website_news:2021240801

វត្តទាំង២៤៥វត្ត និងវិហារស្នាក់ការថ្វាយបង្គំពាហិរសាសនាទាំង៦០កន្លែង នៅក្នុងខេត្តស្វាយរៀង ចូលរួមបន្លឺសម្លេងស្គរ ជួងកងរំពង

https://www.kampucheathmey.com/ ថ្ងៃសុក្រ ២០ សីហា ២០២១ដោយ Kang Tola

ស្វាយរៀង ៖ នៅវេលាម៉ោង៦និង០០នាទី ល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដាទីវត្តអារាមនៅទូទាំងខេត្តស្វាយរៀង បានបន្លឺសម្លេងស្គរ ជួងកងរំពង របស់ព្រះសង្ឃគ្រប់ទីវត្តអារាម និងវិហារ នៃគ្រប់សាសនា ដើម្បីចូលរួមកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២១ ក្រោមប្រធានបទ《សូមឱ្យពិភពលោកទាំងមូលរួចផុតពីជំងឺរាតត្បាតកូវីដ-១៩ នឹងអំពើជួញដូរមនុស្ស》។

លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង បានមានប្រសាសន៍ឲ្យដឹងថា យោងតាមសេចក្តីណែនាំលេខ១៤/២១ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងធម្មការ និងសាសនា ហើយដោយមានការណែនាំពីសំណាក់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានសម្របសម្រួលវត្តទាំង២៤៥វត្ត និងវិហារស្នាក់ការថ្វាយបង្គំពាហិរសាសនាទាំង៦០កន្លែង ចូលរួមបន្លឺសម្លេងស្គរ ជួងកងរំពង នៅវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដើម្បីបួងសួងសូមឲ្យពិភពលោកទាំងមូលរួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស។ សូមបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៧មក គណៈកម្មការជាតិប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្ស (គជបជ) តែងបានសហការជាមួយក្រសួងធម្មការនិងសាសនា មេដឹកនាំសាសនាធំៗក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំកម្មវិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងបួងសួងឲ្យប្រជាជនកម្ពុជា ក៏ដូចជា ប្រជាជនលើពិភពលោក ទទួលបានសេចក្តីសុខជៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យទំនើប៕ ដោយ ៖ ភក្ដី

website_news/2021240801.txt · Last modified: 2021/08/24 11:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki