website_news:2021231203

ចាប់ពីផ្ទុះកូវីដ ១៩ មានពលករជាង ២៦ ម៉ឺននាក់បានវិលត្រឡប់មកស្រុកវិញ

https://www.postkhmer.com/ ឡាយ សាមាន | Publication date 21 December 2021 | 09:03 ICT

ភ្នំពេញៈ ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ ១៩ រហូត ដល់ចុងឆ្នាំ ២០២១ មានពលករខ្មែរត្រឡប់មកពីក្រៅប្រទេសចូលស្រុកវិញជាង ២៦ ម៉ឺននាក់ ក្នុងនោះភាគច្រើនត្រឡប់មកពីប្រទេសថៃ។ នេះបើតាមលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។ ថ្លែងនៅក្នុងពិធីសម្ពោធអគារមណ្ឌលទទួលពលករកំរៀងស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២០ ខែធ្នូ លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា ក្នុងពេលជំងឺរាតត្បាលកូវីដ ១៩ បានចាប់ផ្តើមរាតត្បាតដល់បណ្តាប្រទេសនៅក្នុងតំបន់បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធសេដ្ឋកិច្ច និងការងារ-ពលករ ដោយសារបណ្តារោងចក្រ សហគ្រាស និងកសិដ្ឋាន ត្រូវបានបិទស្ទើរទាំងស្រុង ជាពិសេសប៉ះពាល់ខ្លាំងដល់ពលករគ្មានជំនាញ និងចំណូលទាប។ លោកស្រីបានបន្តថា ក្នុងគ្រានោះដែរ ប្រទេសថៃបានប្រកាសបិទព្រំដែនក្នុងខែមីនា ឆ្នាំ ២០២០ បានជំរុញឱ្យពលករកម្ពុជាវិលត្រឡប់មកប្រទេសវិញយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តោយ បន្ទាត់ព្រំដែនរួមទាំងច្រកព្រំដែនកំរៀងផង។

លោកស្រីបានថ្លែងថា៖ «គិតមកដល់ចុងឆ្នាំ ២០២១ នេះចំនួនពលករដែលត្រឡប់ពីក្រៅប្រទេសមានរហូតដល់ជាង ២៦ ម៉ឺននាក់ ដែលក្នុងនោះមានការវិលត្រឡប់ពីប្រទេសថៃច្រើនជាងគេ»។ លោកស្រីបានឱ្យដឹងថា បច្ចុប្បន្នពលករដែលត្រឡប់មកវិញមានការថយចុះ ប៉ុន្តែមានមួយចំនួននៅបន្តចាញ់បោកជនខិលខូច មេខ្យល់ដែលនាំទៅធ្វើការនៅបរទេសខុសច្បាប់។ លោកស្រីបានបញ្ជាក់ថាដោយហេតុថា ពលករកម្ពុជាបានឆ្លងដែនទៅធ្វើការនៅប្រទេសជិតខាង ជាពិសេសប្រទេសថៃមានចំនួនច្រើនលើសលប់រហូតដល់ជាង ១ លាននាក់ ហើយតែងតែឆ្លងកាត់ព្រំដែនទាំងផ្លូវការ និងមិនផ្លូវការ មិនប្រក្រតី មិនទៀងទាត់ ជាហេតុនាំឱ្យមានការពិបាកក្នុងការគ្រប់គ្រង និងប្រឈមគ្រោះថ្នាក់ក្រៃលែង។ លោកស្រីថា៖ «ជាគោលការណ៍ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ការរៀបចំមណ្ឌលទទួលពលករតាមច្រកព្រំដែនសំខាន់ៗដែលមានពលករឆ្លងកាត់គឺដើម្បីតាមគ្រប់គ្រងរំហូរពលករទេសន្តរប្រវេសន៍ និងទទួលខុសត្រូវចំពោះសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជាដែលបានធ្វើទេសន្តរប្រវេសន៍ស្វែងរកការងារធ្វើ ដើម្បីចិញ្ចឹមជីវិត ប៉ុន្តែត្រូវប្រឈមគ្រោះថ្នាក់ផ្សេងៗ និងត្រូវបានអាជ្ញាធរបរទេសបញ្ជូនត្រឡប់មកវិញ ក្នុងស្ថានភាពមិនប្រក្រតី»។

លោកស្រី ជូ ប៊ុនអេង បានឱ្យដឹងថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន មណ្ឌលទទួលពលករកំរៀង ផ្តោតការយកចិត្តទុកដាក់លើពលករវិលត្រឡប់ ដែលត្រូវបានបញ្ជូនមកពីប្រទេសថៃក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ ១៩ ដែលប្រឈមនឹងភាពរងគ្រោះនៃការឆ្លងជំងឺនេះ និងការខ្វះខាតជីវភាពផង។ បើតាមលោកស្រី ប៊ុនអេង គិតពីខែសីហា ឆ្នាំ ២០២១ មកនៅមណ្ឌលទទួលពលករកំរៀងបានកត់ត្រាទិន្នន័យពលករដែលវិលត្រឡប់តាមច្រកមិនផ្លូវការនៅខ្សែបន្ទាត់ព្រំដែននៅស្រុកកំរៀង ខេត្តបាត់ដំបង ជាមួយប្រទេសថៃបានជាង ៧០០ នាក់ក្នុងនោះមានស្ត្រី ៣០០ នាក់។ លោកស្រីថា តាមការរំពឹងទុកមណ្ឌលនេះនឹងត្រូវរៀបចំដំណើរការឱ្យក្លាយទៅជាមណ្ឌលរដ្ឋាភិបាល ដែលបំពេញភារកិច្ចលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ពលករទេសន្តរប្រវេសន៍ និងបង្ការទប់ស្កាត់ភាពរងគ្រោះដោយអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចក្នុងពេលធ្វើទេសន្តរប្រវេសន៍ និងបានត្រៀមខ្លួនដើរតួជាគំរូសម្រាប់មណ្ឌលក្រោយៗទៀត។ អភិបាលខេត្តបាត់ដំបងលោក សុខ លូ ឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៩ ខែធ្នូ ទិន្នន័យពលករដែលត្រឡប់មកពីប្រទេសថៃ និងបានចូលធ្វើចត្តាឡីស័កទាំងតាមច្រកទ្វារ ក្នុងខេត្តមានចំនួន សរុប ៦៩ ១២២ នាក់ក្នុងនោះបញ្ចប់ធ្វើចត្តាឡីស័កចំនួន ៦៨ ៧៣៦ នាក់ នៅសល់ក្នុងមណ្ឌល ៤៩៩ នាក់។ លោកបន្តថា ក្នុងរយៈពេលប្រទេសថៃពុំទាន់បើកច្រកព្រំដែន មន្ត្រីពាក់ព័ន្ធបានខិតខំបំពេញការងារក្នុងការទទួលធ្វើចត្តាឡីស័កព្រមទាំងផ្តល់សេវាផ្សេងៗដល់ពលករ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋបាលខេត្តបន្តជួបពិភាក្សាជាមួយភាគីថៃក្នុងការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ផងដែរ។ លោកថា៖ «ជាក់ស្តែងបានទប់ស្កាត់ពលករបម្រុងឆ្លងដែនខុសច្បាប់ក្នុងឆ្នាំ ២០២១ បានចំនួន ១១០ លើកក្នុងនោះមានស្រី ៣៩៨ នាក់ ក្មេង ១០២ នាក់ និងភាគីថៃបញ្ជូនមកវិញចំនួន ៣៤៥ លើក ស្មើនឹង ៥ ៤១២ នាក់ ព្រមទាំងបង្ក្រាបការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទចំនួន ១១៩ លើក ឃាត់ខ្លួន ១៨៥ នាក់»។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានថ្លែងថា មានចរន្ត ២ ដែលនាំឱ្យពលករខ្មែរវិលត្រឡប់មកវិញគឺដោយសារសុពលភាពការងារផុតកំណត់ និងកត្តារីករាលដាលនៃជំងឺកូវីដ ១៩។ លោកថា៖ «ទី ១ ពលករត្រូវពេលកំណត់មកវិញ មិនមានចំនួនច្រើនប៉ុន្មានទេ ទី ២ ពលករដែលមកច្រើនជាងគេពាក់ព័ន្ធការបាត់បង់ការងារនៅប្រទេសដែលគាត់ធ្វើការភាគច្រើននៅថៃហើយ បន្ទាប់មកម៉ាឡេស៊ីព្រោះក្រុមហ៊ុនសហគ្រាសគេបិទ ឬផ្អាកដំណើរការហើយ ១ ទៀតអ្នកត្រឡប់មកវិញដោយសារបារម្ភការឆ្លងជំងឺកូវីដ ១៩»៕

website_news/2021231203.txt · Last modified: 2021/12/24 09:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki