website_news:2021230901

ស្ត្រីខ្មែរដែលរងការធ្វើបាបពីប្តីជនជាតិចិន ល្បីពេញ Tik Tok ត្រូវរាជរដ្ឋាភិបាលកម្ពុជា-ចិន ជួយសង្គ្រោះបានហើយ

http://freshnewsasia.com/ 2021-09-21 07:36pm

(ភ្នំពេញ)៖ ស្ត្រីជនជាតិខ្មែរ ដែលបានទៅតាមប្តីរស់នៅប្រទេសចិន និងត្រូវបានប្តីជនជាតិចិនធ្វើបាបយ៉ាងដំណំអស់រយៈពេល ៤ឆ្នាំ រហូតទ្រាំលែងបាន និងបានអំពាវនាវសុំការជួយអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយឱ្យបានត្រឡប់មកស្រុកខ្មែរវិញនោះ ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតកម្ពុជា និងនគរបាលចិន ជួយអន្តរាគមន៍សង្គ្រោះបានហើយ។

នេះបើយោងតាមលោក ស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ស្រង់ប្រភពព័ត៌មានដែលផ្តល់ដោយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ មកប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។ លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ត្រីជាជនរងគ្រោះ ឈ្មោះ អាត់ សុភ័ក្រ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅទីក្រុង Nanchang ខេត្ត Jiangxi ប្រទេសចិន។ បច្ចុប្បន្ន ជនរងគ្រោះមានសុវត្ថិភាពហើយ ដោយកំពុងស្ថិតនៅជាមួយ នគរបាលចិនដើម្បីអនុវត្តនីតិវិធីបន្ត។ មន្ត្រីជំនាញ និងស្វែងរកមេខ្យល់ដើម្បីចាត់ការតាមនីតិវិធី»។

សូមបញ្ជាក់ថា ស្ត្រីជាជនរងគ្រោះខាងលើ ត្រូវបានប្តីចាប់បង្ខំធ្វើបាបនៅប្រទេសចិនយ៉ាងដំណំ អស់រយៈពេល ៤ឆ្នាំមកហើយ ដោយបានបិទសិទ្ធមិនឱ្យមានការទំនាក់ទំនងជាមួយគ្រួសារនោះឡើយ ដោយឡែកជាសំណាងល្អមួយ បានអ្នកជិតខាងជួយតាមរយៈការថតបង្ហោះវីដេអូ តាមបណ្តាញសង្គម Tik Tok ស្នើសុំការជួយសង្គ្រោះពីសម្តេចតេជោ ហ៊ុន សែន។ ក្នុងវីដេអូនោះ ស្ត្រីរងគ្រោះបានអំពាវនាវ ទាំងទឹកមុខក្រៀមក្រំថា «សូមសម្តេច ហ៊ុន សែន ជួយនាងខ្ញុំផង ឱ្យបានទៅខ្មែរវិញ»៕

website_news/2021230901.txt · Last modified: 2021/09/23 09:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki