website_news:2021231105

ពលករខ្មែរមួយចំនួនរៀបរាប់ពីការលំបាកពេលជាប់គុកដោយសារឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

https://www.rfa.org/ ដោយ សុជីវី 2021-11-19

ពលករខ្មែរមួយចំនួនរៀបរាប់ពីការលំបាកវេទនាក្នុងពេលដែលពួកគេឆ្លងដែនខុសច្បាប់ ហើយត្រូវបានប៉ូលិសថៃចាប់ដាក់គុករយៈពេល៣ថ្ងៃ នៅតំបន់ព្រំដែនជាប់ខេត្តបន្ទាយមានជ័យ។ ពួកគេត្រូវបានប៉ូលិសបង្ខំឱ្យបង់ប្រាក់ម្នាក់ប្រមាណ ២០០ដុល្លារ ដើម្បីជាថ្នូរបានដោះលែងពួកគេបញ្ជូនត្រឡប់ទៅកម្ពុជាវិញ។ មន្ត្រីសង្គមស៊ីវិល សង្កេតឃើញថា ពលករឆ្លងដែនទៅប្រទេសថៃអំឡុងពេលនេះប្រឈមនឹងគ្រោះថ្នាក់ជាច្រើន ដែលរដ្ឋាភិបាលខ្មែរគួរតែទប់ស្កាត់ និងជួយរកការងារឱ្យពួកគេនៅក្នុងស្រុក។

ប៉ូលិសថៃបានចាប់បញ្ជូនពលករខ្មែរចំនួន១៥នាក់ យកទៅទម្លាក់ចោលនៅច្រករៀងព្រំដែនជាប់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ក្រោយពេលពីបានចាប់ពួកគេដាក់គុកអស់រយៈពេល៣ថ្ងៃ នៅស្រុកគោកស៊ូង (Khok Soung) ខេត្តស្រះកែវ (Sra Kao)។ បញ្ហានេះធ្វើឱ្យពលករខ្លះរាងចាលលែងចង់ទៅធ្វើការនៅប្រទេសថៃ និងខ្លះទៀតបានខ្ចីប្រាក់ពីអ្នកភូមិជាមួយគ្នា ដើម្បីផ្សងព្រេងរកការងារនៅប្រទេសថៃជាថ្មីរកប្រាក់ ដោះស្រាយជីវភាពគ្រួសារ និងសងបំណុលធនាគារដែលបានខ្ចីគេដាំដុះខាតអស់ដើមទុនកាលពីឆ្នាំកន្លងទៅ។

ពលកររស់នៅឃុំនិមិត្ត ស្រុកអូរជ្រៅ លោក ស៊ូ ពិសិទ្ធ រៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីក្រោយពីលោកត្រឡប់ទៅដល់កម្ពុជាថា ការឆ្លងដែនអំឡុងពេលនេះលំបាកវេទនាជាងពេលមុនៗទ្វេដង ដូចជាបង់ប្រាក់ឱ្យមេខ្យល់ប្រមាណពី៧ពាន់ទៅ១ម៉ឺនបាត(១០.០០០)ឬប្រមាណពី២២០ទៅ៣០០ដុល្លារក្នុងម្នាក់។ លោកបន្តថា ពួកលោកមានគ្នាចំនួន១៩នាក់ត្រូវបានមេខ្យល់ជនជាតិថៃនាំដើរកាត់ព្រៃ កាត់ភក់ កាត់ចំការដំឡូងមី និងដេកក្នុងព្រៃអស់រយៈពេល៣យប់ ដើម្បីគេចពីសមត្ថកិច្ចថៃ។ លោកប្រាប់ថា ពលករខ្មែរចំនួន១៥នាក់រួមទាំងលោកផងត្រូវបានប៉ូលិសថៃចាប់ដាក់គុកនៅស្រុកគោកស៊ូង រយៈពេលថ្ងៃ៣ថ្ងៃ។ ចំណែកពលករ៤នាក់ផ្សេងទៀតបានត្រូវបានមេខ្យល់ដឹកតាមរថយន្តទៅដល់កន្លែងធ្វើការងារនៅទីក្រុងបាងកកដោយសុវត្ថិភាព។ ពលករវ័យ៣៧ឆ្នាំរូបនេះ បញ្ជាក់ទៀតថា អំឡុងពេលជាប់គុករយៈពេល៣ថ្ងៃនោះ ដោយ២ថ្ងៃប៉ូលិសថៃមិនបានចែកបាយ និងទឹកដល់ពួកលោកហូបនោះទេ គឺពលករត្រូវចំណាយប្រាក់ទិញបាយហូបដោយខ្លួនឯង៖ «គ្រាន់តែជាប់គុក៣ថ្ងៃប្រហែលមួយឆ្នាំហើយ វេទនាជាងអីទៀត បើមូសខាំដេកក៏ពិបាកចង្អៀតគ្នា ប្រហែលយើងអ្នកទោសសម្លាប់មនុស្ស អ្នកទោសគ្រឿងញៀន អ្នកវាយគេវាយឯងហើយ។ ខ្ញុំទៅខ្ញុំដឹងហើយដើរកាត់ទឹកកាត់ភក់កាត់ព្រៃកាត់ស្រែ ហើយក្រាបលូនសុទ្ធតែភក់ដល់ក្បាល មានអ្នកខ្លះដួលកប់ភក់ក៏មាន។ ខ្ញុំហើយទៅជួយស្រីៗ ជួយស្ពាយគេជួយអីមើល មើលទៅស្រណោះអាណិត ខ្លះចាស់ហើយពរកូនពរចៅដើរដួល យូរៗមើលទៅចង់លើសសម័យ ប៉ុល ពត ទៅទៀត»។

លោកបន្ថែមថា ប៉ូលិសថៃបង្ខំពួកលោកឱ្យប្រាក់បង់ប្រាក់ម្នាក់ ៦ពាន់ ៥០០បាត ឬស្មើប្រមាណ១៦០ដុល្លារ ដើម្បីជាថ្នូរបានដោះលែង បើមិនដូច្នេះទេ ប៉ូលិសថៃនឹងបញ្ជូនពួកលោកទៅតុលាការ។ លោកនិយាយថា ប៉ូលិសថៃបានគំរាមថា ប្រសិនបើពួកគាត់មិនបង់ប្រាក់ទេនោះ នឹងបញ្ជូនពួកលោកទៅតុលាការ ហើយអាចនឹងដាក់គុករយៈពេល៣ខែ។ ពួកលោកព្រួយបារម្ភខ្លាចជាប់គុកយូរកាន់តែប៉ះពាល់ដល់ជីវភាពគ្រួសារក៏សម្រេចចិត្តបង់ប្រាក់ឱ្យប៉ូលិសថៃ។ ក្រោយមកប៉ូលិសថៃបានបញ្ជូនពលករខ្មែរទាំង១៥នាក់ត្រឡប់ទៅទម្លាក់ចោលនៅព្រំដែនច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ។ លោក ស៊ូ ពិសិទ្ធ ឱ្យដឹងទៀតថា ពួកលោកឈឺចាប់ម្ដងនៅប៉ូលិសថៃយកប្រាក់ហើយ នៅពេលមកកម្ពុជាត្រូវបានអាជ្ញាធរខ្មែរប្រចាំការនៅតំបន់ព្រំដែនអូរបីជាន់ យកប្រាក់ពីពលករថ្លៃដឹកជញ្ជូនទៅដល់ផ្ទះម្នាក់ពី៤០០ទៅ ១ពាន់បាត ឬស្មើប្រមាណពីជាង ១០ទៅ៣០ដុល្លារទៀត ទៅតាមអ្នកនៅជិតឬឆ្ងាយ៖ «ដូចអត់គិតពីយើងសោះគិតតែពីលុយ ដល់ផ្ទះហើយម្នាក់ៗ ខ្លះរាងហើយ ខ្លះសួរប្រវត្តិទៅថា ជាប់៣ដងហើយ ម្នាក់ៗខ្ចីលុយគេទៅជាប់គុកទាំង ៣ដង អស់ម្នាក់សុទ្ធតែ២ពាន់ដុល្លារ។ខ្លះទៅអស់ជំនឿទៅ ខ្លះទៅមិនដឹងទៅធ្វើអីអង្គុយគិតច្រើន មិនដឹងថាខ្ចីលុយអ្នកណាបានទៅទៀត»។

ស្រដៀងគ្នានេះដែរ ពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យម្នាក់ទៀត លោកស្រី ឡេន លីសៀង ថ្លែងថា ទាហានខ្មែរប្រចាំការនៅតំបន់ព្រំដែនឃុំអូរបីជាន់បានយករថយន្តដឹកជញ្ជូនពួកលោកស្រី ៤នាក់ដល់ឃុំអូរប្រាសាទ ស្រុកមង្គលបូរី គឺយកប្រាក់ ២ពាន់ ៥០០បាត ឬប្រមាណ៨០ដុល្លារ ។ភ្លាមៗក្រោយពេលទៅដល់ផ្ទះ ស្ត្រីវ័យ២៥ឆ្នាំរូបនេះបានទុកកូនអាយុក្រោម៤ឆ្នាំ ២នាក់ឱ្យម្ដាយមើល ហើយទៅខ្ចីប្រាក់ពីអ្នកភូមិក្បែរខាងគ្នាយកទៅបង់ឱ្យមេខ្យល់ ដើម្បីនាំលោកស្រី និងប្ដីត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ។ លោកស្រីបន្តថា មូលហេតុដែលប្រញាប់ទៅប្រទេសថៃដោយសារគ្រួសារគាត់ជីវភាពក្រីក្រ ហើយអត់ការងារនៅក្នុងស្រុក ស្របពេលដែលលោកស្រីជំពាក់ប្រាក់ធនាគារប្រមាណ ៥ពាន់ដុល្លារ (៥.០០០) ដែលបានខ្ចីគេធ្វើស្រែ និងដាំដំណាំខាតដើមទុនកាលពីឆ្នាំ២០២០។ បច្ចុប្បន្នគ្រួសារលោកស្រីបានទៅដល់ទីក្រុងបាងកកហើយ ដោយបង់ប្រាក់ឱ្យមេខ្យល់ម្នាក់ជាង៦ពាន់បាត ឬស្មើប្រមាណ២០០ដុល្លារ ប៉ុន្តែមិនទាន់មានការងារធ្វើនៅឡើយទេ៖ «ពេលថ្ងៃគេយកទៅដាក់ក្នុងដុបយប់ឡើងឆ្លងទៅគេឱ្យដេកផ្ទះមេខ្យល់ខាងថៃ។ ចងការអ្នកស្រុក បើមិនអីចឹងទេមិនមានអីសងធនាគារមិនមានអីឱ្យកូនបៅ កូនខ្ញុំទើបតែ៦ខែឱ្យម៉ែមើលឱ្យ។ ខ្ញុំអាណិតកូនដែរ តែមិនដឹងធ្វើម៉េច បើមិនមកមិនមានលុយណា សងធនាគារ មានលុយណាឱ្យកូនបៅដោះ។ ខ្ញុំទាល់តែសងគេអស់បានត្រឡប់ទៅផ្ទះវិញ បើមិនអីចឹងទៅផ្ទះមិនកើតទេ បើឆ្លងដែនមកថៃលំបាកបែបនេះ»។ ក្រុមពលករទាំងនេះឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែររាប់រាយនាក់បានឆ្លងដែនទៅប្រទេសថៃតាមច្រករបៀងក្នុងឃុំអូរបីជាន់ ហើយភាគច្រើនត្រូវបានអាជ្ញាធរថៃចាប់ដាក់គុក និងបញ្ជូនត្រឡប់ទៅកម្ពុជាវិញ។

ទាក់ទងនឹងបញ្ហានេះស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកការពារព្រំដែន លោក អ៊ុំ សុផល ប្រាប់វិទ្យុអាស៊ីសេរីថា នៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យមិនសូវមានពលករឆ្លងដែនច្រើននោះទេ។ លោកបន្តថា ពលករដែលថៃចាប់បាននៅតំបន់ព្រំដែន ភាគច្រើនត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយមិនមានការដាក់គុកឡើយ៖ «វាអត់មានបងអត់មានឆ្លងដែនទេ ។កុងស៊ុលគាត់នៅហ្នឹងឯងកុងស៊ុលនៅប្រចាំស្រះកែវមានតើបង ចាំអន្តរាគមន៍។មកខាងខ្ញុំក៏បាន ទៅខាងកុងស៊ុលក៏បាន តាមតែគាត់ទាក់ទងមកបង ។បាទ គេចាប់ភ្លាមគេរុញមកខាងយើងភ្លាមគេអត់ទុកទេ»។ វិទ្យុអាស៊ីសេរីមិនអាចទក់ទងមន្ត្រីអង្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញពីបញ្ហាប៉ូលិសថៃចាប់ពលករខ្មែរដាក់គុកហើយបង្ខំបង់ប្រាក់នេះបានទេនៅថ្ងៃទី១៨ វិច្ឆិកា។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា សង្កេតឃើញថា សព្វថ្ងៃមានពលករជាច្រើននាក់នាំគ្នាឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។ លោកបន្តថា ការឆ្លងដែនអំឡុងពេលនេះគឺពលករប្រឈមនឹងគ្រោះថ្នាក់ច្រើន ដូចជា ប្រឈមនឹងឆ្លងជំងឺកូវីដ១៩ ត្រូវអាជ្ញាធរចាប់ដាក់គុក ទាហានថៃបាញ់ស្លាប់ ពស់ចឹក និងជាន់មីនជាដើម។ លោកបញ្ជាក់ថា មូលហេតុដែលពលករឆ្លងដែននៅពេលនេះ ដោយសារពួកគាត់មានជីវភាពក្រីក្រ ហើយអត់ការងារធ្វើនៅក្នុងស្រុក និងជំពាក់បំណុលធនាគារ៖ «បើជាប្រទេសខ្លាំងជាប្រទេសដែលមានអំណាចខ្លាំង ប្រទេសជិតខាងគេអត់ហានបំពារបំពានទៅលើប្រជាពលរដ្ឋរបស់ខ្លួនទេ។ ប៉ុន្តែបើសិនជាប្រទេសយើងទន់ខ្សោយអីចឹងប្រទេសជិតខាងតែងតែធ្វើអ្វីបំពារបំពានទៅលើប្រជាពលរដ្ឋរបស់ខ្លួន។ អ៊ីចឹងរដ្ឋាភិបាលដែលមានទូតមានអង្គកុងស៊ុលមានអីហ្នឹងដែលនៅជាប់ព្រំដែនហ្នឹងគួរតែម្នីម្នាដោះស្រាយអំពីបញ្ហាហ្នឹង»។

របាយការណ៍អាជ្ញាធរថៃឱ្យដឹងថា រយៈពេល ១សប្ដាហ៍នៅដើមខែវិច្ឆិកា មានពលករខ្មែរជិត ១ពាន់នាក់ (៩៩៦) ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនក្នុងពេលពួកគេឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។ ក្នុងនោះពលករភាគច្រើនឆ្លងដែនតាមច្រករបៀងព្រំដែនក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ សម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាទាក់ទងទៅភាគីថៃ បើកច្រកទ្វារព្រំដែនប្រទេសទាំងពីរ នៅចំណុចណាមួយ ដើម្បីសម្រួលដល់ពលករខ្មែរចូលទៅធ្វើការនៅប្រទេសថៃក្នុងគ្រាអាសន្ននេះ ដោយមិនមានការចាប់ខ្លួន និងកាត់បន្ថយការចំណាយរបស់ពលករ។ លោកជឿជាក់ថា ប្រសិនបើរដ្ឋាភិបាលប្រទេសទាំងពីរមិនដោះស្រាយបញ្ហានេះទេនោះ ពលករខ្មែរជាច្រើននាក់ប្រឈមនឹងចាញ់បោកមេខ្យល់នាំឆ្លងដែនទាំងប្រថុយប្រថានទៅប្រទេសថៃបន្តទៀតជាមិនខាន៕

website_news/2021231105.txt · Last modified: 2021/11/23 10:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki