website_news:2021231202

ពលរដ្ឋខ្មែរម្នាក់ មានសេរីភាពវិញ ខណៈក្រុមអាជ្ញាធរថៃ ដោះលែងពីពន្ធនាគារ

https://kohsantepheapdaily.com.kh/ ឧត្តរមានជ័យ២១ ខែ ធ្នូ ឆ្នាំ ២០២១ ម៉ោង ២៣:៣៥

ខេត្តឧត្តរមានជ័យ៖ ក្រុមអាជ្ញាធរថៃ បានដោះលែងពលរដ្ឋខ្មែរម្នាក់ ចេញពីពន្ធនាគារ ឱ្យមានសេរីភាព ហើយនាំយកមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជា តាមច្រកព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ ប្រជាពលរដ្ឋខ្មែរ ដែលក្រុមអាជ្ញាធរថៃ ដោះលែងឱ្យរួចផុតពីទោសជាប់ពន្ធនាគារ ក្នុងប្រទេសថៃនោះ មានឈ្មោះ ឆាន់ ធី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្រុមទាហានថៃ បានចាប់ខ្លួនបុរសនោះ ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញួង ក្នងទឹកដីថៃ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ហើយបញ្ជូនទៅដាក់ពន្ធនាគារក្នុងស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ។ ក្រុមអាជ្ញាធរកម្ពុជា ដែលបម្រើការងារនៅច្រកទ្វារអន្តរជាតិជាំ បានឱ្យដឹងថា ពលរដ្ឋខ្មែរម្នាក់ ដែលក្រុមអាជ្ញាធរថៃ នាំខ្លួន យកមកប្រគល់នោះ ត្រូវបានសមត្ថកិច្ច សាកសួរ ធ្វើកំណត់ហេតុ រួចប្រគល់ទៅឱខាងគ្រូពេទ្យ ធ្វើតេស្តរកមេរោគកូវីដ ១៩ លទ្ធផលឃើញថា អវិជ្ឃមាន ហើយបានអនុញ្ញាតឱ្យវិលត្រឡប់ ទៅជួបជុំក្រុមគ្រួសារ ក្នុងថ្ងៃដដែលនោះ។

គួររំលឹកថា ប្រជាពលរដ្ឋខ្មែរ ដែលក្រុមអាជ្ញាធរថៃ ដោះលែង ឱ្យរួចផុតពីទោសជាប់ពន្ធនាគារនេះ មិនមែនជាលើកទី១នោះទេ កន្លងមក ថៃតែងតែដោះលែងជាច្រើននាក់ ជាបន្តបន្ទាប់រួចមកហើយ។ ក្នុងនោះ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ពលរដ្ឋខ្មែរ ២នាក់ ត្រូវថៃដោះលែងមកវិញ រួមមាន ឈ្មោះ បេង ង៉ោល ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិឈើទាល ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពងលធំ។ ម្នាក់ទៀត ឈ្មោះ ឡប វីន ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិជើងទង ឃុំជើងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ អ្នកទាំងពីរ ត្រូវអាជ្ញាធរថៃ ចាប់ខ្លួន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ហើយបញ្ជូនទៅដាក់ពន្ធនាគារ នៅស្រុកខាន់តាឡាក់ ប្រទេសថៃ ពីបទឆ្លងដែនខុសច្បាប់ ចូលទៅកាប់ឈើគ្រញួង ក្នុងទឹកដីថៃ៕ ឱម សារឿន

website_news/2021231202.txt · Last modified: 2021/12/24 09:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki