website_news:2021240605

មេខ្យល់ចំនួន ២នាក់ និងពលករ ចំនួន ១១នាក់ បម្រុងឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ

https://cen-news.com/ Posted ByPen Srey Neat June 24, 2021

បន្ទាយមានជ័យ ៖ មេខ្យល់ចំនួន ២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួនបានយប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ១១នាក់ ក្នុងនោះស្រី ២នាក់ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ក្រោមការបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានចាត់តាំងលោក វរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ដោយអនុវត្តតាមបទបញ្ជា លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងផ្នែកសឹករងម៉ាឡៃ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែងនៅយប់ ថៃ្ងទី២៣ ឈានចូល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ខណៈលោកកំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួបមេខ្យល់ ២នាក់ បម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ កម្លាំងតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ក៏ឃាត់ខ្លួនបានតែម្តង ។

សូមបញ្ជាក់ថា មេខ្យល់ ១- ឈ្មោះ នឿន សីហា ភេទប្រុស អាយុ ៣៩ ឆ្នាំរស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ២- ឈ្មោះ ឃន សុផាត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិអូល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង មេខ្យល់ ទាំងពីក្រោយពីបានសាកសួររួចក៏ប្រគល់ឲ្យកម្លាំងអាវុធហត្ថស្រុកចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯពលករទាំង ១១នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ ។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករង ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021240605.txt · Last modified: 2021/06/25 11:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki