website_news:2021250804

ពលករខ្មែរជាច្រើននាក់បន្តត្រឡប់ទៅកម្ពុជាវិញដោយសារខ្លាចឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃ

https://www.rfa.org/khmer/ ដោយ ជាតិ ចំណាន2021-08-23

ពលករខ្មែរធ្វើការនៅប្រទេសថៃជាច្រើននាក់ នៅតែបន្តធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញ ដោយសារពួកគាត់ព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ គ្មានគ្រូពេទ្យព្យាបាលជំងឺ។ មន្ត្រីសង្គមស៊ីវិលយល់ថា រឿងនេះអាជ្ញាធរខ្មែរ គួរតែរៀបចំឱ្យពលករធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងដើម្បីឱ្យពួកគាត់ឆាប់បានត្រឡប់ទៅស្រុកកំណើតវិញ។ ពលករខ្មែរប្រមាណពី ២០០ ទៅ ៣០០ នាក់ ក្នុងមួយថ្ងៃបានប្រថុយប្រថានឆ្លងដែនត្រឡប់មកកម្ពុជាវិញតាមច្រកទ្វារព្រំដែនក្នុងខេត្តបន្ទាយមានជ័យជាបន្តបន្ទាប់។

ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកការពារព្រំដែនលោក អ៊ុំ សុផល ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ ខែសីហាថា ពលករទាំងនោះភាគច្រើនជិះឡានឈ្នួលដោយខ្លួនឯង ចូលមកតាមច្រករបៀងព្រំដែនបឹងត្រកួនក្នុងស្រុកស្វាយចេក ច្រកទ្វារព្រំដែនអូរបីជាន់ស្រុកអូរជ្រៅ និងច្រករបៀងព្រំដែនក្នុងស្រុកម៉ាឡៃ។ លោកបន្ថែមថា នៅថ្ងៃទី២២ ខែសីហា មានពលករខ្មែរជាង ២០០ នាក់បានត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជាវិញតាមច្រកទ្វារព្រំដែនខេត្តបន្ទាយមានជ័យ។ លោកបញ្ជាក់ថា ភ្លាមៗក្រោយពេលពលករមកដល់ព្រំដែនអាជ្ញាធរខ្មែរបានត្រួតពិនិត្យសុខភាពរបស់ពួកគាត់ជាមុនសិន ទើបបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កនៅទីរួមខេត្តបន្ទាយមានជ័យ និងនៅស្រុកជាប់ព្រំដែនថៃ៖ «មកដល់ភ្លាមយើងយកសំណាកភ្លាម តែយកឡានទាហានបញ្ជូនទៅមណ្ឌលចត្តាឡីស័កភ្លាមអត់ទុកទេ។ ប្រចាំការ២៤ម៉ោង តើមកដល់យើងកកស្ទះតែយប់ទេ យើងអត់បានបញ្ជូនដោយសារតែយប់ពេក បើព្រលឹមឡើង យើងចាប់បញ្ជូនហ្មង។ គាត់មកប៉ះប៉ូលិសថៃ ថៃបញ្ជូនមកថែមបណ្ដោយអាហ្នឹងបើថៃចាប់បានគាត់បញ្ជូនមកផ្លូវត្រង់ តាមច្រកអន្តរជាតិប៉ោយប៉ែត គាត់ដូចមកខ្លួនឯងអីចឹង គាត់មកហើយថៃគេចាប់ហើយបញ្ជូនមកភ្លាមអត់ទុកទេ»។

ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា យល់ថា ស្ថានភាពបែបនេះ អាជ្ញាធរគួរតែរៀបចំកន្លែងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវជូនដល់ពលករ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ផង និងដើម្បីសម្រួលឱ្យពួកគេឆាប់បានត្រឡប់ទៅស្រុកកំណើតវិញផង។ លោកប្រាប់ថា កន្លងមកមានពលករជាច្រើននាក់ហើយដែលបានជាប់គាំងនៅក្នុងមណ្ឌលចត្តាឡីស័កជាង ២ខែ មិនទាន់បានចេញទៅផ្ទះវិញ។ លោកបញ្ជាក់ថា ការដែលអាជ្ញាធរធ្វើបែបនេះបានប៉ះពាល់ដល់ការរកប្រាក់ចំណូលរបស់ពលរដ្ឋ ហើយធ្វើឱ្យខាតបង់ថវិកាជាតិ ដែលបានផ្ដល់ស្បៀងអាហារជូនដល់អ្នកធ្វើចត្តាឡីស័ក៖ «ព្រោះដោយសារតែកន្លងមកយើងឃើញកន្លែងចត្តាឡីស័កហ្នឹងបន្ទប់ទឹកក៏រួមគ្នា បន្ទប់អនាម័យក៏រួមគ្នា ដូច្នេះហើយមិនអាចជៀសផុតពីការឆ្លងការអីបានទេ។ អីចឹងអាជ្ញាធរគួរតែយកចិត្តទុកដាក់ ទាំងអស់ហ្នឹង។ ទី២បើសិនតែពួកគាត់ដល់ថ្ងៃដល់ពេលវេលាហើយ ត្រូវឱ្យពួកគាត់ចាកចេញ ដែលអាចជួយដល់ធ្វើឱ្យជីវភាពរបស់គាត់ហ្នឹងប្រសើរដែរ ព្រោះគាត់នៅពេលត្រឡប់ទៅផ្ទះវិញ គាត់ធ្វើអ្វីបន្ថែមទៀតបាន ដើម្បីចិញ្ចឹមគ្រួសារ»។ ជាមួយគ្នានេះ ពលករខ្មែរជាច្រើននាក់ផ្សេងទៀត កំពុងកាន់ឥវ៉ាន់សំពីងសំពោងនាំគ្នាអង្គុយរង់ចាំជិះឡានឈ្នួលនៅទីក្រុងបាងកក ដើម្បីធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញ។ ពលករខ្មែរម្នាក់ធ្វើការសំណង់នៅកណ្ដាលទីក្រុងបាងកកលោកស្រី ហ៊ុម រ៉ាន់ ថ្លែងថា លោកស្រីនិងពលករខ្មែរប្រមាណ ៧០ នាក់ ត្រៀមចេញពីទីក្រុងបាងកកនៅយប់ថ្ងៃទី២២ ខែសីហា ដើម្បីទៅឱ្យដល់ព្រំដែនកម្ពុជានៅពេលព្រឹក។ ស្ត្រីវ័យ ៤៥ ឆ្នាំរូបនេះបន្តថា ពួកលោកស្រីមិនអាចទ្រាំរស់នៅប្រទេសថៃបន្តទៅទៀតបាន ព្រោះគ្មានប្រាក់ទិញស្បៀងអាហារហូបចុក និងគ្មានប្រាក់ព្យាបាលជំងឺ៖ «ជាប់កូវីដទៅងាកឈប់វាអត់មានការងារធ្វើអីចឹងទៅក៏ទៅផ្ទះ។ កន្លែងខ្ញុំធ្វើការសម្រាកជាង១ខែហើយ ដល់ពេលជាប់កូវីដក៏គេឈប់តទៅទៀត អត់មានការងារធ្វើរាប់ខែអីចឹងនៅបានអីហូបហើយចេះតែនាំគ្នាទៅផ្ទះទៅ។ ដូចខ្ញុំអីវាអស់ប្រាក់អស់អីហើយ មិនដឹងមានអីរស់ទេ នៅអត់លុយចាយច្រើនខែពេកហើយសុខចិត្តទៅផ្ទះមួយរយៈសិន»។

ពលករខ្មែរជាច្រើននាក់ បាននាំគ្នាត្រឡប់ទៅកម្ពុជាវិញជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១៣ ខែសីហា ដែលអាជ្ញាធរខ្មែរបើកច្រកទ្វារព្រំដែនជាប់ជាមួយប្រទេសថៃ។ ការដែលពលករធ្វើមាតុភូមិនិវត្តន៍នេះ ដោយសារពួកគេមិនអាចទ្រាំរស់នៅទីនោះបន្តទៅទៀតបាន ព្រោះអត់ការងារធ្វើ និងព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតខ្លាំងនៅប្រទេសថៃ។ រហូតមកទល់ពេលនេះមានពលករខ្មែររាប់ពាន់នាក់ហើយបានត្រឡប់ទៅប្រទេសវិញ។ ក្នុងនោះមានពលករមួយចំនួនត្រូវបានអាជ្ញាធរខ្មែរបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល ២១ ថ្ងៃ និងពលករដែលគ្រូពេទ្យរកឃើញជំងឺកូវីដ១៩ បញ្ជូនទៅមណ្ឌលព្យាបាលជំងឺកូវីដនៅខេត្តជាប់ព្រំដែនប្រទេសថៃ រហូតដល់ជាសះស្បើយទើបអាជ្ញាធរអនុញ្ញាតឱ្យពួកគេត្រឡប់ទៅស្រុកកំណើតវិញ៕

website_news/2021250804.txt · Last modified: 2021/08/25 11:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki