website_news:2021250504

សមត្ថកិច្ចកំពុងសាកសួរមេខ្យល់ ២ នាក់ ពាក់ព័ន្ធករណីនាំពលករ ១៧ នាក់ បម្រុងឆ្លងដែន

https://www.postkhmer.com/ គឹម សារុំ | Publication date 23 May 2021 | 18:24 ICT

បន្ទាយមានជ័យ៖ សមត្ថកិច្ចកំពុងសាកសួរបុរសជាមេខ្យល់ ២ នាក់ ខណៈពលករប្រុសស្រី ១៧ នាក់ផ្សេងទៀត ត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័ក បន្ទាប់ឃាត់ខ្លួនកាលពីយប់ថ្ងៃទី ២២ ឧសភា នៅភូមិជោគជ័យ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅពេលបម្រុងនាំគ្នាឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ប្រាប់នៅរសៀលថ្ងៃទី ២៣ ឧសភាថា មេខ្យល់ទាំង ២ នាក់ នោះ ទី១- ឈ្មោះ ពៅ បូរី អាយុ ៤១ ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ និងទី២- ឈ្មោះ ម៉ៅ ដែន អាយុ ២៦ ឆ្នាំ រស់នៅភូមិបឹងប្រាសាទ ឃុំអូរ ៣ ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោកថ្លែងថា៖ «បុរសមេខ្យល់ទាំង ២ នាក់នេះ កំពុងត្រូវមន្ត្រីជំនាញសាកសួរ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ហើយ»។

ដោយឡែក លោក ម៉ាន់ ធី អធិការរងស្រុកអូរជ្រៅ និងជាសមាជិកគណៈកម្មការទប់ស្កាត់ពលករឆ្លងដែនឱ្យដឹងនៅរសៀលថ្ងៃទី ២៣ ឧសភាថា កាលពីយប់ថ្ងៃទី ២២ ឧសភា ខណៈកម្លាំងសមត្ថកិច្ចចម្រុះប្រចាំការនៅចំណុចគោលដៅស្ថិតនៅភូមិជោគជ័យឃុំអូរ ៣ ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឃើញមនុស្ស ១ ក្រុម បាននាំគ្នាលួចដើរឆ្លងកាត់គោលដៅរបស់សមត្ថកិច្ចបម្រុងឆ្លងដែនចូលទៅប្រទេសថៃ។ នៅពេលនោះកម្លាំងសមត្ថកិច្ចបានស្ទាក់ចាប់បានមនុស្សប្រុសស្រីរួមទាំងក្មេងតូចម្នាក់សរុប ១៧ នាក់ និងមានបុរស ២ នាក់ ជាមេខ្យល់ផង។

លោកបន្តថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានរាប់ចំនួនឃើញមានមនុស្សស្រីចំនួន ៨ នាក់ (រាប់ទាំងក្មេងស្រីតូចម្នាក់ផង) និងប្រុស ១១ នាក់ ក្នុងនោះមានទាំងមេខ្យល់ ២ នាក់ផង។ លោកប្រាប់ថា៖ «ចំពោះពលករទាំង ១៧ នាក់ គឺសមត្ថកិច្ចចម្រុះយើងបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅស្រុកអូរជ្រៅហើយ។ ពលករយើងមិនបានចាប់ពួកគាត់បញ្ជូនទៅតុលាការទេ ព្រោះពួកគាត់ចាញ់បោកគេដែរ»។

ពាក់ព័ន្ធនឹងចំនួនពលករសរុប ដែលលួចឆ្លងដែនខុសច្បាប់ និងចំនួនមេខ្យល់ ដែលត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ ភ្នំពេញប៉ុស្ដិ៍មិនអាចទាក់ទងលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការត្រួតពិនិត្យពលករឆ្លងដែនខុសច្បាប់បានទេ នៅរសៀលថ្ងៃទី ២៣ ឧសភា ដោយសារទូរស័ព្ទលោកស្រីគ្មានអ្នកទទួល៕

website_news/2021250504.txt · Last modified: 2021/05/26 11:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki