website_news:2021250801

ពលករចំនួន៧នាក់ រួមនឹងមេខ្យល់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ជាប់នៅក្បែរអូរព្រំដែន

https://www.kampucheathmey.com/ ថ្ងៃចន្ទ ២៣ សីហា ២០២១ដោយ Kang Tola

បាត់ដំបង ៖ មេខ្យល់ម្នាក់ត្រូវបានកម្លាំងវរការពារព្រំដែនឃាត់ខ្លួន ខណៈមេខ្យល់រូបនេះកំពុងនាំពលករខ្មែរបម្រុងឆ្លងដែនចូលទៅក្នុងទឹកដីថៃ។ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១ និង ៣០ នាទីថ្ងៃត្រង់ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក៨១៧ប្រចាំប៉ុស្តិ៍ព្រំដែនគីឡូ១៣ បានសហការទប់ស្កាត់ពលករខ្មែរបំរុងឆ្លងដែនចូលទឹកដីថៃ តាមបន្ទាត់ព្រំដែន ក្រោមការដឹកនាំពីលោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៨១៧ បានដាក់បទបញ្ជាដល់កម្លាំងសហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន និង កម្លាំងយោធាវរសេនាតូច៥៣៣ បានធ្វើសកម្មភាពទប់ស្កាត់ពលករខ្មែរបំរុងលួចឆ្លងដែនចូលទឹកដីថៃ។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះគឺមានពលករខ្មែរចំនួន០៧នាក់ ក្នុងនោះស្រី០៤នាក់ និងឃាត់មុខសញ្ញានាំមនុស្សឆ្លងដែនដែន(មេខ្យល់)ចំនួន០១នាក់ ឈ្មោះ យឹម-ជឿន ភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅ ក្រុមទី០១ភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា បន្ទាប់ពីកម្លាំងបានសាកសួរ និងធ្វើការអប់រំណែនាំរួច កម្លាំងបានប្រគល់ពលករខ្មែរទាំងអស់រួមទាំងមេខ្យល់ឲ្យទៅកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីចាត់ការតាមនីតិវិធីបន្ត ដើម្បីបញ្ជូនខ្លួនមេខ្យល់ទៅកាន់តុលាការ៕អត្ថបទ ៖ សោ និយមរ័ត្ន

website_news/2021250801.txt · Last modified: 2021/08/25 11:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki