website_news:2021240802

ព្រះសង្ឃវត្តក្រពើហា ក្រុងតាខ្មៅ ធ្វើការទួងស្គរ វាយជួងស្របតាមការណែនាំ របស់រាជរដ្ឋាភិបាល

https://news.btv.com.kh/ 08/20/2021 07:08 PM

កណ្ដាល៖ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហា បានដឹកនាំព្រះសង្ឃក្នុងវត្តធ្វើពិធីសូត្រមន្តទួងស្គរ វាយជួង នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី២០ ខែសីហានេះ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីដាស់តឿនក្រើនរំលឹក ដល់អ្នកដែលនៅរស់កុំធ្វេសប្រហែសភ្លេចខ្លួនឲ្យរងគ្រោះដោយជំងឺកូវីដ-១៩ ក៏ដូចជាអំពើជួញដូរមនុស្សជាដើមនោះ។ ក្រោយធ្វើពិធីសូត្រមន្តតាមបែបព្រះពុទ្ធសាសនា និងទួងស្គរវាយជួងរួច ឃោសមុនីវង្ស វ័ន្ត វណ្ណោ បានមានសង្ឃដីកា ព្រះសង្ឃ លោកតាជី យាយជី ក្នុងវត្តក្រពើហាទាំងអស់ តែងតែធ្វើទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងធម្មការជានិច្ច ហើយការធ្វើនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាពិភពលោកទាំងមូលឲ្យរួចផុតពីជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាជៀសឲ្យឆ្ងាយពីការជួយដូរមនុស្សជាដើម។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធម្មការ និងសាសនា បានអំពាវនាវ និងប្រគេនដល់គណៈសង្ឃទាំងពីរគណៈថ្នាក់ដឹកនាំគ្រប់សាសនាទាំងអស់នៅកម្ពុជា ត្រូវបន្លឺសំឡេងស្គរ ជួងកងរំពង នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី២០ ខែសីហាខាងនេះ គ្រប់វត្ត និងគ្រប់វិហារទាំងអស់ទូទាំងប្រទេស ដើម្បីដាស់តឿនក្រើនរំលឹកដល់អ្នកដែលនៅរស់កុំធ្វេសប្រហែសភ្លេចខ្លួន ឲ្យរងគ្រោះដោយជំងឺកូវីដ-១៩ ក៏ដូចជាអំពើជួញដូរមនុស្សជាដើម។ ក្រសួង បានជូនដំណឹងដល់សម្តេចព្រះសង្ឃនាយកទាំងពីរគណៈ ថ្នាក់ដឹកនាំគ្រប់សាសនា និងលោកប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ត្រូវសហការគ្នាជាមួយថ្នាក់ដឹកនាំសាសនាធំៗទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងបួងសួងឲ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅលើពិភពលោកទទួលបានសេចក្តីសុខ ជៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យទំនើបនោះ។ មួយវិញទៀតការទួងស្គរ និងវាយជួងនេះដែរ ក៏ដើម្បីដាស់តឿនក្រើនរំលឹកអ្នកដែលនៅរស់កុំធ្វេសប្រហែសភ្លេចខ្លួន ក្នុងកិច្ចការពារមេរោគកូវីដ១៩ជាដើមនោះ៕

website_news/2021240802.txt · Last modified: 2021/08/24 11:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki