website_news:2021230705

អង្គការសង់ត្រាល់ រកឃើញពលករខ្មែរនៅថៃប្រមាណ ៩ ០០០ នាក់ បានឆ្លងជំងឺកូវីដ ១៩

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 22 July 2021 | 12:23 ICT

ភ្នំពេញៈ មន្ត្រីឃ្លាំមើលសិទ្ធិការងារ (សង់ត្រាល់) ប្រចាំប្រទេសថៃ បានឲ្យដឹងថាគិតមកទល់ពេលនេះចំនួនពលករខ្មែរដែលបានឆ្លងជំងឺកូវីដ ១៩ នៅប្រទេសថៃ មានប្រមាណ ៩០០០នាក់ ខណៈចំនួនឆ្លងសរុបក្នុងប្រទេសនេះពី ១ ថ្ងៃ ទៅ ១ ថ្ងៃ មានការកើនឡើងរហូតដល់ខ្ទង់ម៉ឺននាក់។ លោក លឹម សុផុន ជាក្រុមការងារនៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២២ កក្កដានេះថា បងប្អូនពលករខ្មែរបានឆ្លងកូវីដ ១៩ នៅប្រទេសថៃ គឺមានប្រមាណ ៩ ០០០ នាក់។ លោកបានអះអាងថា តួលេខនេះគឺយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលថៃ ដែលបានធ្វើបច្ចុប្បន្នភាព ចំពោះអ្នកឆ្លងនៅក្នុងប្រទេសនេះសរុបមកទល់ពេលនេះ ។ លោកបានរៀបរាប់ថា៖ «ទាំងនេះ គឺចំនួនបងប្អូនខ្មែរយើងឆ្លងនៅថៃ ជាពិសេសគឺបងប្អូនពលករខ្មែរ។ សម្រាប់ចំនួនទូទៅដែលឆ្លងក្នុងប្រទេសថៃ គឺមានការឆ្លងកាន់តែច្រើនក្នុង ១ ថ្ងៃៗឆ្លងរហូតដល់ជាង១ម៉ឺននាក់ ខណៈរដ្ឋាភិបាលប្រកាសបិទមិនឲ្យមានការចរាចរដល់ទៅ ១០ ខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩»។ លោក លឹម សុផុន ដែលបានតាមដានស្ថានការណ៍ពលករខ្មែរនៅប្រទេសថៃ ជាប់ជាប្រចាំ បានបញ្ជាក់ថាការដ្ឋាននៅទីក្រុងបាងកក និងខេត្តជុំវិញនេះចំនួន ១០ ខេត្ត គឺត្រូវរដ្ឋាភិបាលថៃប្រកាសបិទខ្ទប់។ ស្ថានការណ៍នេះ បានធ្វើឲ្យពលករខ្មែរក៏ប្រឈមនឹងបញ្ហាលំបាកផងដែរ ជាពិសេសពលករដែលរស់នៅ និងធ្វើការខុសច្បាប់។

លោកបានបញ្ជាក់ថា៖ «ក្នុងអំឡុងពេលបិទបងប្អូននេះ រដ្ឋាភិបាលថៃក៏បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់ពលករដែលតម្រូវឱ្យផ្អាកការងារប្រមាណ៧ពាន់បាត ក្នុង ១ ខែ រួមជាមួយនឹងស្បៀងអាហារមួយចំនួនផងដែរ។ ប៉ុន្តែយ៉ាងណា ការផ្តល់ប្រាក់ឧបត្ថម្ភទាំងនេះ គឺទទួលបានសម្រាប់តែពលករដែលធ្វើការស្របច្បាប់ប៉ុណ្ណោះ»។លោកបានបន្តថា៖ «ចំណែកពលករដែលរស់នៅនិងធ្វើការដោយខុសច្បាប់ គឺមិនត្រូវទទួលបានអត្ថប្រយោជន៍ទាំងនេះទេ ដូច្នេះខ្ញុំរំពឹងថា រដ្ឋាភិបាលខ្មែរ នឹងបន្តពិភាក្សាបន្តទៀត ជាមួយរដ្ឋាភិបាលថៃ ដើម្បីជួយដល់ពលករខ្មែរ ដែលកំពុងប្រឈមនឹងបញ្ហាទាំងនេះ»។

តាមតួលេខដែលប្រកាសពីប្រទេសថៃ ក្នុង ១ ថ្ងៃ ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសនេះបានឆ្លងជំងឺកូវីដ ១៩ ដល់ទៅរាប់ម៉ឺននាក់ និងស្លាប់ដល់ទៅជិត ១០០ នាក់ ខណៈខេត្តដែលផ្ទុះជំងឺនេះ មិនមានកន្លែងដាក់អ្នកជំងឺនោះទេ ជាហេតុនាំឲ្យអ្នកជំងឺគ្មានកន្លែងព្យាបាលនិងត្រូវរង់ចាំកន្លែងព្យាបាលនៅខាងក្រៅមន្ទីរពេទ្យ។ នេះបើតាមមន្ត្រីឃ្លាំងមើលសិទ្ធិការងារខាងលើ៕

website_news/2021230705.txt · Last modified: 2021/07/23 10:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki