website_news:2021241106

អាជ្ញាធរខេត្តជាប់ព្រំដែនត្រៀមពិភាក្សាជាមួយថៃ ដើម្បីបើកច្រកអន្តរជាតិឡើងវិញ

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 23 November 2021 | 09:15 ICT

ភ្នំពេញៈ ថ្នាក់ដឹកនាំខេត្ដជាប់ព្រំដែនកម្ពុជា-ថៃ កំពុងត្រៀមជួបប្រជុំពិភាក្សាគ្នាលើការបើកដំណើរការច្រកព្រំដែនអន្តរជាតិនានាឡើងវិញ ដើម្បីសម្រួលដល់ការចេញ-ចូលរបស់ប្រជាពលរដ្ឋ និងបើកអាជីវកម្ម ក៏ដូចជាការដឹកទំនិញ និងប្រកបរបរឆ្លងកាត់ព្រំដែននៃប្រជាជនប្រទេសទាំង ២។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យថ្លែងនៅថ្ងៃទី ២២ វិច្ឆិកាថា រដ្ឋបាលខេត្ដបន្ទាយមានជ័យនៅថ្ងៃទី ២៥ ខែវិច្ឆិកាខាងមុខនេះនឹងបើកកិច្ចប្រជុំជាមួយភាគីថៃ ស្តីពីការបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកមួយចំនួនទៀត ដើម្បីសម្រួលដល់ការចេញចូលរបស់ប្រជាពលរដ្ឋដូចធម្មតាឡើងវិញ។ លោកបានថ្លែងថា៖ «តាមផែនការនៃកិច្ចប្រជុំនេះ គឺយើងត្រៀមពិភាក្សាគ្នាក្នុងការបើកច្រកចេញ-ចូលព្រំដែនជាប្រក្រតីឡើងវិញ។ បើកច្រកបណ្ដោះអាសន្នតាមច្រកអន្តរជាតិថ្មីគឺច្រកស្ទឹងបត់ រួមនឹងពិភាក្សាគ្នាលើការការពារការរត់ពន្ធគ្រឿងញៀន និងជួញដូរមនុស្សជាដើម»។ លោក សារី បានឱ្យដឹងថា កិច្ចប្រជុំនេះភាគីថៃ បានស្នើសុំកម្ពុជាទៅចូលរួមធ្វើនៅលើទឹកដីប្រទេសថៃស្ថិតក្នុងខេត្តស្រះកែវ ដោយផ្ដោតសំខាន់លើការបើកច្រកចេញចូលព្រំដែនជាប្រក្រតីឡើងវិញ និងការស្នើរបស់ភាគីថៃក្នុងការចុះមកពិនិត្យវឌ្ឍនភាព នៃការសាងសង់ច្រកអន្តរជាតិថ្មីស្ទឹងបត់ដែលកំពុងសាងសង់។លោកបានឱ្យដឹងថា ការប្រជុំរៀបចំបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញនេះ ក្រោយពីស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ ១៩ មានការធូរស្រាល និងប្រជាពលរដ្ឋនៅតាមខេត្ដជាប់ព្រំដែនភាគច្រើនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បាន ២-៣ ដូសរួចហើយ។ លោកបានបន្ថែមថា បញ្ហាប្រឈមនៅតាមព្រំដែនកម្ពុជា-ថៃ គឺប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅបន្តចាញ់បោកមេខ្យល់លួចឆ្លងដែនខុសច្បាប់តាមច្រករបៀង ដែលអាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេល។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងក៏បានឱ្យដឹងដែរថា ទាក់ទងនឹងការបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញនេះ ភាគីទាំង ២ គឺមានបំណងបើកដូចគ្នា ប៉ុន្ដែដោយសារបញ្ហាជំងឺកូវីដ ១៩ នៅប្រទេសថៃ មានសភាពធ្ងន់ធ្ងរជាងកម្ពុជា ដូច្នេះការបើកជាប្រក្រតីឡើងវិញត្រូវរង់ចាំការឯកភាពគ្នាជាមុនសិន។ លោកបញ្ជាក់ថា៖ «ចាប់តាំងពីខែមិថុនា ខេត្ដនៅជាប់ព្រំដែនកម្ពុជា-ថៃបានបើកឱ្យចរាចរទំនិញចេញ-ចូលជាធម្មតា ប៉ុន្ដែចំពោះការបើកដំណើរការចេញ-ចូលរបស់ប្រជាពលរដ្ឋជាធម្មតាឡើងវិញគឺមិនទាន់អនុញ្ញាតនៅឡើយទេ គឺរង់ចាំការឯកភាពពីរដ្ឋាភិបាលថៃសិន»។ លោកបានបន្តថា៖ «ការបើកជាធម្មតាឡើងវិញខាងយើងបានឯកភាពហើយ ដោយទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការបើកឡើងវិញ ប៉ុន្ដែភាគីថៃនៅមិនទាន់មានគោលការណ៍នៅឡើយ។ ដូច្នេះជាធម្មតាប្រទេសជិតខាងគ្នាទាល់តែមានការឯកភាពគ្នាទាំងសងខាង»។ លោក សឿម ប៊ុនរិទ្ធិ បញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្ដក៏កំពុងរង់ចាំការស្នើសុំប្រជុំពីភាគីថៃ សម្រាប់ការបើកដំណើរការច្រកព្រំដែននានារវាងខេត្តទាំង ២ ជាប្រក្រតីឡើងវិញដែរ។

ដោយឡែកលោក សំឃិត វៀន អភិបាលរងនៃគណៈអភិបាលខេត្តកោះកុងបានឱ្យដឹងដែរថា ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃក្នុងភូមិសាស្ដ្រខេត្ដកោះកុងបានបើកដំណើរការចរាចរណ៍ទំនិញជាធម្មតា ប៉ុន្ដែការបើកច្រកជាប្រក្រតីឡើងវិញ ភាគីទាំង ២ នៅមិនទាន់បានពិភាក្សាគ្នាទេ។ លោកថ្លែងថា៖ «មកទល់ពេលនេះ យើងមិនទាន់បានទទួលព័ត៌មានពីភាគីថៃចំពោះការស្នើសុំបើកច្រកព្រំដែនឡើងវិញជាប្រក្រតីនៅឡើយទេ។ ខាងយើងមិនមានបញ្ហាអ្វីទេ យើងរង់ចាំតែបើកឡើងវិញទេ ប៉ុន្ដែកិច្ចការងារនេះ គឺត្រូវរង់ចាំការឯកភាពពីភាគីថៃដែរ»៕

website_news/2021241106.txt · Last modified: 2021/11/24 10:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki