website_news:2021250807

ពលករខ្មែរបានសម្រុកមកកម្ពុជាវិញ ខណៈដែលប្រទេសវៀតណាម កំពុងរីករាលដាលជំងឺកូវីដ ១៩

https://www.postkhmer.com/ ឡាយ សាមាន | Publication date 24 August 2021 | 14:13 ICT

ស្វាយរៀងៈ ពលករខ្មែរដែលធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសវៀតណាម ចំនួន ៥០ នាក់ បានសម្រុកមកកម្ពុជាវិញ ខណៈដែលប្រទេសវៀតណាម កំពុងជួបបញ្ហារីករាលដាលនៃជំងឺកូវីដ ១៩ នៅទីក្រុងហូជីមីញ និងបានបិទខ្ទប់តំបន់មួយចំនួន។

អភិបាលរងខេត្តស្វាយរៀង លោក រស់ ផារិទ្ធ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៤ សីហាថា តាមគម្រោងពលករខ្មែរ ចំនួន ៦៤ នាក់ បានស្នើសុំឯកសារពីអគ្គកុងស៊ុលខ្មែរ នៅវៀតណាម ត្រឡប់មកស្រុកកំណើតវិញ ប៉ុន្តែមានតែពលករ ៥០ នាក់ប៉ុណ្ណោះ ដែលចូលមកដល់កម្ពុជា ក្រៅពីនោះ នៅជាប់បម្រាមបិទខ្ទប់ ក្នុងប្រទេសវៀតណាម។

លោកថា៖ «គាត់មកតាមច្រកបាវិត កាលពីថ្ងៃទី ២២ ខែសីហា តែគាត់មកអត់បានទាំងអស់ទេ គឺមកបានតែ ៥០ នាក់។ ប៉ុន្មាននាក់ទៀត ចេញមកអត់ទាន់ នៅជាប់បម្រាមគោចរ នៅវៀតណាម ព្រោះក្រុងហូជីមីញគេបិទខ្ទប់»។ លោកបានឱ្យដឹងថា ក្នុងចំណោម ៥០ នាក់ ដែលមកដល់កម្ពុជា ក្នុងនោះពលករចំនួន៣នាក់ មានវិជ្ជមានកូវីដ ១៩ ដែលតម្រូវឱ្យបញ្ជូនទៅព្យាបាល ខណៈអ្នកអវិជ្ជមានបញ្ជូនទៅធ្វើចត្តាឡីស័ក។ បើតាមលោក រស់ ផារិទ្ធ ៖«ពលករខ្មែរទាំងនោះ អ្នកខ្លះកត់ឆ្នោត លក់ ឆ្នោត នៅវៀតណាម ហើយដោយសារក្រុងហូជីមីញ បិទខ្ទប់ កំពុងតែផ្ទុះការឆ្លងខ្លាំង អ៊ីចឹងគាត់មិនអាចនៅបានទេ ព្រោះអត់មានអីធ្វើ ចឹងគាត់បានសុំការអនុញ្ញាតពីអគ្គកុងស៊ុលកម្ពុជានៅហូជីមិញ ដើម្បីធ្វើលិខិតផ្លូវការបញ្ជូនគាត់មកវិញ»៕

website_news/2021250807.txt · Last modified: 2021/08/25 11:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki