website_news:2021251004

សមត្ថកិច្ចថៃ ឃាត់ខ្លួនមេខ្យល់ជាជនជាតិថៃ ៦នាក់ ដែលដឹកពលករខ្មែរឆ្លងដែនដោយខុសច្បាប់ នៅស្រុកអារញ្ញ ខេត្តស្រះកែវ

https://khmernote.com.kh/ October 22, 2021 srey nuch

ខេត្តបន្ទាយមានជ័យ៖ តាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ ដោយយោងតាមសេចក្ដីរាយការណ៍ពីប្រទេសថៃបានឲ្យដឹងថា នៅវេលាម៉ោង១១និង១៥នាទី ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ កម្លាំងស្រាវជ្រាវរបស់ស្នងការនគរបាលខេត្តស្រះកែវ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកអារញ្ញ និងអង្គភាពពាក់ពន្ធ័ បានឃាត់ខ្លួនបណ្ដាញលួចដឹកជញ្ជូនពលករខុសច្បាប់ជនជាតិខ្មែរ ដែលចូលមកក្នុងប្រទេសថៃសរុបចំនួន ៦០នាក់ រួមមាន៖

មេខ្យល់ជនជាតិថៃ ៦នាក់ ពលករខ្មែរ ៥៤នាក់ ក្នុងនោះប្រុស ២៩នាក់ ស្រី១៨នាក់ និងក្មេង៧នាក់ នៅលើថ្នល់បាយផាសអារញ្ញ ឆ្ពោះទៅទីរួមខេត្តស្រះកែវ ស្ថិតក្នុងឃុំបានដាន ស្រុកអារញ្ញ ខេត្តស្រះកែវ។ បញ្ជូនទៅសួរនាំបន្ថែម នៅអធិការដ្ឋាននគរបាលស្រុកអារញ្ញ។ សមត្ថកិច្ចថៃបានឲ្យដឹងថា ជំហ៊ានដំបូងសម្រាប់ពលករខ្មែរ បានប្រាប់សមត្ថកិច្ចថា ពួកគេបានចំណាយលុយឲ្យជនជាតិខ្មែរចាត់ការឲ្យក្នុងម្នាក់១,០០០បាត មិនរួមបញ្ចូលថ្លៃធ្វើដំណើរផ្សេងៗនៅខាងថៃទេ។ ក្នុងនោះបានបំបែកសំណុំរឿងទៅក្រុមមេខ្យល់នាំពលករខ្មែរ និងបានប្រកាសពីទោសទណ្ឌសម្រាប់ពលករខ្មែរ ដែលប្រព្រឹត្តបទល្មើសលួចឆ្លងចូលប្រទេសដោយខុសច្បាប់ផងដែរ។ បន្ទាប់ពីធ្វើត្រួតពិនិត្យដោយអនុវត្តតាមវិធានរបស់ផ្នែកសុខាភិបាលនោះរួចមក ពលរដ្ឋទាំងនោះបានឲ្យត្រឡប់ទៅប្រទេសវិញ ដោយឲ្យខាងនគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវ និងខាងទាហានជាអ្នកដំណើរការ។

ជាមួយគ្នានោះដែរពលករខ្មែរម្នាក់បានប្រាប់សមត្ថកិច្ចថៃថា ៖ ពួកគេប្រើវិធីដើរថ្មើជើងពីខាងកម្ពុជា តាំងពីម៉ោងប្រមាណ១១ យប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដើម្បីឆ្លងដែនតាមច្រករបៀងមកប្រទេសថៃ មករង់ចាំរថយន្តចូលមកទទួល និងដឹកទៅតែត្រូវសមត្ថកិច្ចចាប់បានមុន ដោយពួកគេមានបំណងទៅធ្វើការសំណង់នៅក្រុងបាងកក ហើយក្នុងនោះដែរពលករខ្មែរភាគច្រើនបានអះអាងថា ពួកគាត់បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ហើយ ព្រមទាំងយកឯកសារចាក់វ៉ាក់សាំង និងលើកបង្ហាញសមត្ថកិច្ចថៃទៀតផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ ក្រោយពីសមត្ថកិច្ចថៃសួរនាំ និងធ្វើកំណត់ហេតុរួចរាល់ក៏បានបញ្ជូនទៅឲ្យជំនាញស្រុកអារញ្ញ ដើម្បីចាត់វិធានការបន្ត ។ ចំណែកមេខ្សល់ជាជនជាតិថៃទាំង៦នាក់ សមត្ថកិច្ចនិងរៀបចំសំណុំរឿងតាមនិតិវិធី៕

website_news/2021251004.txt · Last modified: 2021/10/25 09:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki