website_news:2021230803

ពលករខ្មែរ៣នាក់ ស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏នៅថៃ មិនទាន់រកសាច់ញាតិឃើញ

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ២១ សីហា ២០២១ដោយ Dy Bunnara

អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ កំពុងតែស្វែងរកសាច់ញាតិរបស់ពលករខ្មែរចំនួន៣នាក់ ដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ ដោយរថយន្តធ្លាក់ចូលទឹក កាលពីថ្ងៃទី១៩ ខែសីហា ដើម្បីទាមទារសំណងតាមផ្លូវច្បាប់ពីអាជ្ញាធរថៃ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ករណីរថយន្តបើកធ្លាក់ទឹកកាលពីថ្ងៃទី១៩ ខែសីហា បណ្តាលឲ្យស្លាប់ចំនួន៤នាក់នោះ មិនមែនខ្មែរទាំងអស់ទេ គឺតៃកុងឡានថៃម្នាក់ ហើយ៣នាក់ទៀត គឺជាម្ដាយ និងកូនតូច២នាក់ជនជាតិខ្មែរ។ លោកថា មកដល់ពេលនេះ សពពលរដ្ឋខ្មែរនេះ ត្រូវបានអគ្គកុងស៊ុលកម្ពុជា នាំយកមឈូសទៅដាក់ និងបញ្ជូនមកទឹកដីខ្មែរវិញហើយ។ ចំណែកឯកអគ្គកុងស៊ុលកម្ពុជា កំពុងតែស្វែងរកសាច់ញាតិ ដើម្បីទៅរកដំណោះស្រាយតាមផ្លូវច្បាប់ទាក់ទងទៅនឹងសំណងផ្សេងៗ។

គួររំលឹកថា កាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០ នាទីថ្ងៃត្រង់ ក្នុងស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ មានរថយន្តស៊េរីទំនើបមួយគ្រឿងដឹកពលករខ្មែរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលីសថៃចំនួន២កន្លែងត្រូវបានប៉ូលិសដេញតាមពីក្រោយ ដោយបើកបរក្នុងល្បឿនលឿនពេក ក៏រ៉េចង្កូតធ្លាក់ចូលក្នុងស្រះទឹកតែម្តង។

យោងតាមបានរាយការណ៍បន្ថែមពីហេតុការណ៍នេះថា រថយន្តក្រឡាប់ ត្រូវបានត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងកំពុងសួរចម្លើយអ្នករងរបួស ដែលនៅមានជីវិតអង្គុយក្នុងរថយន្ត បានផ្តល់ព័ត៌មានថា ពួកគេមកពីផ្សាររោងក្លឿ តាមរយៈការទាក់ទងមេខ្យល់មានមនុស្សមកទទួលហើយបង់លុយ ៧៥០០ បាតក្នុងមួយនាក់ មកជាមួយគ្នា៧ នាក់ គឺប្រុសចំនួន២នាក់ ស្រីចំនួន០៣នាក់ និងក្មេងស្រីចំនួន០២នាក់ អាយុ០២ឆ្នាំម្នាក់ និង អាយុ១ខែម្នាក់ រួមជាមួយអ្នកបើកបរជាជនជាតិថៃម្នាក់ សរុបចំនួន០៨ នាក់។

នៅពេលមកដល់ប៉ុស្តិ៍ប៉ូលិសណងសាង ជាប៉ុស្តិ៍ត្រួតពិនិត្យរបស់មន្ត្រីប៉ូលីស និងអនុរក្សការពារព្រំដែន ស្រាប់តែអ្នកបើកបរបានបង្កើនល្បឿនឡើង ដើម្បីគេចវេសពីប៉ុស្តិ៍ត្រួតពិនិត្យ។ ដូច្នេះបណ្តាលឱ្យមានការតាមស្ទាក់ចាប់ខ្លួនពីមន្ត្រីប៉ូលីស និងធ្វើអោយប៉ូលីសប៉ុស្តិ៍គោកខ្យូងស្ទាក់ចាប់រថយន្តនោះនៅពេលមកដល់។ ទំនងជាមានការស្លន់ផង លុះដល់ចំណុចផ្លូវបែកជាបី រថយន្តបានបោះពួយធ្លាក់ក្នុងស្រះទឹកតែម្តង។ សមត្ថកិច្ចបានជួយសង្គ្រោះ ដោយរកឃើញថា មនុស្ស៤ នាក់បានស្លាប់ ម្នាក់ជាជនជាតិថៃ (អ្នកបើកបរ) ស្លាប់ស្ត្រីម្នាក់ និងក្មេងស្រីតូចៗ២នាក់ សរុប៤ នាក់ រីឯមនុស្ស៤ នាក់ទៀត បានចេញពីក្នុងរថយន្ត ផុតពីសេចក្តីស្លាប់៕ អត្ថបទ៖ កោះកែវ

website_news/2021230803.txt · Last modified: 2021/08/23 09:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki