website_news:2021230904

ឃាត់ខ្លួនជនជាតិថៃ ៥នាក់ ដែលចាញ់បោកមេខ្យល់ នាំមកធ្វើការនៅក្នុងប្រទេសកម្ពុជា

https://www.kampucheathmey.com/ ថ្ងៃពុធ ២២ កញ្ញា ២០២១ដោយ Sorn Phanith

ជនជាតិថៃ ដែលសុទ្ធសឹងជាយុវវ័យ៥នាក់ ត្រូវតម្រួតការពារព្រំដែនថៃលេខ ១២ សហការជាមួយកម្លាំងទាហានឈុតខ្មៅការពារព្រំដែន ធ្វើការឃាត់ខ្លួននៅក្បែខ្សែបន្ទាត់ព្រំដែន ថៃ-កម្ពុជា ខណៈដែលពួកគេកំពុងលួចឆ្លងដែន ត្រឡប់ចូលទៅក្នុងប្រទេសខ្លួនវិញ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០ នាទីព្រឹកកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចលើកំណាត់ផ្លូវសិរីភិន ក្នុងភូមិ១ ឃុំណូនម៉ាកម៉ុន ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ ខណៈដែលពួកគេបានធ្វើដំណើរ ផុតពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ទៅហើយ និង ស្របពេលដែលប្រទេសមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ផងនោះ ។

ក្រោយពេលឃាត់ខ្លួន ពួកគេបានអះអាងថា ការលបឆ្លងដែនត្រឡប់ចូលមកស្រុកកំណើតវិញនេះ គឺដោយសារពួកគេចាញ់បោកមេខ្យល់ ដែលបាននាំទៅធ្វើការនៅក្នុងវេបសាយល្បែងភ្នាល់ ក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ដោយគេប្រាប់ថា ពេលទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ ប៉ុន្តែពេលទៅផ្ទាល់វាមិនដូចពាក្យសន្យា ទើបពួកគេសម្រេចត្រឡប់ចូលទៅប្រទេសថៃវិញតាមច្រករបៀង ប៉ុន្តែមិនទាន់បានទៅដល់ផ្ទះផងក៏ត្រូវចាប់ខ្លួន។

ក្រុមយុវវ័យថៃទាំង៥នាក់ ដែលក្នុងនោះមានប្រុស២ ស្រី៣ បានបន្តថា ពួកគេរស់នៅក្នុងខេត្តស្រះកែវទាំងអស់គ្នា ដោយចង់រកការងារធ្វើ តែមិនបានដូចបំណង ត្រូវចាញ់បោកមេខ្យល់ទៀត ។ បើទោះបីជាមានការវិលត្រឡប់ចូលទឹកដីថៃវិញក៏ដោយ ក៏សមត្ថកិច្ចបានលើកឡើងថា ត្រូវតែខុសនឹងច្បាប់ ព្រោះពួកគេមិនបានចេញ-ចូលតាមច្រកត្រឹមត្រូវ ដើម្បីឲ្យសមត្ថកិច្ចត្រួតពិនិត្យ ដោយបច្ចុប្បន្នជនជាតិថៃទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកគោកខ្យូង ដើម្បីចាត់ការតាមនីតិវិធី ៕ អត្ថបទ៖ សោ និយមរ័ត្ន

website_news/2021230904.txt · Last modified: 2021/09/23 10:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki