពួកគាត់ស្នាក់នៅព្យាបាលជំងឺកូវីដ១៩នៅកន្លែងធ្វើការងារដដែល។ ទោះជាយ៉ាងណាមន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកពលករលោក ឌី ថេហូយ៉ា យល់ថា រដ្ឋាភិបាលខ្មែរគួរតែអន្តរាគមន៍ជួយដល់ក្រុមពលករទាំងនោះជាបន្ទាន់ ដើម្បីការពារកុំឱ្យពួកគាត់ជួបគ្រោះថ្នាក់ធំនៅពេលខាងមុខ។ លោកបញ្ជាក់ទៀតថា បញ្ហានេះប្រសិនបើអាជ្ញាធរប្រទេសទាំង២មិនឆាប់ដោះស្រាយទេនោះ អាចនឹងធ្វើឱ្យពលករខ្លះធ្លាក់ខ្លួនឈឺធ្ងន់ ហើយមិនអាចជួយសង្គ្រោះបានទាន់ពេលវេលានោះទេ ជាពិសេសកុមារតូចៗដែលមានកម្លាំងទន់ខ្សោយ៖ «ត្រូវមើលដែរថៅកែណាដែលគិតព្យាយាមលាក់បាំងអំពីជំងឺកូវីដហ្នឹង រដ្ឋាភិបាលថៃគួរតែចាត់វិធានការធ្ងន់ធ្ងរ ព្រោះកាលណា លាក់បាំងព័ត៌មានវាបណ្ដោយឱ្យពួកគាត់កាន់តែប្រឈមខ្លាំង។ ទី២ វាអត់មានជាវិធានការទប់ស្កាត់ វាជាការបណ្ដែតបណ្ដោយឱ្យមានការឆ្លងបន្ថែមទៀត។ ទី៣ហ្នឹងគឺថា ស្ថានទូតខ្មែរនៅប្រទេសថៃហ្នឹង ត្រូវតែតាមដានព័ត៌មានហ្នឹងឱ្យបានច្បាស់ ហើយឆ្លើយតបឱ្យត្រូវពេលវេលា»។

កន្លងមកមានពលករខ្មែរធ្វើការនៅប្រទេសថៃជាច្រើននាក់ ដែលបានឆ្លងជំងឺកូវីដ១៩ពួកគាត់បានបង្ហោះសារនៅក្នុងបណ្ដាលសង្គមហ្វេសប៊ុក បង្ហាញពីទុក្ខលំបាករបស់ខ្លួន ដូចជា គ្មានស្បៀងអាហារហូបចុក និងគ្មានគ្រូពេទ្យព្យាបាលជំងឺជាដើម។ មន្ត្រីសង្គមស៊ីវិលលោក ឌី ថេហូយ៉ា លើកទឹកចិត្តដល់ពលករឱ្យចេះសម្ដែងមតិបង្ហាញពីទុក្ខកង្វល់របស់ខ្លួនតាមបណ្ដាញសង្គមបន្តទៀត ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធនិងសាធារណជនបានដឹង និងជួយដល់ពួកគាត់បានទាន់ពេលវេលា។ របាយការណ៍អង្គការសង់ត្រាល់ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការស្របច្បាប់និងមិនស្របច្បាប់មានជាង ១លាន ៨សែន នាក់ (១,៨០០,០០០) ធ្វើការនៅប្រទេសថៃ៕

website_news/2021230608.txt · Last modified: 2021/06/23 11:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki