website_news:2021240601

តុលាការចោទមេខ្យល់ ៣ នាក់ និងបក្ខពួករឿងនាំពលករឆ្លងដែនខុសច្បាប់

https://www.postkhmer.com/ គឹម សារុំ | Publication date 23 June 2021 | 10:29 ICT

បន្ទាយមានជ័យៈ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យកាលពីម្សិលមិញបានចោទប្រកាន់បុរសមេខ្យល់ ៣ នាក់ និងបុរសបក្ខពួក ៣ នាក់ទៀត បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនករណីនាំបុរសជាពលករ ៦ នាក់បម្រុងឆ្លងដែនទៅថៃកាលពីថ្ងៃ ២០ មិថុនា នៅចំណុចអូរព្រំដែនក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ព្រះរាជអាជ្ញារង សំរិទ្ធ សុខុន និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តនេះប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានចោទមេខ្យល់ និងបក្ខពួកចំនួន ៦ នាក់ ដែលមេខ្យល់ទាំងនោះឈ្មោះ សុខា រ៉ាវុធ អាយុ ២០ ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់-ក្រុងប៉ោយប៉ែត, ទី២- ឈ្មោះ ខេមរា សូរ៉ាវីត ហៅ ម៉ៅ អាយុ ៣២ ឆ្នាំ រស់នៅភូមិក្បាលស្ពាន ២ សង្កាត់-ក្រុងប៉ោយប៉ែត និងឈ្មោះ លី វ៉ន អាយុ ១៧ ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។

ចំណែកបុរសបក្ខពួក ឈ្មោះ ជីង ហៅ ណាន អាយុ ១៧ ឆ្នាំ,ឈ្មោះ ប៉ែន ឆៃណាម អាយុ ១៨ ឆ្នាំ និងឈ្មោះ យួម សឿម អាយុ ៣៥ ឆ្នាំ។ ពួកគេត្រូវបានចោទតាមបញ្ញត្តិមាត្រា ២០ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ជនទាំង ៣ នាក់នេះជាអ្នកសម្រួលមធ្យោបាយដឹកពលករ និងមេខ្យល់។ លោកថា៖ «ខាងអយ្យការបានចោទជនទាំង ៦ នាក់ និងបានបញ្ជូនពួកគេទៅចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ទៀត»។

យោងតាមមាត្រា ២០ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទនេះ បើតុលាការរកឃើញថា ពួកគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែននោះនឹងប្រឈមជាប់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ និងពិន័យប្រាក់ចូលថវិការដ្ឋពី ៤ លានទៅ ១០ លានរៀល។

លោកស្រី ឌី សុជាតិ ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្ទាយមានជ័យឱ្យដឹងពីម្សិលមិញថា ជនទាំង ៦ នាក់ត្រូវបាននគរបាលក្រុងប៉ោយប៉ែតស្ទាក់ឃាត់បាននៅចំណុចអូរព្រំដែនក្នុងក្រុងប៉ោយប៉ែតពីម៉ោងជិត ៥ ល្ងាចថ្ងៃ ២០ មិថុនា។ ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងទូរស័ព្ទដៃ ៦ គ្រឿង ម៉ូតូកង់៣ឥណ្ឌា១គ្រឿង និងម៉ូតូ ២គ្រឿងទៀត។ លោកស្រីបានបញ្ជាក់ថា៖«ករណីនេះយើងក៏ទប់ស្កាត់បុរសពេញវ័យជាពលករបាន៦នាក់ផងដែរ ហើយយើងបានដឹកពួកគេទៅធ្វើចត្តាឡីស័កនៅក្រុងប៉ោយប៉ែតទាំងអស់។ ពួកគាត់សុទ្ធតែអ្នកក្រុងប៉ោយប៉ែតទេ។ ប៉ុន្តែបើពលកររស់នៅខេត្តផ្សេងយើងបញ្ជូនទៅខេត្តរបស់គាត់រស់នៅ»។លោកស្រីឱ្យដឹងដែរថា ទន្ទឹមនឹងការឃាត់ខ្លួនមេខ្យល់ខាងលើនេះកាលពីម៉ោងជាង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ មិថុនា កងពលតូចថ្មើរជើងលេខ ៥១ សហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ និងវរសេនាតូចថ្មើរជើងលេខ ៥១១ បានទប់ស្កាត់ពលករបាន ១៦ នាក់ក្នុងនោះមានស្រី ១០ នាក់។ ការឃាត់ខ្លួននេះធ្វើឡើងនៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈពួកគេបម្រុងលួចឆ្លងដែនទៅប្រទេសថៃ។

ករណីដោយឡែកមួយទៀតកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យដែលយាមតាមបន្ទាត់ព្រំដែន បានឃាត់ខ្លួនជនជាតិថៃ ៥ នាក់ (ស្រីម្នាក់) បញ្ជូនឱ្យផ្នែកអន្តោប្រវេសន៍ ពាក់ព័ន្ធនឹងករណីលួចឆ្លងដែនចូលមកកម្ពុជាខុសច្បាប់ ដើម្បីរកការងារធ្វើ។ នេះបើតាមលោក អេង លីហួរ ស្នងការរងផែនការងារជនអន្តោប្រវេសន៍ខេត្តនេះប្រាប់នៅរសៀលថ្ងៃទី ២២ ខែមិថុនា។ យ៉ាងណាក្ដី លោក អេង លីហួរ បានអះអាងថា សមត្ថកិច្ចរបស់លោកបានប្រគល់ពួកគេឱ្យទៅភាគីថៃវិញហើយ។ លោកបានបញ្ជាក់ថា៖ «ពួកគេទាំង ៥ នាក់នោះ តម្រូវឱ្យធ្វើចត្តាឡីស័កប៉ុន្មានថ្ងៃដែរ តែយើងមិនបានឃាត់ខ្លួនបញ្ជូនទៅតុលាការអីទេ»៕

website_news/2021240601.txt · Last modified: 2021/06/25 11:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki