website_news:2021241103

ក្នុងខែតុលាសមត្ថកិច្ចថៃ ចាប់បញ្ជូនពលករខ្មែរជាង១ពាន់នាក់មកវិញ តាមច្រកខេត្តបាត់ដំបង

https://news.btv.com.kh/ 11/22/2021 01:11 PM

បាត់ដំបង៖ រយៈពេលពេញមួយខែតុលា ឆ្នាំ២០២១ ពលករខ្មែរជាង១ពាន់នាក់ ដែលបានលួចឆ្លងដែនខុសច្បាប់ទៅដល់ទឹកដីថៃត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាវិញតាមច្រកព្រំដែនខេត្តបាត់ដំបង។ទោះបីជាអាជ្ញាធរ និងកងកម្លាំងការពារព្រំដែនចុះល្បាតទប់ស្កាត់ និងបង្រ្កាបទាំងយប់ទាំងថ្ងៃ ប៉ុន្តែសកម្មភាព បណ្តាញមេខ្យល់នាំមនុស្សឆ្លងដែនចេញចូលខុសច្បាប់ និងប្រជាពលរដ្ឋលបលួចឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃ នៅតែបន្តកើតមានឡើងឥតឈប់ឈរ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងខែតុលា អាជ្ញាធរ និងកងកម្លាំងចម្រុះការពារព្រំដែន បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋ ដែលបម្រុងឆ្លងដែនខុសច្បាប់ចំនួន ១៦លើក ដែលមានមនុស្ស២៣៩នាក់ និងសមត្ថកិច្ចថៃ បានចាប់បញ្ជូនមកវិញចំនួន៥០លើក ចំនួនមនុស្ស១១៨២នាក់ ។ ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចចម្រុះការពារព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានធ្វើការ បង្រ្កាបករណីនាំចេញមនុស្សឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃ ចំនួន១៧ករណី ឃាត់ខ្លួន២៦នាក់ អប់រំពលករ ១២៨នាក់ និងបានជួបប្រជុំជាមួយភាគីថៃ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការល្អ និងផ្លាស់ប្តូរព័ត៌មាន ចំនួន៥លើក។ ក្នុងខែតុលាកន្លងទៅនេះ ក៏មានអ្នកដំណើរឆ្លងកាត់ច្រកព្រំដែនអន្តរជាតិដូង ច្រកព្រំដែនអន្តរ ជាតិភ្នំដី និងច្រកទ្វារតំបន់ទាំងបី (មាន ច្រកអូរអន្លក់ (សួនស៊ុ) អូររំដួល និងច្រក៤០០) ទាំងចេញ និងចូលសរុបចំនួនជាង៦២០០នាក់។

អាជ្ញាធរខេត្តបាត់ដំបង បានដាក់ទិសដៅបង្កើនសកម្មភាពល្បាតត្រួតពិនិត្យតាមបន្ទាត់ព្រំដែន ដោយរក្សាឲ្យខាងតែបាននូវបូរណភាពទឹកដី និងជំរុញសកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឲ្យខ្លាំងក្លាបន្ថែមទៀត ដោយយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពក្នុងសកម្មភាពជួញដូរ ពលករឆ្លងដែន និងចំណាកស្រុកខុសច្បាប់។ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា កងកម្លាំងចម្រុះការពារព្រំ ដែន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានធ្វើការទំនាក់ទំនង និងសហការយ៉ាងជិតស្និទជាមួយភាគីថៃ ដើម្បីទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយមិនស្របច្បាប់៕ អត្ថបទ៖ នឿត សុភក្ត្រ

website_news/2021241103.txt · Last modified: 2021/11/24 10:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki