website_news:2021250303

ពលករខ្មែរ១០នាក់ ឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ ខណៈលំហូរពលករចូលកម្ពុជាមានការកើនឡើង

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 22/03/2021 - 07:42 ដោយ៖ ជួប នរក្សា

យ៉ាងហោចក៏មាន ពលករខ្មែរចំនួន១០នាក់ ដែលកំពុងធ្វើការនៅក្នុងខេត្តសាមុតប្រាកាន ត្រូវបានរកឃើញថាវិជ្ជមានកូវីដ-១៩ នៅក្នុងសហគមន៍ជាចង្កោមថ្មីនៅប្រទេសថៃ។ ខេត្តសាមុតប្រាកាន គឺជាខេត្តទី២ ដែលផ្ទុះចេញនូវការឆ្លងជំងឺកូវីដ-១៩ លើពលករចំណាកស្រុកធ្វើការនៅប្រទេសថៃ បន្ទាប់ពីខេត្តសាមុតសាខន។ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅលើពលករខ្មែរ ស្របពេលដែល មានលំហូរពលករខ្មែរវិលត្រលប់មកកម្ពុជាវិញ ក៏មានការកើនឡើងកាន់តែច្រើនផងដែរ។ ពលករទេសន្តប្រវេសន៍ខ្មែរចំនួន១០នាក់ ក្នុងចំណោមពលករ១៦នាក់ ត្រូវបានអាជ្ញាធរថៃរកឃើញថាវិជ្ជមានកូវីដ-១៩។ ការរកឃើញវិជ្ជមានកូវីដ-១៩ បន្ទាប់ពីអាជ្ញាធរថៃបានយកសំណាកពលករប្រមាណជាង៦០០នាក់ ដែលធ្វើការនៅក្នុងការដ្ឋានសាងសង់ ក្នុងខេត្តសាមុតប្រាកាន។ បើតាមអាជ្ញាធរថៃ អាជ្ញាធរបានរកឃើញការផ្ទុះឆ្លងជំងឺកូវីដ-១៩នោះ ក្រោយពីការធ្វើតេស្តលើពលករភូមាម្នាក់ កាលពីថ្ងៃទី១៣ មីនា ជាមួយនឹងលទ្ធផលវិជ្ជមានកូវីដ-១៩។ ជាបន្តបន្ទាប់ក៏មានការរាលដាលដល់ពលករភូមា២នាក់ និងថៃ៤នាក់ បន្ថែមទៀត។ នេះបើតាមកាសែតក្នុងស្រុកថៃ បាងកកប៉ុស្ត៍ ចេញផ្សាយនៅថ្ងៃចន្ទ នេះ។

លោក លឹង សុផុន មន្ត្រីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(Central) បានថ្លែងពីខេត្តឈុនបុរី នៃប្រទេសថៃមកថា ពលករខ្មែរទាំងនោះ ត្រូវបានអាជ្ញាធរថៃដាក់នៅកន្លែងមួយ ដើម្បីព្យាបាលពួកគេ ដោយផ្អែកលើគោលការណ៍ថ្មីរបស់រដ្ឋាភិបាលថៃ។ លោកបានបញ្ជាក់បន្ថែមដែរថា មួយរយៈពេលនេះ ពលករខ្មែរមួយចំនួននៅតែបន្តលួចឆ្លងដែនមកកម្ពុជាវិញជារឿយៗ ខណៈថៃកំពុងរឹតបន្តឹងច្បាប់ប្រទេសរបស់គេ។ តាមលោក លឹង សុផុន ពលករខ្មែរមួយចំនួនព្យាយាមទាក់ទងមេខ្យល់ និងរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីអាចចូលមកកម្ពុជាវិញ។

នៅចំពោះមុខបញ្ហាលំហូរពលករចូលមកកម្ពុជាវិញនេះ លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃនេះដែរថា លំហូរពលករខ្មែរចូលមកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិអូស្មាច់ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយមួយរយៈនេះ ក្នុងមួយថ្ងៃមានពលករខ្មែរប្រមាណពី៣០០ទៅ៤០០នាក់ចូលមកកម្ពុជាវិញជាប្រចាំ ខុសពីមួយរយៈមុន ដែលមានពលករ ប្រមាណ១០០នាក់ចូលមកក្នុង១ថ្ងៃ។ ជាការកត់សម្គាល់លោកថា លំហូរនៃពលករខ្មែរ មានការកើនឡើងនេះ ក៏ដោយសារតែកៀកនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងធ្វើឡើងនៅពាក់កណ្តាលខែមេសាខាងមុខនេះ។ ហេតុនេះទើបពលករខ្មែរសម្រុកមកវិញ ដើម្បីជួបជុំក្រុមគ្រួសារ។ បើតាមលោក ឌី រ៉ាដូ អាជ្ញាធរនៅតែបន្តប្រុងជើងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅទន្ទឹមនឹងលំហូរពលករកំពុងមានការកើនឡើង ដោយពលករទាំងអស់ត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ក ពេលមកដល់កម្ពុជាវិញ ហើយអាជ្ញាធរខេត្តក៏ត្រៀមទីតាំងពហុកីឡាដ្ឋានខេត្តសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ក្នុងលក្ខខ័ណ្ឌ ដែលលំហូរពលករខ្មែរសម្រុកមកកម្ពុជាកាន់តែច្រើន នៅអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខ៕

website_news/2021250303.txt · Last modified: 2021/03/25 12:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki