website_news:2021250106

បុរសលួចចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបុរី បានឆ្លងដែនទៅថៃវិញ

https://thmeythmey.com/ 24, Jan 2021 , 3:18 pm

ពលករខ្មែរម្នាក់ដែលលួចចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបុរី ខេត្តបន្ទាយមានជ័យ បានឆ្លងដែនវិលត្រឡប់ទៅថៃ ជាមួយភរិយារបស់ខ្លួនវិញ។ នេះបើតាមការអះអាងរបស់ លោក ជា ទី មេឃុំសឿ។

បើតាមលោក ជា ទី ពលករឈ្មោះ ខា រិន ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កនៅវិទ្យាល័យមង្គលបុរី កាលពីថៃទី២១ ខែមករា ហើយលទ្ធផលសំណាកលើកទី១ បង្ហាញថា គាត់អវិជ្ជមានកូវីដ-១៩ ។ បីថ្ងៃក្រោយមកពលកររូបនេះ បានលួចរត់ទៅថៃវិញជាមួយភរិយា។ អភិបាលស្រុកមង្គលបុរី លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ថា នេះជាលើកទី២ ដែលមានករណីរត់គេចចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបុរីនេះ ដោយករណីទីមួយ ត្រូវបានឃាត់ខ្លួន ហើយយកត្រឡប់មកធ្វើចត្តាឡីស័កវិញ។ លោកបន្ថែមថា៖ «អ្នកដែលលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក ខុសពីគោលការណ៍ណែនាំ គឺអាជ្ងាធរពុំមានផាកពិន័យ អ្វីនោះទេ គឺគ្រាន់យកខ្លួនគាត់មកធ្វើចត្តាឡីស័ក ហើយរាប់ចាប់ពីថ្ងៃទីមួយ ឡើងវិញប៉ុណ្ណោះ»។

បើតាមអភិបាលស្រុកមង្គលបុរី គិតត្រឹមថ្ងៃទី២៤ ខែមករានេះ មណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបុរី ទទួលពលករខ្មែរពីថៃ មកធ្វើចត្តាឡីស័កចំនួន ៦២៨នាក់ ក្នុងនោះមាន៤នាក់វិជ្ជមាន ខណៈអ្នកមួយចំនួនទៀតបានវិលត្រឡប់ទៅផ្ទះវិញ ក្រោយផុតអំឡុងពេលនៃចត្តាឡីស័ក។ គិតត្រឹមថ្ងៃទី២៤នេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន៤៥៨ករណី ដោយ ៤០៥ករណីជាសះស្បើយ ក្នុងនោះ មានពលករខ្មែរមកពីថៃចំនួន ៨២នាក់ និងជាសះស្បើយ ៤០នាក់។ រីឯអ្នកជំងឺកំពុងសម្រាកព្យាបាល មានចំនួន ៥៣នាក់ ក្នុងនោះ ៩នាក់ក្នុងមជ្ឈមណ្ឌលកំចាត់ជំងឺរបេង និង ហង់សិន, ១នាក់ក្នុងពេទ្យមិត្តភាពខ្មែរ-សូវៀត, ១នាក់ក្នុងមណ្ឌលសុខភាពចាក់អង្រែ។ ចំណែកឯ ពលករពីថៃព្យាបាលនៅតាមបណ្ដាមន្ទីរពេទ្យខេត្ត ក្នុងនោះ ៣០នាក់នៅក្នុងបន្ទាយមានជ័យ, ៩នាក់នៅបាត់ដំបង២នាក់នៅឧត្ដរមានជ័យ និង ១នាក់នៅប៉ៃលិន៕

website_news/2021250106.txt · Last modified: 2021/01/25 11:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki