website_news:2021230706

អាជ្ញាធរខេត្តប៉ៃលិន ត្រៀមខ្លួនជាស្រេច ក្នុងការទទួលពលករឆ្លងដែនពីប្រទេសថៃ

https://kohsantepheapdaily.com.kh/ ២២ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ២៣:០៨

ខេត្តប៉ៃលិន៖ សេចក្តីរាយការណ៍ពីព្រំដែនកម្ពុជា-ថៃ បានឱ្យដឹងថា ក្នុង១ថ្ងៃៗ ពលករឆ្លងដែនពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មិនតិចជាង ៤០ ទៅ ៥០នាក់នោះឡើយ ដោយមានថ្ងៃខ្លះ ឡើងរហូតដល់ ៧០នាក់ ទៅ ៨០នាក់ឯណោះ។ ភាគច្រើន ពលករទាំងនោះ មិនត្រឹមតែជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិននោះឡើយ គឺមកពីតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរខេត្ត ត្រៀមខ្លួនជាស្រេច ក្នុងការទទួលពួកគាត់ឱ្យចូលកន្លែងធ្វើចត្តាឡីស័ក ដើម្បីពិនិត្យរកមើលវីរុសកូវីដ ១៩ លុះធ្វើតេស្តរហ័សឃើញផ្ទុកមេរោគនេះ ក្រុមគ្រូពេទ្យ រៀបចំបញ្ជូនទៅកន្លែងព្យាបាល ដែលបានរៀបចំទុកជាស្រេច។

ជាក់ស្តែង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ មានពលករឆ្លងដែនពីប្រទេសថៃ ប្រមាណ ៥០ ទៅ ៦០នាក់ កំពុងនាំគ្នា ចូលមកក្នុងប្រទេសកម្ពុជា ខណ:នៅទីនោះ មានការផ្ទុះឡើងនៃជំងឺកូវីដ ១៩ គួរឱ្យព្រួយបារម្ភ។ទោះបីជាយ៉ាងណា ក្រុមគ្រូពេទ្យ ក្រុមយុវជន ស.ស.យ.ក ខេត្ត និងមន្ត្រីប្រចាំការ នៅតាមគោលដៅ ច្រកទ្វារ និងច្រករបៀង មិនបណ្តែតបណ្តោយឱ្យពលករណាម្នាក់ របូតចូលមកក្នុងខេត្តប៉ៃលិន ដោយមិនបានពិនិត្យ ឱ្យបានដិតដល់នោះឡើយ។ ប្រភពព័ត៌មាន បានឱ្យដឹងថា តាំងពីព្រឹករហូតមកដល់រសៀលថ្ងៃដដែល មានពលករឆ្លងដែនមកពីប្រទេសថៃ ចូលក្នុងប្រទេសកម្ពុជា ប្រមាណ ៥២នាក់ ក្នុងនោះ អ្នករស់នៅខេត្តបាត់ដំបង ចំនួន ២១នាក់ (ស្រី ៨នាក់ ក្មេង ៤នាក់) អ្នករស់នៅខេត្តបន្ទាយមានជ័យ ចំនួន ១៨នាក់ (ស្រី ៩នាក់ ក្មេង ៣នាក់) អ្នករស់នៅខេត្តកំពង់ស្ពឺម្នាក់ អ្នករស់នៅខេត្តព្រៃវែង ៧នាក់ (ស្រីម្នាក់) អ្នករស់នៅខេត្តក្រចេះ ៣នាក់ (ស្រីម្នាក់ ក្មេង ២នាក់) និងអ្នករស់នៅខេត្តប៉ៃលិន ២នាក់ (ស្រីម្នាក់) រកឃើញបុរសម្នាក់ រស់នៅក្នុងខេត្តប៉ៃលិន មានផ្ទុកវីរុសកូវីដ ១៩។

ប្រភព័ត៌មានពីឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងជាប្រធាន អនុគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ប្រចាំការច្រកទ្វារអន្តរជាតិព្រំ និងច្រករបៀង បានបញ្ជាក់ថា ក្នុង ១ថ្ងៃៗ ពលករឆ្លងដែនពីប្រទេសថៃ ចូលមកក្នុងទឹកដីខេត្តប៉ៃលិន មិនក្រោម ៥០នាក់នោះឡើយ ហើយរដ្ឋបាលខេត្តប៉ៃលិន ត្រៀមខ្លួនជាស្រេច ក្នុងការទទួលពួកគាត់ ដាក់នៅកន្លែងចត្តាឡីស័ក រួចពិនិត្យព្យាបាល ក្នុងករណីរកឃើញវីរុសកូវីដ ១៩។ តែអ្នកដែលមិនទាន់រកឃើញ គឺឱ្យស្នាក់នៅ ធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃសិន ទើបអនុញ្ញាតឱ្យទៅស្រុកកំណើតរបស់ខ្លួន។ ឯកឧត្តមបញ្ជាក់ថា ទោះបីជាពលករ រស់នៅខេត្តណាក៏ដោយ គឺអាជ្ញាធរខេត្តប៉ៃលិន ជាអ្នកទទួលខុសត្រូវ ដោយយកពួកគាត់ ទៅដាក់នៅកន្លែង ដែលបានរៀបចំថ្មីៗ បន្ថែមទៀត ហើយក៏មានអ្នកជាសះស្បើយចេញទៅស្រុកកំណើតជាបណ្តើរៗ និងមានពលករមកពីប្រទេសថៃ ជាបន្តបន្ទាប់ផងដែរ។ ទោះបីជាយ៉ាងណា ក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញ នៅតែផ្លាស់ប្តូរវេណគ្នា ប្រចាំការជាប់ជានិច្ច មិនរអ៊ូរទាំ ឬត្អូញត្អែរនោះឡើយ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ចូលក្នុងសហគមន៍៕ នីយ៉ា

website_news/2021230706.txt · Last modified: 2021/07/23 10:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki