website_news:2021251005

ចាប់ខ្លួនស្ត្រីជនជាតិចិន៣នាក់ បញ្ជូនទៅតុលាការពាក់ពន្ធករណីនាំទា.រកបម្រុងជិះយន្តហោះឆ្លងដែនខុសច្បាប់

https://kohsantepheapdaily.com.kh/ ភ្នំពេញ២៣ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ១៦:៣៩

រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិចិន៣នាក់ កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នេះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីនាំទា.រកឆ្លងដែនខុសច្បាប់ ។ ជនសង្ស័យជាជនជាតិចិន៣ នាក់នោះមាន១.ឈ្មោះ LI BINGRONG ភេទស្រី អាយុ៣៩ ឆ្នាំ ២.ឈ្មោះ WEI QIUCHAN ភេទស្រី អាយុ៥២ ឆ្នាំ និង៣.ឈ្មោះ ZHANG QIAN ភេទស្រី អាយុ២៥ ឆ្នាំ ។ ទាក់ទិននឹងការចាប់ខ្លួនស្ត្រីជនជាតិចិន៣ នាក់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនោះ ប្រភពព័ត៌មានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការសង្ស័យបានធ្វើការឃាត់ខ្លួនស្ត្រីចិន៣ នាក់ ដូចមានឈ្មោះខាងលើ ក្នុងករណីកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង ដែលបីទា.រកអាយុមិនលើសពី១ឆ្នាំ ម្នាក់មួយៗ បម្រុងជិះយន្តហោះឆ្លងដែនទៅកាន់ប្រទេសចិន ។

ក្រោយឃាត់ខ្លួនស្ត្រីចិន៣ នាក់នោះ សមត្ថកិច្ចនគរបាលច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញបានសហការ និងប្រគល់ជនសង្ស័យ៣នាក់ និងទា.រកទាំង៣ ឲ្យទៅសមត្ថកិច្ចជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តនីតិវិធី ។ ដូច្នោះហើយទើបជនសង្ស័យត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សឆ្លងដែន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ ចំណែកទា.រកមាន ភេទប្រុស.ភេទស្រី អាយុមិនលើសពី១ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានប្រគល់ឲ្យទៅក្រសួងសង្គមកិច្ចយកទៅចិញ្ចឹមបីបាច់ថែទាំជាបណ្តោះអាសន្ន ។ សំណុំរឿងបានស្ថិតនៅដៃលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារង(ប្រចាំការ)បើកការស៊ើបសួរ ដែលការសាកសួរនោះនៅមិនទាន់បានបញ្ចប់ទេ តំណាងអយ្យការបានផ្ញើជនសង្ស័យទៅសមត្ថកិច្ចគ្រប់គ្រងវិញ ស្អែកឲ្យនាំមកបន្តនីតិវិធី ៕

website_news/2021251005.txt · Last modified: 2021/10/25 09:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki