website_news:2021230907

ស្ថានទូតកម្ពុជានៅថៃ នាំយកជំនួយ ជូនពលករខ្មែរ៦០គ្រួសារ កំពុងជួបការលំបាកខ្លាំង

https://www.kampucheathmey.com/ ថ្ងៃពុធ ២២ កញ្ញា ២០២១ដោយ KC Virak

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដឹកនាំដោយ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត និងមន្ត្រីការទូត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគរួមមាន អង្ករ ត្រីខ បន្លែ និងសាច់ស្រស់ ចុះចែកដល់បងប្អូនពលករខ្មែរចំនួន៦០គ្រួសារ ដែលកំពុងជួបការលំបាកខ្លាំងដោយសារការរីករាតត្បាតជំងឺកូវីដ-១៩ នៅស្រុកប៉្លែងយ៉ាវ ខេត្តឆាក់ឈើងសៅ។ នេះបើតាមការផ្ដល់ព័ត៌មានពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិកម្ពុជា។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានចាត់ក្រុមការងារនាំយក អង្ករ ត្រីខ បន្លែ ត្រី សាច់ ទៅប្រគល់ជូនតំណាងរបស់បងប្អូនពលករខ្មែរចំនួន ៦ ក្រុម នៅផ្លូវពហុយោធិន១ សង្កាត់ផៈយ៉ាថៃ ខណ្ឌផៈយ៉ាថៃ រាជធានីបាងកក ដើម្បីនាំយកទៅចែកជូនបន្តដល់បងប្អូនពលករសរុប ១១៣ គ្រួសារផងដែរ។ ក្នុងនោះពួកគាត់រស់នៅ៖

ទី១.ផ្លូវសុខសៈវ៉ាត់ឌី១២ ឃុំប៉ាកខ្លងប្លាកាត់ ស្រុកផ្រៈសមុទ្រចេឌី ខេត្តសមុទ្រប្រាកានចំនួន២៤គ្រួសារ។

ទី២. តំបន់ ៩/១៥៥ អ៊ីមភើរៀល ឃុំឡាកូណា ស្រុកបាងបួថង ខេត្តនុនថៈប៊ុរី ចំនួន ៥ គ្រួសារ។

ទី៣. ក្រុមទី ៥ ផ្លូវសុខសុវត្ថិ ២ សង្កាត់ចោមថង ខណ្ឌចោមថង ទីក្រុងបាងកក ចំនួន ២៣ គ្រួសារ។

ទី៤. គម្រោងការស៊ិនថានី ៨៨ ឃុំបានកៅ ស្រុកផានថង ខេត្តឈុនប៊ុរី ចំនួន ២២ គ្រួសារ។

ទី៥. តំបន់កៈសេតណៈវ៉ៈមីន ទីក្រុងបាងកក ចំនួន ១៧ គ្រួសារ។

ទី៦. តំបន់តៈឡាតថៃ ស្រុកខ្លងហ្លួង ខេត្តប៉ៈធុមថានី ២២ គ្រួសារ។

ប្រជាជនទាំងនេះ សុទ្ធសឹងជាអ្នកជួបការលំបាកខ្លាំង ខ្លះបាត់បង់ការងារ ខ្លះមានឆ្លងជំងឺកូវីដ-១៩ និងមួយភាគធំជាអ្នកដែលជាប់ធ្វើចត្តាឡីស័ក មិនអាចទៅធ្វើការបាន៕ អត្ថបទ៖ កោះកែវ

website_news/2021230907.txt · Last modified: 2021/09/23 10:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki