website_news:2021250501

សម្ដេចតេជោ បញ្ជាឱ្យអាជ្ញាធរលុបបំបាត់ ការជួញដូរមនុស្ស និងរូបភាពអាសអាភាសកុមារ តាមប្រព័ន្ធអនឡាញ

https://dap-news.com/national/ By KD102 Posted on May 24, 2021

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រួសារ និងសហគមន៍ ត្រូវលើកកម្ពស់ បង្ការទប់ស្កាត់ លុបបំបាត់ការជួញដូរមនុស្ស និងរូបភាពអាសអាភាសកុមារ តាមប្រព័ន្ធអនឡាញ ដើម្បីធានាសុវត្ថិភាព ស្របតាមគោលការណ៍ ឧត្តមប្រយោជន៍ របស់កុមារ។

តាមរយៈសារលិខិតរបស់ រាជរដ្ឋាភិបាល ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្ដរជាតិ ១ មិថុនា ខួបលើកទី២០ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១ ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា រាជរដ្ឋាភិបាល បន្ដប្ដេជ្ញាចិត្ត លើកកម្ពស់ការគោរពសិទ្ធិកុមារ និងផ្ដល់កិច្ចការពារយ៉ាងពេញទំហឹ ងនៅគ្រប់ស្ថានភាព ដោយបានបង្កើតនូវ យន្ដការជាច្រើន ក្នុងការគ្រប់គ្រង និងផ្ដល់សេវាដល់មុខសញ្ញាកុមារ ទូទៅ កុមារ ងាយរងគ្រោះនិងកុមាររងគ្រោះ។ សម្ដេចតេជោ បន្ដថា តែទោះបីជាមានការខិតខំប្រឹងប្រែង យ៉ាងនេះហើយក៏ដោយ ក៏នៅមានកុមារមួយចំនួន កំពុងរស់នៅ ក្នុងស្ថានភាពងាយរងគ្រោះ និងរងគ្រោះ ព្រោះតែឪពុកម្ដាយ ឬអាណាព្យាបាល ធ្វើទេសន្តរប្រវេសន៍ និងបោះបង់ចោលរយៈពេលយូរ និងជាពិសេស ក្នុងការរស់នៅក្នុង ស្ថានភាពនៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលត្រូវការការគាំទ្រ និងអន្ដរាមន៍ ជាចាំបាច់ ដោយជំរុញ ការអនុវត្ត នូវគោលនយោបាយ និងបទដ្ឋាននានា ដែលផ្ដោតលើកិច្ចការពារ និងការគោរពសិទ្ធ មូលដ្ឋានរបស់កុមារ ក្នុងគោលដៅការពារ ឧត្តមប្រយោជន៍ របស់កុមារ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមស្នើដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ទាំងអស់ បន្ដពង្រឹងយន្ដការ សម្របសម្រួល ក្នុងការបង្ការទប់ស្កាត់ អន្ដរាគមន៍ និងការឆ្លើយតប លើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្ដល់សេវាយុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាព រវាងកុមារា និងកុមារី ព្រមទាំង បង្កើនឱកាស ស្មើភាពគ្នា ក្នុងកម្លាំងចលករ សង្គម សម្រាប់ជីវភាព សាធារណៈ ជីវភាពនយោបាយ សកម្មភាព សង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត។ សម្ដេចតេជោ បញ្ជាក់ថា «អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ ត្រូវចូលរួមលើកកម្ពស់ការបង្ការ ទប់ស្កាត់ លុបបំបាត់ ការជួញដូរមនុស្ស និងរូបភាព អាសអាភាសកុមារ តាមរយៈក្នុងប្រព័ន្ធអនឡាញ និងក្រៅប្រព័ន្ធអន ឡាញក្នុងសហគមន៍ ដើម្បីធានាសុវត្ថិភាព ស្របតាមគោលការណ៍ ឧត្តមប្រយោជន៍របស់កុមារ»។ ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថាគ្រប់ក្រសួង-ស្ថាប័ន ព្រមទាំង អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនសិទ្ធិអំណាចដល់កុមារ ជាពិសេស កុមារី និងសហគមន៍ ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរ សំខាន់ៗ ដែលអាចដោះស្រាយ ឬសគល់នៃការរើសអើង ការផាត់ចេញពីសង្គម និងភាពរងគ្រោះ និងងាយរងគ្រោះរបស់កុមារ (កុមារី កុមារ ជាជនជាតិដើមភាគតិច កុមារ មានពិការភាព)៕

website_news/2021250501.txt · Last modified: 2021/05/26 11:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki