website_news:2021250304

ការនាំពលករលួចឆ្លងដែនទៅថៃ ពីសំណាក់ពួកមេខ្យល់ តាមច្រកខេត្តប៉ៃលិននៅតែមាន

https://news.btv.com.kh/ 03/24/2021 07:03 PM

ប៉ៃលិន៖ ទោះបីរាជរដ្ឋាភិបាលបានខិតខំទប់ស្កាត់ និងធ្លាប់មានការដាក់ទោសទណ្ឌ ចំពោះមន្ត្រី លួចដោះលែងពួកមេខ្យល់ដោយចិត្តឯង ពាក់ព័ន្ធការនាំពលករលួចឆ្លងដែន អំឡុងនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ តែរហូតមកដល់ពេលនេះ សកម្មភាពនាំពលករលួចឆ្លងដោយខុសច្បាប់នេះ តាមច្រករបៀងនានា ស្ថិតក្នុងភូមិសាស្ត្រខេត្តប៉ៃលិន នៅតែបន្តកើតមាន។ ដោយសកម្មភាពនាំពលករលួចឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃនោះ ភាគច្រើនធ្វើឡើងនៅពេលយប់ជ្រៅ ស្ថិតក្នុងភូមិសាស្ត្រឃុំស្ទឹចកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណៈក៏មានការបើកដៃពីមន្ត្រីមូលដ្ឋាន ។

យោងតាមប្រភពច្បាស់ការមួយ បានឲ្យដឹងថា ការនាំពលករលួចឆ្លងដែននោះ ពួកមេខ្យល់បានប្រមូលពលករពីបណ្ដាខេត្តផ្សេងៗ ទៅលាក់ខ្លួននៅផ្ទះមេខ្យល់ ហើយយប់ឡើងទើបនាំលួចឆ្លងដែន។ ប្រភពបន្តថា ចំពោះការចាប់ខ្លួនពួកមេខ្យល់អំឡុង នៃវិបត្តិជំងឺកូវីដ១៩ កន្លងមកចាប់បាន២ទៅ៣នាក់រួចហើយ ដោយបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ប៉ុន្តែមានករណីកាលពីយប់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ លោក មាឃ សារ៉ន អធិការស្រុកសាលាក្រៅ ដឹកនាំប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ ឃាត់ខ្លួនមនុស្សចំនួន៧នាក់ បម្រុងលួចឆ្លងដែន នៅចំណុចក្រោយទ្រុងជ្រូកចាស់ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់។ ប្រភពបន្ថែមថា បន្ទាប់ពីឃាត់ខ្លួនបានហើយនោះ លោកអធិការស្រុកបានធ្វើការណែនាំអប់រំដល់ពលករទាំងអស់នោះ និងធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញ មិនបានធ្វើចត្តាឡីស័កនោះទេ ប៉ុន្តែក្នុងចំណោមទាំង៧នាក់នេះ មានម្នាក់ជាមេខ្យល់ គឺលោក មាឃ សារ៉ន អធិការស្រុកសាលាក្រៅ និងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ មិនអនុវត្តតាមច្បាប់លើមេខ្យល់នោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះ បើតាមលោក ស៊ឹម សុផល មេប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ បានឲ្យដឹងថា កន្លងមកតែងមានសកម្មភាពការនាំពលករលួចឆ្លងដែន ហើយកម្លាំងការពារព្រំដែន គឺបានឃាត់ខ្លួនជាបន្តបន្ទាប់ រួមទាំងធ្វើការអប់រំណែនាំ ហើយធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញ ។ លោកបានបញ្ជាក់ថា ជាមួយការឃាត់ខ្លួនពលករនេះ ក៏ចាប់បានពួកមេខ្យល់បញ្ជូនទៅតុលាការផងដែរ ហើយចំពោះករណីកាលពីយប់ថ្ងៃទី២០ ខែមិនានោះ មានការឃាត់ខ្លួនពលករធ្វើកិច្ចសន្យាឲ្យពួកគេទៅផ្ទះពិតមែន ប៉ុន្តែសូមច្រានចោលការចោទថា បានដោះលែងមេខ្យល់ គឺមិនមាននោះទេ៕ អត្ថបទ៖ យន់ វ៉ាន់

website_news/2021250304.txt · Last modified: 2021/03/25 12:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki