website_news:2021241104

ពលរដ្ឋខ្មែរជាង ២០នាក់ឆ្លងដែនខុសច្បាប់ត្រូវថៃចាប់ខ្លួន

https://www.khmertimeskh.com/ ខ្មែរថាមស៍ November 23, 2021

អាជ្ញាធរថៃបានចាប់ខ្លួនពលរដ្ឋខ្មែរជាង ២០នាក់ជាថ្មីម្តងទៀត ក្នុងរយៈពេលពីរថ្ងៃ ដែលចូលប្រទេសថៃដោយខុសច្បាប់។ ពលរដ្ឋមួយក្រុមនេះត្រូវបានចាប់ខ្លួននៅថ្ងៃទី ២១ ខែវិច្ឆិកានិង ថ្ងៃទី ២២ ខែវិច្ឆិកា។ អាជ្ញាធរថៃបានចាប់ខ្លួនមនុស្ស ៩ នាក់នៅថ្ងៃទី ២១ ខែវិច្ឆិកានិង ១៣ នាក់នៅថ្ងៃទី ២២ ខែវិច្ឆិកា។ បើតាមព័ត៌មានក្នុងស្រុកបានឲ្យដឹងថា បន្ទាប់ពីមានការចាប់ខ្លួនជនជាតិខ្មែរ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានជួយអន្តរាគមន៍ និងសម្របសម្រួលឱ្យពលរដ្ឋខ្មែរត្រឡប់ទៅប្រទេសវិញ។ ពួកគេត្រូវបានបញ្ជូនមកកម្ពុជាវិញនៅថ្ងៃទី២២ វិច្ឆិកា ហើយត្រូវប្រគល់ឱ្យអាជ្ញាធរកម្ពុជានៅច្រកទ្វារអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត សម្រាប់នីតិវិធីសុខភាពចាំបាច់ មុននឹងពួកគេអាចត្រឡប់ទៅផ្ទះវិញបាន។

អត្ថបទមុនរបស់ខ្មែរថាមស៍ បានសរសេរថា ពលករចំណាកស្រុករាប់សិបនាក់ បាននិងកំពុងព្យាយាមឆ្លងដែនចូលប្រទេសថៃជារៀងរាល់ថ្ងៃ ដើម្បីស្វែងរកការងារធ្វើ។ ខេត្តនានានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បន្តឃើញការប៉ុនប៉ងឆ្លងដែនខុសច្បាប់ ខណៈពលរដ្ឋខ្មែរព្យាយាមរកការងារធ្វើនៅប្រទេសថៃ។ តាមការបញ្ជាក់របស់ មន្ត្រីនគរបាលច្រកទ្វារព្រំដែនអូរបីជាន់ ខេត្តបន្ទាយមានជ័យ លោក អ៊ាម ស៊ីគឿន អត្រាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ក្នុងមួយថ្ងៃមានជាង ៤០នាក់ ហើយអាជ្ញាធរថៃបានបង្កើនវិធានការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ផងដែរ៕

website_news/2021241104.txt · Last modified: 2021/11/24 10:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki