website_news:2021250105

អាជ្ញាធរខេត្តបន្ទាយមានជ័យថាពលករខ្មែរនៅតែបន្តវិលមកកម្ពុជាវិញ ខណៈនៅថៃអស់ការងារធ្វើ

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 24/01/2021 - 06:07

ពលករខ្មែរដែលទៅរកការងារធ្វើនៅប្រទេសថៃនៅតែបន្តវិលចូលប្រទេសកម្ពុជានៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលមានចំនួនច្រើនឡើង ខណៈប្រទេសជិតខាងមួយនេះ កំពុងរីករាលដាលកូវីដ១៩ ធ្វើឲ្យពលករខ្មែរត្រូវបាត់បង់ការងារ។ តាំងពីប្រទេសថៃផ្ទុះកូវីដ១៩ទៅក្នុងសហគមន៍នៅខេត្តសាមុតសាខនមក គឺមានពលករខ្មែរជាង ១ម៉ឺននាក់ហើយបានវិលមកកម្ពុជាវិញជាបន្តបន្ទាប់។

លោក លី សារី អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃអាទិត្យនេះថា រយៈពេល២ថ្ងៃចុងក្រោយនេះ ពលករខ្មែរដែលមកពីថៃបានកើនឡើងដល់ជិត ១០០នាក់ បន្ថែមទៀត ដោយសារតែនៅប្រទេសថៃអស់ការងារធ្វើ។ ដូច្នេះមណ្ឌលចត្តាឡីស័កនៅតាមសាលារៀនកន្លងមកគឺនៅបន្តប្រើប្រាស់បន្តទៀត ដែលធ្វើឲ្យការសិក្សារបស់សិស្សនៅខេត្តជាប់ព្រំដែនមួយនេះ ត្រូវបន្តពន្យារពេល។ នេះបើតាមអ្នកនាំពាក្យដដែល។ លោក លី សារី បានឲ្យដឹងថា តាំងពីប្រទេសថៃផ្ទុះកូវីដ១៩ទៅក្នុងសហគមន៍នៅខេត្តសាមុតសាខននោះ គឺមានពលករខ្មែរដែលមកពីថៃវិញឆ្លងកាត់ខេត្តបន្ទាយមានជ័យ មានជាង ១ម៉ឺននាក់ ក្នុងនោះប្រមាណ៣ពាន់នាក់ ត្រូវធ្វើចត្តាឡីស័កនៅតាមទីតាំងមួយចំនួនក្នុងបន្ទាយមានជ័យ។

សូមជម្រាបថា ពេលនេះអាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងតែស្វែងរកបុរសម្នាក់ជាពលករខ្មែរ ដែលបានលួចរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កនៅវិទ្យាល័យមង្គលបូរី កាលពីយប់ថ្ងៃ២២ ខែមករា ឆ្នាំ២០២១។ លោក លី សារី បានអះអាងថា ការរត់ចេញរបស់ពលកររូបនោះ មិនមែនមកពីពិបាករស់នៅក្នុងមណ្ឌលចត្តាឡីស័កនោះទេ តែលោកជឿថា មកពីពលកររូបនេះខ្លាចម្ចាស់បំណុលតាមទារលុយ ទើបរូបគេរត់គេចខ្លួន រួមទាំងប្រពន្ធដែលនៅឯផ្ទះផងដែរ។ យ៉ាងណាក៏ដោយពលកររូបនេះបានធ្វើតេស្តកូវីដ១៩ជាលើកទី១ គឺអវិជ្ជមាន តែតម្រូវឲ្យធ្វើតេស្តចំនួន២លើកទៀត៕

website_news/2021250105.txt · Last modified: 2021/01/25 11:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki