website_news:2021250201

សមត្ថកិច្ចចាប់មេខ្យល់នាំមនុស្សឆ្លងដែនបាន ៨០ នាក់ ក្រោយពីមានបទបញ្ជា

https://www.postkhmer.com/ ឡាយ សាមាន | Publication date 24 February 2021 | 12:20 ICT

ភ្នំពេញៈ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន បានឱ្យដឹងថា គិតត្រឹមម៉ោង ១០ ព្រឹកម្សិលមិញកម្លាំងអាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេសបានឃាត់ខ្លួនមេខ្យល់ដែលនាំពលករឆ្លងព្រំដែនខុសច្បាប់ទៅប្រទេសជិតខាងបានចំនួន ៨០ នាក់ ខណៈសមត្ថកិច្ចកំពុងអនុវត្តវិធានការធ្វើចត្តាឡីស័កលើមេខ្យល់ និងពលករទាំងនោះ។ ប្រតិបត្តិការនេះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានចេញបញ្ជាយ៉ាងតឹងរ៉ឹងឱ្យចាប់មេខ្យល់ ដែលនាំពលករឆ្លងដែនខុសច្បាប់ទៅក្រៅប្រទេស ដើម្បីចូលរួមក្នុងការបង្ការការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩។ លោក ឆាយ គឹមខឿន បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញយ៉ាងខ្លីថា៖ «គិតត្រឹមថ្ងៃទីម៉ោងនេះ (ថ្ងៃទី ២៣ កុម្ភៈ ម៉ោង ១០ ព្រឹក) អាជ្ញាធរពាក់ព័ន្ធបានឃាត់មេខ្យល់ចំនួន ៨០ នាក់ ហើយភាគច្រើនមេខ្យល់ទាំងនោះកំពុងធ្វើចត្តាឡីស័ក តែជាគោលកាណ៍នឹងបញ្ជូនទៅធ្វើចត្តាឡីស័កទាំងអស់»។

អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា ក្រោយពីទទួលបានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ខេត្តបាត់ដំបងឃាត់ខ្លួនមេខ្យល់បាន ៩ នាក់ និងកសាងសំណុំរឿងទៅតុលាការផងដែរ។ លោកថា៖ «មេខ្យល់ឃាត់ខ្លួនមានទាំងនាំចេញនាំចូលមេខ្យល់ខ្លះនាំប្រជាពលរដ្ឋយើងទៅធ្វើកម្លាំងពលកម្មនៅថៃ, គេសន្យាជាមួយពលរដ្ឋដែលគ្នាអត់ដឹងអីថា ទៅរកការងារតាមពិតថៃគេមិនឱ្យចូលប្រទេសគេទេ បើមានលួចចូល គេនឹងចាប់បញ្ជូនមកឱ្យសមត្ថកិច្ចយើងវិញ ហើយតែមេខ្យល់ខ្លះនាំពលករពីថៃចូលមកកម្ពុជា ដើម្បីគេចវេះពីមណ្ឌលចត្តាឡីស័ក»។ យ៉ាងណាក្ដី លោក ប៊ុនរិទ្ធិ បានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍ ក្រុមការងារខេត្តក៏បានផ្សព្វផ្សាយពីអនុក្រឹត្យរដ្ឋាភិបាលទាក់ទងបង្កើនការផាកពិន័យលើអ្នកមិនធ្វើចត្តាឡីស័ក និងអ្នកដែលនាំរត់គេចវេះមិនធ្វើចត្តាឡីស័កដល់ពលករក៏ដូចពលរដ្ឋមូលដ្ឋានផងដែរ។ លោកថា៖ «យើងមិនត្រឹមតែចាប់មេខ្យល់ទេយើងក៏បានជួយផ្សព្វផ្សាយអនុក្រឹត្យផងដែរ ដើម្បីកុំឱ្យគាត់គេចវេះពីមណ្ឌលចត្តាឡីស័ក យើងពន្យល់គាត់កាលណារត់គេចពីមណ្ឌលចត្តាឡីស័ក មិនត្រឹមតែទទួលការពិន័យពី ១ លាន ទៅ ៥ លានរៀលទេ ហើយបើអ្នកសមគំនិតពិន័យច្រើនជាងពី ១០ ទៅ ៥០ លានរៀល ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌទៀតផង»។

ជាមួយគ្នានេះដែរ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «អំឡុងខែកុម្ភៈ យើងចាប់បានមេខ្យល់ទាំងអស់ ៣ នាក់ ស្រី ១ ប្រុស ២ នាក់ ក្នុងនោះប៉ូលិសចាប់បាន ២ នាក់ និងប៉េអឹមចាប់បាន ១ នាក់»។

ទាក់ទងនឹងករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២០ កុម្ភៈ បានបញ្ជាឱ្យកម្លាំងការពារព្រំដែនរឹតបន្តឹងកុំឱ្យមានពលរដ្ឋឆ្លងដែនទោះស្របច្បាប់ក៏ដោយ។ ជាមួយគ្នានេះលោកអំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅថៃ ប្រសិនបើអាចកុំទាន់វិលមកកម្ពុជាអំឡុងពេលរីករាលដាលកូវីដ១៩។ លោកបានបញ្ជាក់ថា៖ «ប្រជាពលរដ្ឋរបស់យើងអាចនឹងមកចូលឆ្នាំខ្មែរក៏ផ្តាំទៅប្រជាពលរដ្ឋរបស់យើងនៅព្រះរាជាណាចក្រថៃឱ្យបានជ្រាប បើមកក៏អត់បានចូលឆ្នាំដែរ ព្រោះអីពេលមកត្រូវធ្វើចត្តាឡីស័កនៅទល់ដែន បើថាមកមុនអត់មានបញ្ហាទេ ប៉ុន្តែបើមកដើម្បីតែចូលឆ្នាំគឺអត់បានចូលឆ្នាំទេ ច្បាស់ជាត្រូវធ្វើចត្តាឡីស័កអត់ឱ្យធ្លាយចូលមកខាងក្នុងទេ ហើយពេលត្រឡប់ទៅថៃវិញ ត្រូវធ្វើចត្តាឡីស័កនៅថៃ ១៤ ថ្ងៃ អ៊ីចឹងមកកម្ពុជាអស់ ១៤ ថ្ងៃ ទៅថៃវិញ អស់ ១៤ ថ្ងៃ អ៊ីចឹងក្មួយៗកម្មករ-កម្មការិនីរបស់យើង ពលករ-ពលការិនីនៅថៃ គឺកុំមកកម្ពុជាចូលឆ្នាំនៅថៃទៅជាការល្អ»។ លោកបានបន្តថា៖ «ចំពោះអ្នកដែលត្រឡប់មកវិញយើងមិនទទួលពលរដ្ឋយើងមិនបានព្រោះជាពលរដ្ឋរបស់យើងធ្វើដំណើរត្រឡប់មកវិញ ហើយអ៊ីចឹងយើងត្រូវតែទទួល តែយើងត្រូវធ្វើចត្តាឡីស័ក ប៉ុន្តែឆ្លងដែនពីកម្ពុជាទៅថៃពីកម្ពុជាទៅវៀតណាម កម្ពុជាទៅឡាវ យើងមិនអនុញ្ញាតឱ្យទៅទេ អ៊ីចឹងកងកម្លាំងការពារព្រំដែនទាំងអស់ត្រូវបិទ មិនឱ្យមានពលករចេញទេ»៕

website_news/2021250201.txt · Last modified: 2021/02/25 11:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki