website_news:2021231104

ឃាត់ខ្លួនមេខ្យល់ ២នាក់ ដែលនាំពលករខ្មែរ បម្រុងលួចឆ្លងដែន ទៅប្រទេសថៃ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ១៨:២១

បន្ទាយមានជ័យ៖ ប៉ូលិសបានឃាត់ខ្លួនមេខ្យល់ ២នាក់ ដែលនាំពលករខ្មែរ ៧នាក់ បម្រុងលួចឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់។ មេខ្យល់ទាំង ២នាក់នោះ ត្រូវបានបញ្ជូនទៅតុលាការ សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។

មន្ត្រីអធិការដ្ឋាននគរបាលស្រុកថ្មពួក បានប្រាប់ថា ជនសង្ស័យជាមេខ្យល់ ២នាក់ រួមមាន៖ ១.ឈ្មោះ ឈៀតា ភ័ស្ស ភេទប្រុស អាយុ ១៩ឆ្នាំ និង២.ឈ្មោះ ឃឹម សំណាង ភេទប្រុស អាយុ ៤៨ឆ្នាំ ជនសង្ស័យ ២នាក់ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក។ មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យ ជាមេខ្យល់ គឺកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក បានសហការជាមួយកម្លាំងនគរបាលការពារព្រំដែន ក៏បានឃាត់ពលករខ្មែរ ចំនួន ៧នាក់ ស្រី ៣នាក់ នៅវេលាម៉ោង ៧យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្បែរព្រំដែន ក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក។ មន្ត្រីនគរបាល បានបញ្ជាក់ថា ក្រោយឃាត់ពលករខ្មែរ ហើយនាំយកទៅសាកសួរនៅអធិការនគរបាលស្រុកថ្មពួក ពលករ បានឆ្លើយថា ពួកគេ មានបំណងឆ្លងដែន ទៅរកការងារធ្វើ នៅប្រទេសថៃ តាមរយៈមេខ្យល់ ដោយម្នាក់ ត្រូវបង់ ៩.០០០ បាត។ យោងតាមចម្លើយនេះ កងកម្លាំងសមត្ថកិច្ច ក៏បានស្រាវជ្រាវចាប់ខ្លួនមេខ្យល់ ២នាក់ភ្លាមៗ នាំយកទៅសាកសួរ ហើយកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។ ចំណែកពលករ ត្រូវបានបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក៕ ប៊ុន ធឿន

website_news/2021231104.txt · Last modified: 2021/11/23 10:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki