website_news:2021240806

ពលករចូលតាមច្រកបន្ទាយមានជ័យ ប្រចាំថៃ្ង៤០០ទៅ៥០០នាក់ និងមាន១០ភាគរយ រកឃើញវិជ្ជមាន

https://news.btv.com.kh/ 08/23/2021 11:08 AM

ភ្នំពេញ៖ ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបន្ទាយមានជ័យ ជាប្រចាំថ្ងៃនៅតែបន្តមាន ក្នុងរង្វង់ចាប់ពី៤០០ ទៅ៥០០នាក់ ហើយត្រូវបានមន្ត្រីសុខាភិបាលខេត្ត ធ្វើសំណាកតាមរយៈឧបករណ៍តេស្តរហ័ស ដើម្បីរកវីរុសកូវីដ១៩ ជាលទ្ធផលមានប្រមាណ ១០ភាគរយ នៃពលករទាំងនោះ មានវិជ្ជមានកូវីដ១៩ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ចាប់តាំងពីមានការបើកព្រំដែនជាមួយប្រទេសថៃ ក្នុងការឲ្យពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ មានពលករខ្មែរចូលតាមច្រកខេត្តបន្ទាយមានជ័យ នៅតែមានចំនួនច្រើន និងមាន១០ភាគរយ នៃពលករទាំងអស់នោះ វិជ្ជមាន កូវីដ១៩ ហើយត្រូវបញ្ជូនទៅសម្រាកព្យាបាលតាមមណ្ឌលនានាដែលមាននៅក្នុងខេត្តសរុបចំនួនជិត ២០កន្លែង ។ឯកឧត្តម បានបន្តថា ដោយកំណើនមកជាបន្តបន្ទាប់នេះ អាជ្ញាធរខេត្តបានរៀបចំមណ្ឌលចត្តាឡីស័ក នៅក្នុងក្រុងសិរីសោភ័ណ និងតាមបណ្ដាស្រុកមួយចំនួន រហូតដល់ចំនួន ២២កន្លែង និងបច្ចុប្បន្នមានអ្នកកំពុងធ្វើចត្តាឡីស័ក តាមមណ្ឌលនានាចំនួន ៦ ៦២៧នាក់ ។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ទន្ទឹមនឹងការរកឃើញអ្នកវិជ្ជមានកូវីដ១៩ អាជ្ញាធរ និងមន្ត្រីសុខាភិបាលខេត្ត បាននិងកំពុងពន្លឿនក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ដោយរហូតមកដល់ពេលនេះ អ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើង ចាក់បានជាង ៣០ម៉ឺននាក់ និងនៅថ្ងៃទី២៣ ខែសីហានេះ ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ទៅដល់ក្រោម១៨ឆ្នាំ ដែលគម្រោងត្រូវចាក់ចំនួន ១០៩ ០០០នាក់ នៅមណ្ឌលសុខភាពក្នុងខេត្តចំនួន ៦៨ទីតាំង ។ ឯកឧត្តម អ៊ុ រាត្រី បញ្ជាក់ថា ពុំមានករណីយុវជននៅមណ្ឌលបន្សាប់គ្រឿងញៀន រត់ចេញពីមណ្ឌលនោះ គឺគ្រាន់តែពួកគេពេលដឹងថា មានករណីវិជ្ជមានកូវីដ១៩ ហើយនោះ ចង់ស្វែងរកទីតាំងព្យាបាល ប៉ុន្តែបច្ចុប្បន្នអាជ្ញាធរបានសម្រួលឲ្យពួកគេ បានទៅមណ្ឌលព្យាបាលខាងក្រៅចំនួន ១៥០នាក់ និងក្រៅពីនោះព្យាបាលនៅក្នុងមណ្ឌលបន្សាប់គ្រឿងញៀន ។ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរខេត្តបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៨២នាក់ និងជាសះស្បើយចំនួន ១៦៨នាក់ ។ រហូតមកដល់ពេលនេះ នៅខេត្តបន្ទាយមានជ័យ ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានវីរុសបំប្លែងថ្មីដែលតា (Delta) ចំនួន១៤៦នាក់ និងសរុបនៅទូទាំងប្រទេសកម្ពុជា គឺបានរកឃើញអ្នកវិជ្ជមានវីរុសនេះ ចំនួន៩៩៩នាក់ ប៉ះពាល់លើរាជធានី និងខេត្តសរុបចំនួន២៣ លើកលែងខេត្តកែប និងខេត្តក្រចេះ ៕ អត្ថបទ បាន សុខរិទ្ធ

website_news/2021240806.txt · Last modified: 2021/08/24 11:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki