website_news:2021230701

មន្ត្រីអំពាវនាវកុំឱ្យពលរដ្ឋឆ្លងដែនទៅថៃ ខណៈការបង្ក្រាបការជួញដូរមនុស្ស ៦ ខែកើនឡើង

https://www.postkhmer.com/ រី សុចាន់ | Publication date 22 July 2021 | 08:57 ICT

ភ្នំពេញៈ មន្ត្រីក្រសួងមហាផ្ទៃអំពាវនាវដល់ពលរដ្ឋ មិនត្រូវឆ្លងដែនរកការងារធ្វើនៅប្រទេសថៃនោះទេ ក្នុងកាលៈទេសៈនេះ ព្រោះវាអាចបង្កហានិភ័យ ខណៈក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ការបង្ក្រាបការជួញដូរមនុស្សពីសមត្ថកិច្ចកម្ពុជា បានកើនឡើងខ្ពស់ដែលមានជិត ២០០ ករណី បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំមុនគឺមានត្រឹមតែជាង ៦០ ករណីប៉ុណ្ណោះ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា៖ «ក្នុង ៦ ខែដើមឆ្នាំ ២០២០ អាហ្នឹងមាន ៦៣ ករណី ហើយដល់ពេលមកដល់ឆ្នាំ ២០២១ គឺ ៦ ខែដើមឆ្នាំដូចគ្នាហ្នឹង មាន ១៩៨ ករណី។ បើនិយាយពីការងារដែលយើងធ្វើហ្នឹងច្រើន»។ លោកស្រីបញ្ជាក់ថា ខណៈពលករចំណាកស្រុកជាច្រើននាក់បានវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ ក៏មានពលរដ្ឋកម្ពុជាមួយចំនួនត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់ទៅប្រទេសថៃវិញផងដែរ ដែលធ្វើឱ្យពួកគេទទួលរងនូវការបោកប្រាស់ពីឈ្មួញ។ លោកស្រី ជូ ប៊ុនអេង បានបន្តថា៖ «ប៉ុន្តែមានន័យថា គឺជាមុខរបររបស់ឈ្មួញដែលគាត់ជួញដូរមនុស្សហ្នឹងហើយ ដោយសារតែពួកគាត់ហ្នឹងឆ្លៀតឱកាសដោយនឹកឃើញថា ប្រហែលជារដ្ឋាភិបាលហ្នឹង ព្រងើយកន្តើយហើយ [ព្រោះ] ជាប់ដៃជាមួយនឹងកូវីដអ៊ីចឹង។ ប៉ុន្តែការពិតទៅ យើងមិនបានបោះបង់ការងារហ្នឹងទេ»។ លោកស្រីបញ្ជាក់ថា ការបង្ក្រាបការនាំចេញមនុស្សឆ្លងដែនដោយមិនស្របច្បាប់ទៅកាន់ប្រទេសថៃនេះ មានចំនួនច្រើនជាងគេគឺ ១២១ ករណី។

កាលពីមុនអំពើជួញដូរមនុស្សភាគច្រើនត្រូវបានរាយការណ៍ពីជនរងគ្រោះពីក្រៅប្រទេសមកវិញ ប៉ុន្តែនៅពេលនេះពលរដ្ឋកម្ពុជាមិនអាចធ្វើដំណើរឆ្លងដែនទៅកាន់ប្រទេសជិតខាងបានទេ ដោយសារមានការបិទព្រំដែនដើម្បីបង្ការជំងឺកូវីដ ១៩។ លោកស្រី រដ្ឋលេខាធិការ បានបន្ថែមថា៖ «យើងបង្ក្រាបដើម្បីបង្ការកុំឱ្យគាត់ចេញ ដោយសារតែនៅក្នុងដំណាក់កាលនេះគឺប្រទេសជិតខាងគេបានបិទព្រំដែននៅក្នុងរឿងកូវីដហើយ។ អ៊ីចឹងប្រសិន បើយើងចេញក្នុងពេលនេះគឺគ្មានសុវត្ថិភាពទេ»។ លោកស្រីបញ្ជាក់ទៀតថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះសាលាដំបូងរាជធានី ខេត្ត បានធ្វើការពាក់ព័ន្ធអំពើជួញដូរមនុស្សជាង ៤០០ ករណី ហើយចំណាត់ការរបស់ចៅក្រមស៊ើបសួរលើអំពើជួញដូរនេះ មានជាង ៣០០ ករណី ខណៈការសម្រេចក្តីចុងក្រោយរបស់តុលាការមានជាង ២០០ ករណី។ ជាមួយគ្នានេះ លោកស្រី ជូ ប៊ុនអេង បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងដំណាក់កាលនៃការរាតត្បាតជំងឺរាតត្បាតនេះ មិនគួរសម្រេចចិត្តឆ្លងដែនដោយខុសច្បាប់ទៅកាន់ប្រទេសថៃនោះទេ ព្រោះវាមិនមែនជាឱកាសល្អនោះទេ។

វានឹងនាំឱ្យពួកគេមិនអាចសម្រេចបានគោលដៅ អាចចាញ់បោកមេខ្យល់ ខាតបង់ពេលវេលា និងប្រាក់កាស ពិសេសហានិភ័យឆ្លងជំងឺកូវីដ ១៩។ លោកស្រីបានបន្តថា ប្រសិនបើមានមេខ្យល់នាំប្រជាពលរដ្ឋចេញទៅកាន់ប្រទេសថៃ ហើយត្រូវការប្រាក់ជាមុនជាថ្នូរនឹងផលប្រយោជន៍ផ្សេងៗ ទោះបីក្នុងមធ្យោបាយណាក៏ដោយនៅក្នុងដំណាក់កាលបច្ចុប្បន្ននេះប្រជាពលរដ្ឋភាគច្រើននឹងត្រូវបានឆបោកដោយមេខ្យល់។ លោកស្រី ជូ ប៊ុនអេង បានបន្ថែមទៀតថា៖ «ក្នុងករណីកន្លងមកហ្នឹង គឺមានមេខ្យល់ដែលនាំយកទៅបោះចោលនៅតាមព្រំដែនហ្នឹងមិនតិចទេ ហើយក៏មានមេខ្យល់ជាជនជាតិគេទៅទៀត ជាជនជាតិថៃហ្នឹងដែលមកយកប្រជាពលរដ្ឋខ្មែរទៅហ្នឹងគឺគេមកចាំទទួលនៅទល់ដែន។ អ៊ីចឹងដល់ពេលយកទៅ យកទៅដាក់ចោល។ មានបញ្ហាខ្លះដាក់ចោលក្នុងវត្ត តាមព្រៃ រួចហើយប៉ូលិសមកចាប់ទៅ»។ ទីបំផុត គេចាប់មេខ្យល់មិនដែលបាន ខាងគេ [ថៃ] ហ្នឹង»។

លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីម្សិលមិញថា លោកទទួលស្គាល់អាជ្ញាធរមានការបង្ក្រាប និងទប់ស្កាត់លើការជួញដូរមនុស្សបានច្រើនករណី ប៉ុន្តែបញ្ហានេះនៅតែជាកង្វល់ និងក្តីបារម្ភនៅឡើយ ព្រោះក៏វាអាចនឹងបន្តកើតមានតទៅទៀតដែរ។ លោកបានថ្លែងថា៖ «អ៊ីចឹងធ្វើយ៉ាងម៉េច កម្ពុជាយើងត្រូវតែពង្រឹងបន្ថែមនូវកិច្ចការពារ និងការបង្ក្រាបទៅលើការជួញដូរមនុស្សនេះ។ នៅក្នុងប្រទេសយើងគឺត្រូវតែមានការផ្សព្វផ្សាយ និងការអប់រំបន្ថែមសម្រាប់ប្រជាពលរដ្ឋដើម្បីឱ្យមានការយល់ដឹងអំពីការជួញដូរមនុស្ស ហើយរួមគ្នាក្នុងការទប់ស្កាត់ និងបង្ការពីការជួញដូរមនុស្ស»។ លោក អំ សំអាត ថ្លែងថា អាជ្ញាធរត្រូវពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធការជួញដូរមនុស្សដោយត្រូវបង្ក្រាប និងស្វែងរកចាប់ខ្លួនជនដែលពាក់ព័ន្ធនឹងការជួញដូរមនុស្សមកអនុវត្តតាមផ្លូវច្បាប់ទោះបីអ្នកប្រព្រឹត្តមានឋានន្តរស័ក្តិ ឬអ្នកណាក៏ដោយ។ លោកបានបញ្ជាក់ថា៖ «កម្ពុជាត្រូវតែបង្កើនកិច្ចប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសជិតខាងបន្ថែមទៀតដើម្បីទប់ស្កាត់ក្នុងការឆ្លងដែន ឬក៏ជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀត»៕

website_news/2021230701.txt · Last modified: 2021/07/23 10:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki