website_news:2021231106

សមត្ថកិច្ចថៃ ឃាត់ខ្លួនពលករខ្មែរប្រុស-ស្រី លបលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់សរុបចំនួន ២០នាក់ នៅខេត្តស្រះកែវ

https://khmernote.com.kh/ November 19, 2021 srey nuch

ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា សេចក្ដីរាយការពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងទាហានថៃ ដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្រទះឃើញក្រុមបុគ្គលដែលគួរឲ្យសង្ស័យ ដើរមកតាមច្រករបៀងសំដៅចូលប្រទេសថៃ ត្រង់បរិវេណភូមិភូណាំឃ្លៀង ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ចំនួន១១នាក់ ក្នុងនោះប្រុស៥ ស្រី៥ និងក្មេងម្នាក់ ទើបនាំខ្លួនយកទៅសួរនាំ។

ពេលសមត្ថកិច្ចថៃសាកសួរ ពលករខ្មែរខាងលើបានប្រាប់ថា ពួកគេមានទីលំនៅក្នុងខេត្តសៀមរាប ចំនួន២នាក់,បាត់ដំបងចំនួន២នាក់, ព្រៃវែង ចំនួន៤នាក់, ក្រចេះ១នាក់, តាកែវ២នាក់ ចង់ស៊ីឈ្នួលកាប់អំពៅក្នុងស្រុកគោកឃ្យូង ខេត្តស្រះកែវ ដែលមានថៅកែជាជនជាតិថៃឈ្មោះ ទុយ ដោយមានការទំនាក់ទំនងពីជនជាតិខ្មែរដែលស្នាក់នៅប្រទេសថៃ អោយពួកគេធ្វើដំណើរមកស៊ីឈ្នួលកាប់អំពៅជាមួយគ្នា ដោយពលករទាំងនោះត្រូវចំណាយលុយឲ្យមេខ្យល់នាំផ្លូវក្នុងម្នាក់១,៥០០បាត អោយលុយមុនក្នុងម្នាក់៥០០បាត និងនៅពេលទៅដល់កន្លែងធ្វើការត្រូវចំណាយបន្ថែមក្នុងម្នាក់១,០០០បាតទៀត។ ក្រោយសួរចម្លើយ សមត្ថកិច្ចថៃក៏បញ្ជូនទៅឲ្យជំនាញខ្លងលឹក ដើម្បីចាត់ការតាមច្បាប់បន្ត។

ក្នុងថ្ងៃដ៏ដែលនេះដែរ កម្លាំងទាហានថៃប្រចាំស្រុកតាប្រាយ៉ា ខេត្តស្រះកែវ បានប្រទះឃើញក្រុមបុគ្គលគួរឲ្យសង្ស័យផងដែរ ខណៈដើរមកតាមច្រករបៀង សំដៅចូលទឹកដីថៃ ត្រង់បរិវេណភូមិទព័សៀម ឃុំ/ស្រុកតាប្រាយ៉ា ខេត្តស្រះកែវចំនួន៩នាក់ ក្នុងនោះ ស្រី៤នាក់ ក្រោយសមត្ថកិច្ចថៃសួរនាំជំហ៊ានដំបូងបានឲ្យដឹងថា ពលរដ្ឋខ្មែរខាងលើ ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ៨នាក់ និងបាត់ដំបង១នាក់ ទៅធ្វើការសំណង់នៅខេត្តមីនបុរី និងក្រុងបាងកក ដោយចំណាយលុយក្នុងម្នាក់ចាប់ពី៧,០០០ទៅ៩,០០០បាត និងចំណាយលុយឲ្យអ្នកនាំផ្លូវខាងដីខ្មែរក្នុងម្នាក់ចំនួន១,០០០ទៅ៣,០០០បាតនិងចំណាយបន្ថែម៦,០០០បាតនៅពេលទៅដល់គោលដៅ។ ក្រោយសួរនាំ សមត្ថកិច្ចថៃ ក៏បញ្ជូនទៅឲ្យជំនាញស្រុកតាប្រាយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត ៕

website_news/2021231106.txt · Last modified: 2021/11/23 10:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki