website_news:2021250808

ឃាត់ខ្លួនពលករខ្មែរ ១៤នាក់ ដែលត្រៀមឆ្លងដែនចូលមកកម្ពុជាវិញ

https://www.kampucheathmey.com/ ថ្ងៃអង្គារ ២៤ សីហា ២០២១ដោយ Sorn Phanith

ពលករខ្មែរចំនួន ១៤ នាក់ ដែលក្នុងនោះមានទាំងក្មេងតូចៗចំនួន៥នាក់ផងនោះ ត្រូវបានកម្លាំងយោធាឈុតខ្មៅថៃ ធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន ខណៈដែលពួកគេកំពុងនាំគ្នាដើរកាត់តាមចម្ការអំពៅបម្រុងឆ្លងដែនចូលមកកម្ពុជាវិញ។ ការឃាត់ខ្លួនរបស់កម្លាំងកងរងលេខ ១២០៥ នេះគឺបានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចនៅទិសខាងជើងផ្សាររោងក្លឿ និងមានចម្ងាយពីអូរព្រំដែនប្រមាណ ៣០ ម៉ែត្រប៉ុណ្ណោះ ស្ថិតក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។ ពលករដែលត្រូវទាហានថៃឃាត់ខ្លួនមានចំនួន ១៤ នាក់ ក្នុងនោះមានមនុស្សប្រុស ៥ នាក់ ស្រី ៤ នាក់ ក្មេងប្រុស ៤ នាក់ និងក្មេងស្រី ១ នាក់ ដោយពួកគេកំពុងនាំគ្នាដើរកាត់តាមចម្ការអំពៅក្បែព្រំដែនដើម្បីរកច្រកចេញ ដោយខ្លះពកូនតូច ខ្លះទៀតដឹកដៃក្មេងៗផងដែរ។

ក្រោយពេលឃាត់ខ្លួនពួកគេបានសារភាពថា ពួកគេគឺជាកម្មករបោកគក់ស្បែកជើងជជុះ នៅក្នុងផ្សារឥណ្ឌូ ចិន ដែលជាផ្នែកមួយរបស់ផ្សាររោងក្លឿ ដោយពេលនេះក្រោយពីផ្សារត្រូវបានបិទខ្ទប់មួយរយ:រួចមក និងដោយ សារពួកគេដេកចាយលុយអស់ផងនោះ ទើបសម្រេចចិត្តនាំគ្នាវិលត្រឡប់ទៅមាតុភូមិរបស់ខ្លួនវិញ ។ កម្លាំងយោធាថៃ ក្រោយពីបានពិនិត្យទៅលើកម្ដៅម្នាក់ៗរួចមក ក៏បានប្រគល់ទៅឲ្យកម្លាំងតម្រួតការពារព្រំដែនលេខ៣៨ ដើម្បីសាកសួរបន្ត និងត្រៀមប្រគល់ទៅឲ្យភាគីកម្ពុជាវិញតាមច្រកអូរបីជាន់ ក្នុងការឃុំខ្លួនធ្វើចត្តាឡីស័កនៅលើទឹកដី កម្ពុជា៕ អត្ថបទ៖ សោ និយមរ័ត្ន

website_news/2021250808.txt · Last modified: 2021/08/25 11:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki