website_news:2021240207

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ជម្រុញដល់កងកម្លាំងឈរតាមគោលដៅ ផ្លូវជាតិលេខ៥៨ និងបន្ទាត់ព្រំដែនបង្កើនការត្រួតពិនិត្យ

http://cambodiapolice.com/policekh/ 11:39 am 23 កុម្ភះ 2021

ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី រ៉ែម វិរៈ ស្នងការរង ទទួលផែនការងារសេនាធិការដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យតាមគោលដៅនីមួយៗ នៅលើដងផ្លូវជាតិលេខ៥៨ និងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តស្រុកថ្មពួក ដែលវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ សហការជាមួយកងកម្លាំងយោធាឈរជើង ដោយចាប់ពីព្រំប្រទល់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មកទល់និងព្រំប្រទល់ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ នៅក្នុងដំណើរចុះត្រួតពិ និត្យនោះ លោកឧត្តមសេនីយ៍ត្រី រ៉ែម វិរៈ ស្នងការរង ទទួលផែនការងារសេនាធិការដ្ឋាន បានជម្រុញដល់កងកម្លាំងនគរបាលក៏ដូចជាកងកម្លាំងយោធា ដែលសហការឈរជើង តាមគោលដៅនីមួយៗនោះ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះការនាំចេញដោយមិនស្របច្បាប់សម្រាប់ការឆ្លងដែន និងការលួចនាំចូលប្រជាជនខ្មែរមកពីប្រទេសថៃ ដោយគេចវះ ពីសមត្ថកិច្ចដើម្បីជៀសផុតពីការនាំខ្លួនទៅធ្វើចត្តាឡីស័ក ពីសំណាក់មេខ្សល់ ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ស្នងការរង ជម្រុញឲ្យមានការត្រួតពិនិត្យលើមធ្យោបាយដឹកជញ្ជូនទាំងរថឈ្នួលនិងអ្នករត់ម៉ូតូឌុប ដែលមានដឹកជញ្ជូនមនុស្ស ត្រូវសួរនាំឲ្យបានហ្មត់ចត់។ម្យ៉ាងវិញទៀត ត្រូវចាំឃ្លាំមើលតាមផ្លូវច្រករបៀងតូចៗ កុំឲ្យមានការលួចចេញរបស់ប្រជាពលរដ្ឋទៅថៃ បើមានប្រជាពលរដ្ឋយើងចូលមកខ្មែរវិញ ត្រូវបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័ក ដោយអប់រំណែនាំពួកគាត់ចូលរួមជាមួយការទប់ស្កាត់ការរីករាលជម្ងឺកូវីដ-១៩ ដោយអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលនិងការណែនាំ របស់ក្រសួងសុខាភិបាល ។ ទន្ទឹមនោះដែរត្រូវតែរឹតបន្តឹងតាមបន្ទាត់ព្រំដែនឲ្យបានម៉ឺងម៉ាត់ ចំពោះមេ ខ្សល់ ក៏ដូចជាអ្នកនាំផ្លូវ មិនត្រូវអត់ឱនឲ្យទេ ប្រសិនបើឃាត់ខ្លួនបានមិនត្រូវលើកលែងជាដាច់ខាត គឺត្រូវឃាត់ខ្លួនអនុវត្តតាមច្បាប់ ៕

website_news/2021240207.txt · Last modified: 2021/02/24 13:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki