website_news:2021240202

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ របស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តសៀមរាប!

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១

សៀមរាប៖ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ គណ:កម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ (គ.ជ.ប.ជ) ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងវត្តមាន តំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក មេឃុំ-ចៅសង្កាត់ តំណាងអង្គការដៃគូជាតិ-អន្តរជាតិសរុបប្រមាណជា១៦០រូប។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា៖ អំពើជួញដូរមនុស្ស គឺជាបទឧក្រិដ្ឋមួយ ក្នុងចំណោមឧក្រឹដ្ឋកម្មឆ្លងដែន ដែលប្រទេសនានាបាននឹងកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀតអំពើជួញដូរមនុស្ស ត្រូវបានចាត់ទុកថាជាទាសភាពសម័យទំនើប ដែលមានចរិកស្មុគស្មាញប្រកបដោយល្បិចកលពាក់ព័ន្ធទៅនឹងរបត់នៃផ្នត់គំនិត ចិត្តសាស្រ្តសង្គម ការរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការវិវត្តន៍នៃសេដ្ឋកិច្ច សង្គមនយោបាយជាតិ អន្តរជាតិជាដើម ដែលត្រូវការជាចាំបាច់នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរិះរកវិធានការ ដ៏មានប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសពាក់ព័ន្ធ ដែលមានការចាត់តាំង និងឧក្រិដ្ឋជន ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ឱ្យបាន។ ឯកឧត្តម សង្កត់ធ្ងន់ថា៖ឧក្រិដ្ឋជនធ្វើសកម្មភាពបទល្មើស ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងវិធីសាស្រ្តគ្រប់រូបភាព ក្នុងគោលបំណងទុច្ចរិត ដើម្បីកេងប្រវ័ញ្ចយកផលប្រយោជន៍ពីជនរងគ្រោះ ទោះបីជាមានច្បាប់ដាក់ទោសធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏ឧក្រិដ្ឋជនមិនញញើតនឹងធ្វើសកម្មភាពឡើយ ឱ្យតែអាចយកផលចំណេញបាន គេនឹងធ្វើដោយមិនគិតពីការឈឺចាប់ ឬក្តីវិនាសអន្តរាយរបស់មនុស្សណាម្នាក់ឬប្រទេសជាតិណាមួយឡើយ។ ពាក់ព័ន្ធករណីនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហានេះ ហើយក្រសួង-ស្ថានប័ន និងអង្គការមិនមែនរដ្ឋាភិបាល និងអន្តរជាតិជាច្រើន ក៏បាននិងកំពុងតែធ្វើកិច្ចការយ៉ាងសកម្ម ក្នុងការបង្ការទប់ស្កាត់ ការបង្ក្រាប ដើម្បីការជួយជនរងគ្រោះ ហើយត្រូវបានផ្តន្ទាទោសជនល្មើសទៀតផង។ វេទិកានៃកិច្ចប្រជុំបានស្តាប់មតិយោបល់លើកឡើងពីចំណុចខ្លាំង និងកត្តាប្រឈម ព្រមទាំងសំណូមពរមួយចំនួនរបស់ក្រុមការងារបច្ចេកទេសចំនួន ៦ ជាសេនាធិការឱ្យគណៈកម្មាធិការខេត្តនេះ និងអង្គការសង្គមស៊ីវិលមួយចំនួនផងដែរ។

ថ្លែងបិទកិច្ចប្រជុំ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា៖ ក្នុងបរិបទជំងឺកូវីដ-១៩ បានកើតមាននូវអំពើជួញដូរមនុស្ស ក្នុងរូបភាពការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំចេញឆ្លងដែនទៅក្រៅប្រទេស និងការនាំចូលមកពីបរទេស ដែលជាសកម្មភាពខុសច្បាប់ ហើយបានជះឥទិ្ធពលមិនល្អ ក្នុងការនាំជំងឺកូវីដ-១៩ ចូលមកក្នុងប្រទេសកម្ពុជា ធ្វើឲ្យផលប៉ះពាល់ដល់សុខភាពសាធារណ: និងអាយុជីវិតប្រជាពលរដ្ឋ ។យើងសង្កេតឃើញ បទល្មើសនៅតែកើតមាន ហើយប្រជាពលរដ្ឋនៅតែបន្តរងគ្រោះជាបន្តបន្ទាប់ ដែលភាពរងគ្រោះមួយចំនួន គឺកើតឡើងនៅក្រៅប្រទេស ក្នុងពេលដែលប្រជាពលរដ្ឋធ្វើចំណាកស្រុក ជាពិសេសការធ្វើទេសន្តរ ប្រវេសន៍ដោយមិនមានច្បាប់ត្រឹមត្រូវ ក្នុងការស្វែងរកការងារ ទាំងការស្វែងរកគូស្រករនៅក្រៅប្រទេស។ ភាពស្មុគ្រស្មាញនៃបទល្មើសជួញដូរមនុស្ស បានធ្វើឱ្យការអនុវត្តច្បាប់ជួបការលំបាក ក្នុងការវិភាគរកធាតុផ្សំនៃអំពើល្មើស ដើម្បីបង្ក្រាប ហើយបានអូសបន្លាយឱ្យជនល្មើសរួចផុតពីការផ្តន្ទាទោស បើទោះបីមើលឃើញថា ជនទាំងនេះជាអ្នកបង្ក ឬអូសទាញឱ្យជនរងគ្រោះជួបនូវគ្រោះមហន្តរាយ ដោយការរំលោភបំពានកេងប្រវ័ញ្ច ការប្រើអំពើហិង្សា បង្ខិតបង្ខំទាំងផ្លូវកាយ និងផ្លូវចិត្តប្រៀបបាននឹងទាសករ។ បើទោះបី យើងបានធ្វើការជំរុញផ្សព្វផ្សាយជាសាធារណ: អប់រំទូន្មាន ដាស់តឿនក្រើនរំលឹកជាប្រចាំ យ៉ាងទូលំទូលាយ ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង បានដឹងបានលឺ ឬធ្លាប់បានទទួលភាពរងគ្រោះរួចហើយក្តី តែហាក់ដូចជានៅមិនទាន់បានយកចិត្តទុកដាក់ ហើយនៅតែមានអ្នកបន្តផ្សងព្រេង និងជឿលើការអូសទាញពីជនខិលខូចជាមេខ្យល់ ជាងការដាស់តឿនឱ្យប្រុងប្រយ័ត្នរបស់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ។ លោកជំទាវ បានស្នើដល់អាជ្ញាធរគ្រប់ថ្នាក់ ធ្វើការផ្សព្វផ្សាយក៏ដូចជាដាស់តឿនដល់ប្រជាពលរដ្ឋទូទៅ កុំចាញ់បោកមេខ្យល់នាំឆ្លងដែនខុសច្បាប់បើគេចាប់បាន នោះយើង និងត្រូវជាប់ពន្ធនាគារពិសេស ក្នុងដំណាក់កាលរីករាល់ដាលនៃជំងឺកូវីដ- ១៩៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2021240202.txt · Last modified: 2021/02/24 12:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki