website_news:2021250302

កម្លាំងជំនាញបង្ក្រាបករណីបង្ខាំងមនុស្សខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ២នាក់

http://cambodiapolice.com/policekh/ 3:55 pm 23 មីនា 2021

ព្រះវិហារ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២១ ពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សដោយខុសច្បាប់ ។

ជនរងគ្រោះឈ្មោះ សួន ស្រីហៀង ភេទស្រី អាយុ២០ឆ្នាំ មុខរបររត់តុ រស់នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ ជងសង្ស័យមានឈ្មោះ យូ យឿន ហៅ ផល្លី ភេទស្រី អាយុ ៥២ឆ្នាំ មុខរបរ មេផ្ទះ រស់នៅឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ និងឈ្មោះ អិន ប៊ុននឿន ភេទប្រុស អាយុ២៧ឆ្មាំ មុខរបរ លក់ដូរ ត្រូវជាថៅកែហាងផឹកស៊ីឈ្មោះ លុច្សសារី «Beer» នៅក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ ខាងលើ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សួន ស្រីហៀង ភេទស្រី អាយុ ២០ឆ្នាំ មុខរបររត់តុ ថា រូបនាងត្រូវបានថៅកែហាងរូបនេះ បង្ខាំងទុកក្នុងបន្ទប់ដោយចាក់សោរពីក្រៅ» ។ ក្រោយពីទទួលបានព័ត៌មានពីនារីរងគ្រោះរួច កម្លាំងជំនាញបានចុះទៅពិនិត្យមើលភ្លាមៗដល់ទីតាំងហាង ហើយក៏សុំឱ្យថៅកែហាងវ័យក្មេងរូបនេះ ដែលជាជនសង្ស័យ សហការបើកបន្ទប់ ដែលបានចាក់សោពីក្រៅ ក៏បានប្រទះឃើញនារីវ័យក្មេងម្នាក់មានអាការៈស្លេកស្លាំង នៅក្នុងបន្ទប់ពិតប្រាកដមែន ។

ហេតុការនេះកើតឡើងដោយសារនារីរងគ្រោះសុំឈប់ធ្វើការនៅក្នុងហាង តែម្ចាស់ហាងនេះស្រឡាញ់នារីរងគ្រោះ មិនឱ្យឈប់ទេ ក៏ចាក់សោរនារីរងគ្រោះក្នុងបន្ទប់តែម្តងទៅ។ ជនសង្ស័យទាំង ០២នាក់ ខាងលើសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជួនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕

website_news/2021250302.txt · Last modified: 2021/03/25 12:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki