website_news:2021250208

អាជ្ញាធរខេត្តបាត់ដំបង បញ្ជូនខ្លួនពួកមេខ្យល់ ៣៩នាក់ ទៅតុលាការ ពីបទនាំពលករឆ្លងដែនខុសច្បាប់

http://btv.com.kh/ 24/02/2021

បាត់ដំបង ៖ ពួកមេខ្យល់តែងនាំពលករលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ តាមច្រករបៀងនានាជាប់ខេត្តបាត់ដំបង ហើយត្រូវសមត្ថកិច្ច អាជ្ញាធរស្រុកជាប់ព្រំដែនឃាត់ខ្លួន និងបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ១៩ រហូតមកដល់ពេលនេះមានចំនួន ៣៩នាក់ លើសំណុំរឿង ២១ករណី ។

លោកស្រី រស់ ជីវី ស្នងការរងខេត្តបាត់ដំបង ទទួលបន្ទុកការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ពួកមេខ្យល់ទាំងអស់នោះ ភាគច្រើនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន នៅពេលនាំពលករលួចឆ្លងដែនខុសច្បាប់ តាមបន្ទាត់ព្រំដែនជាក់ស្ដែង និងកំពុងបន្តស្វែងរកពួកមេខ្យល់មួយចំនួនទៀត។ លោកស្រីបន្តថា ការកំណត់មុខសញ្ញា និងចាប់ខ្លួនពួកមេខ្យល់ទាំងនោះមានផលលំបាកមួយចំនួនព្រោះពួកនោះមានការបំលាស់ទីមិនច្បាស់លាស់ ខណៈការចាប់ខ្លួនពួកគេ តាមរយៈនគរបាលវរៈការពារព្រំដែន កងទ័ព និងកម្លាំងកងរាជអាវុធហត្ថជាដើម ។

ក្នុងឱកាសចុះចែកអំណោយពលរដ្ឋក្រីក្រ នៅឃុំព្រះផុស ស្រុកគាស់ក្រឡ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បានមានប្រសាសន៍ថា ក្នុងវិធានការទប់ស្កាត់នូវការនាំពលករឆ្លងដែនខុសច្បាប់ ពីសំណាក់ពួកមេខ្យល់ទាំងអស់នោះ អាជ្ញាធរខេត្តបានបង្កើនកម្លាំង និងពង្រាយនៅតាមបន្ទាត់ព្រំដែន ដើម្បីចាប់ខ្លួន និងស្វែងរកពួកមេខ្យល់ មកផ្ដន្ទាទោសតាមច្បាប់ និងមិនមានការលើកលែង ។

យោងតាមរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករឆ្លងដែនមកពីប្រទេសថៃ តាមច្រកព្រំដែននានា ជាប់ខេត្តបាត់ដំបង មានចំនួន ២២៣នាក់ និងចាប់ពីមានការឆ្លងរីករាលដាលក្នុងសហគមន៍ នៃជំងឺកូវីដ១៩ នៅខេត្តសាមុទសាខន មានជិត ៩០០០នាក់ បានបញ្ចប់ចត្តាឡីស័ក និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញជាង៤៧០០នាក់ ហើយអាជ្ញាធរខេត្ត នឹងរៀបចំមណ្ឌលចត្តាឡីស័ក ២បន្ថែម និងពង្រីកការបោះតង់ ឬធ្វើរោងនៅតាមមណ្ឌលមួយចំនួននៅតាមស្រុកជាប់ព្រំដែន ខណៈកំណើនពលករកាន់តែច្រើនឆ្លងដែនមកពីថៃ ៕ អត្ថបទ ៖ បាន សុខរិទ្ធ

website_news/2021250208.txt · Last modified: 2021/02/25 11:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki